សហជីពនិងអង្គការសិទ្ធិមនុស្សអន្តរជាតិជាង៣០ស្ថាប័នស្នើឲ្យតុលាការទម្លាក់ចោលការចោទការចោទប្រកាន់លើគណៈកម្មការបុណ្យលោក កែម ឡី ទាំង៣រូបជាបន្ទាន់ ដោយថា ចំណាត់ការកន្លងមកនេះ មិនមានមូលដ្ឋានច្បាប់ត្រឹមត្រូវនោះទេ។
អតីតសមាជិកគណៈកម្មការបុណ្យលោកកែម ឡី រួមមាននាយកប្រតិបត្តិមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ លោក ប៉ា ងួនទៀង នាយកមជ្ឈមណ្ឌលការងារកម្ពុជាហៅកាត់ថា សង់ត្រាល់ លោក មឿន តុលា និងស្ថាបនិកបណ្ដាញសង្ឃឯករាជ្យ ព្រះតេជគុណ ប៊ុត ប៊ុនតិញ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញសម្រេចចោទប្រកាន់ពីបទ «រំលោភសេចក្ដីទុកចិត្ត» កាលពីដើមខែមករានេះ ទៅតាមបណ្ដឹងរបស់ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់។
ក្នុងសេចក្តីថ្លែងការណ៍រួមចុះថ្ងៃទី ១៩ កុម្ភៈ សហជីព និងអង្គការសិទ្ធិមនុស្សចំនួន៣៥ស្ថាប័ន ដែលរួមមានអង្គការសិទ្ធិមនុស្ស Human right Watch សម្ព័ន្ធសិទ្ធិការងារអន្តរជាតិ កម្មករសំណង់ និងឈើអន្តរជាតិ អង្គការសេវាកម្មសាធារណៈអន្តរជាតិជាដើម បានទាមទារឲ្យរដ្ឋាភិបាលកម្ពុជាងាកមកគោរពសិទ្ធិជាមូលដ្ឋាននៃមនុស្ស និងទម្លាក់ចោលបទចោទទៅលើអ្នកទាំងបីជាបន្ទាន់។
អង្គការទាំងនោះលើកឡើងថា តុលាការកម្ពុជាជាស្ថាប័នមួយដែលមិនឯករាជ្យ និងត្រូវបានប្រើប្រាស់តាមការចង់បានរបស់គណបក្សប្រជាជន ហើយការចោទប្រកាន់អ្នកទាំងបីនោះទៀតសោតជាការចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងធ្វើឡើងក្រោមហេតុផលនយោបាយ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន បានច្រានចោលការចោទប្រកាន់ទាំងនេះ និងថាការលើកឡើង គ្រាន់តែការពារក្រុមរបស់ក្រុមខ្លួនតែប៉ុណ្ណោះ។ លោកបញ្ហាក់ថា ការដោះលែង ការចោទប្រកាន់គឺជាសិទ្ធិរបស់តុលាការ ហើយអង្គការទាំងនោះប្រសិនជាមានមូលដ្ឋានផ្លូវច្បាប់ណាដែលអាចបង្ហាញពីកំហុសរបស់តុលាការលើសំណុំរឿងអ្នកទាំងបីនោះអាចដាក់ភស្ភុតាងតតាំងក្តីនៅតុលាការបាន។
លោកថា៖ «ការចោទប្រកាន់របស់គាត់មានចរិតជានយោបាយច្រើនជាង ហើយមិនមានជាលទ្ធភាពបច្ចេកទេស និងការឆ្លើយតបអីសោះក្នុងការឆ្លើយតបនឹងបកស្រាយទៅលើចំណាត់ការរបស់តុលាការ។ យល់ល្អបើគាត់យល់ថាតុលាការមិនផ្អែកលើអង្គហេតុ និងអង្គច្បាប់គ្រប់គ្រាន់ទេ ឲ្យគាត់ដាក់ជាសារណា។ ដាក់ជាឯកសារបង្ហាញទឡ្ហីករណ៍ បង្ហាញភស្ភុតាង និងធ្វើការវិភាគវែកញែកពីទិដ្ឋភាពច្បាប់ ដោយផ្អែកទៅលើទិដ្ឋភាពច្បាប់សុទ្ធសាធហើយធ្វើការ បង្ហាញតទល់គ្នាជាមួយអ្នកច្បាប់ និងតុលាការ»។
ប្រធានផ្នែកស៊ើបអង្កេតនៃសមាគមអាដហុកលោក សឹង សែនករុណា គាំទ្រឲ្យមានការទម្លាក់ចោលការចោទប្រកាន់អ្នកទាំងបីនោះ ដោយថាការចោទប្រកាន់នោះគឺមិនមានភស្ភុតាងជាក់លាក់ទេ។
លោកថា៖ «ដោយហេតុថាបញ្ហាដែលកើតឡើងចំពោះជនរងគ្រោះដែលក្រីក្រ សកម្មជនដែលមានសំឡេងជំទាស់ ជាមួយនឹងការដឹកនាំរបស់រដ្ឋាភិបាលយើងឃើញហើយតែងតែមានការរងគ្រោះដោយសារតែការប្រើប្រាស់ប្រព័ន្ធតុលាការនេះដើម្បីទប់ទល់ជាមួយសំឡេងជំទាស់ទាំងអស់នេះ។ ដូច្នេះហើយយើងមើលឃើញថាការអនុវត្តនីតិរដ្ឋឬការអនុវត្តន៍ច្បាប់នេះ នៅមិនទាន់មានឯករាជ្យអព្យាក្រឹត្យពេញលេញនៅឡើយទេ ពីព្រោះថាយើងឃើញករណីកន្លងមក ជាច្រើនបានឆ្លុះបញ្ចាំងពីបញ្ហានេះ»។
ក្រុមគ្រួសារសពលោក កែម ឡី បានប្រាប់វីអូឌីកាលពីថ្ងៃទី១៩ មករាថា ពួកគេមិនបានប្ដឹងប្រឆាំងនិងបុគ្គលទាំង ៣រូបនេះទេ ហើយក៏បានច្រានចោលបណ្ដឹងដែលផ្ដួចផ្ដើមឡើងដោយលោក ពេជ្រ ស្រស់ ផងដែរ។
ក្រៅពីអះអាងថា បណ្ដឹងរបស់លោក ពេជ្រ ស្រស់ គ្មានមូលដ្ឋានច្បាស់លាស់ហើយនោះ ក្រុមគ្រួសារសពលោក កែម ឡី បានជំរុញទៅតុលាការឲ្យវែកមុខឃាតកពិតប្រាកដ និងអ្នកពាក់ព័ន្ធនៅក្នុងឃាតកម្មលើអ្នកវិភាគរូបនេះ ជាជាងចាត់ការទៅលើអតីតសមាជិកគណៈកម្មការបុណ្យសពទៅវិញ។
មានតែបុរស់ម្នាក់អះអាងថា ជាខ្មាន់កាំភ្លើងឈ្មោះ អឿត អាង ហៅខ្លួនឯងថា ជួប សម្លាប់ តែម្នាក់ប៉ុណ្ណោះ ត្រូវបានចាប់ខ្លួន និងកាត់ទោសឲ្យជាប់គុកអស់មួយជីវិត ចាប់តាំងពីលោក កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ទាំងកណ្ដាលថ្ងៃចែសនៅក្នុងស្តារម៉ាត ស្ថិតក្នុងការ៉ាស់សាំងម្ដុំស្តុបបូកគោ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦៕