ស្ពានអាកាសផ្សារដីហ៊ុយ នឹងផ្តើមបើកដំណើរការជាបណ្តោះអាសន្នក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP។
AKP ដែលបានដកស្រង់សម្ដីអគ្គនាយកបច្ចេកទេសនៃក្រសួងសាធារណៈការ លោក នូ វឌ្ឍនៈ ដែលប្រាប់ថា ស្ពានអាកាសមួយនេះ នឹងត្រូវបើកឲ្យប្រជាពលរដ្ឋបើកបរតែនៅក្នុងពិធីបុណ្យចូលឆ្នាំខ្មែរតែប៉ុណ្ណោះ ដោយថា ដើម្បីឲ្យក្រុមបច្ចេកទេសបញ្ចប់ការងារសាងសង់យ៉ាងហោចណាស់រយៈពេល ២ខែទៀត។
មន្ត្រីរូបនេះ បានឲ្យដឹងបន្ថែមថា ស្ពានអាកាសប្រហែល ៩០៥ម៉ែត្រមួយនេះ ដែលទទួលបានហិរញ្ញប្បទានពីប្រទេសចិននោះ ត្រូវបានសាងសង់សម្រេចបាន ៨៥ភាគរយហើយ។
ប៉ុន្តែ ដំណើរការសាងសង់ស្ពានអាកាសមួយនេះ ពុំអាចបញ្ចប់ទៅដូចដែលបានគ្រោងទុកបញ្ចប់ត្រឹមចុងឆ្នាំ២០១៧នោះឡើយ ចាប់តាំងពីវាចាប់ផ្ដើមសាងសង់នៅចុងខែសីហា ឆ្នាំ២០១៦ ដោយសារតែបញ្ហាបច្ចេទេស៕