អង្គការអន្តរជាតិមួយជំរុញឲ្យអាជ្ញាធរស៊ើបអង្កេតករណីគំរាម​សម្លាប់លោក ជា មុនី

អតីតប្រធាន​សហជីព​សេរី​កម្មករលោក ជា មុនី ​នា​ពេល​កន្លង​មក​

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Front Line Defenders ជំរុញឲ្យ​អាជ្ញាធរ​ស៊ើបអង្កេតឲ្យបានត្រឹមត្រូវលើ​ករណីគំរាមសម្លាប់ និងការធ្វើទុក្ខបុកម្នេញ លើអតីតប្រធាន​សហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា​​ និងជាប្អូនប្រុសបង្កើតរបស់លោក ជា វិជ្ជា ដែលរងការបាញ់សម្លាប់កាលពីឆ្នាំ២០០៤។

អង្គការ Front Line Defenders បានចេញសេចក្ដីថ្លែងការណ៍មួយចុះថ្ងៃទី ១៦ ខែ មករា​ ស្ដីពីការកោះហៅ​ អតីត​​ប្រធានសហជីពសេរីកម្មករគឺលោកជា មុនី ពីសំណាក់តុលាការ និង ការធ្វើទុក្ខបុកម្នេញ គំរាម​​កំហែង​ដល់​អាយុជីវិតនាពេលថ្មីកន្លងទៅ។

ក្នុងសេចក្ដីថ្លែងការណ៍លើកឡើងថា៖« កាលពីថ្ងៃទី១៨ខែធ្នូឆ្នាំ២០១៧ នៅថ្ងៃដែលពាក្យបណ្តឹងប្រឆាំងលោកជា មុនីដាក់ដល់តុលាការនោះ នៅម៉ោង១០យប់កម្លាំងមួយក្រុមសម្រុកចូលផ្ទះលោក ជា មុន្នី ប៉ុន្តែលោក​គេច ខ្លួន​បានមុន។ មន្ត្រីក្រសួងមហាផ្ទៃ និង តុលាការព្រមាន លោក ជា មុន្នី ថានឹងមានវាសនាដូចបងរបស់លោក គឺលោក ជា វិជ្ជា ដែលត្រូវបាញ់សម្លាប់ បើមិនរត់គេចចេញពីប្រទេស។»

លោកជា មុន្នី ដែលជាអតីតប្រធានសហជីពសេរីកម្មករ ត្រូវបាន​អយ្យ​កា​រ​​អមសាលាដំបូង​រាជធានីភ្នំពេញ លោក សៀង សុខ ចេញដីកាកោះចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ ឲ្យចូល​បំភ្លឺ​ក្នុងនាមជនសង្ស័យនៅព្រឹកថ្ងៃទី២២ ខែមករាសប្ដាហ៍ក្រោយ។

លោកជា មុន្នី ត្រូវបានក្រុមសហជីព ដែលគេមើលឃើញថា មានទំនោរគាំទ្ររដ្ឋាភិបាលប្តឹង ដោយចោទ​ពីបទ​ញុះញង់ បន្ទាប់ពីលោក បានធ្វើបទសម្ភាសន៍មួយជាមួយវិទ្យុអាស៊ីសេរីកាលពីចុងឆ្នាំ២០១៧ ដែលសហជីព​ទាំង​នោះ​ថា លោកជា មុន្នី បានអំពាវនាវឲ្យសហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មលើ​រដ្ឋាភិបាល​កម្ពុជា​ក្រោយ​រំលាយបក្សប្រឆាំង៕

 

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ