ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និង​ហ្វីលីពីន​ចាប់​ផ្ដើម​ល្បាត​សមុទ្រ​រួម​គ្នា

ប្រទេស​ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និង​ហ្វីលីពីន បាន​ចាប់​ផ្ដើម​ល្បាត​ដែន​សមុទ្រ​រួម​គ្នា​នៅ​ក្នុង​តំបន់​របស់​ពួកគេ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ខណៈ​ដែល​ការ​គំរាម​កំហែង​ពី​ក្រុម​ជ្រុល​និយម​កំពុង​កើន​ឡើង។

ប្រទេស​ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និង​ហ្វីលីពីន បាន​ចាប់​ផ្ដើម​ល្បាត​ដែន​សមុទ្រ​រួម​គ្នា​នៅ​ក្នុង​តំបន់​របស់​ពួកគេ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ខណៈ​ដែល​ការ​គំរាម​កំហែង​ពី​ក្រុម​ជ្រុល​និយម​កំពុង​កើន​ឡើង។ នេះ​ដោយ​យោង​តាម​ការ​ផ្សាយ​របស់​សារព័ត៌មាន​សិង្ហបុរី Channel News Asia។

ការ​ល្បាត​ដែន​សមុទ្រ​ដោយ​ត្រី​ភាគី​នេះ ត្រូវ​បាន​ចាប់​ផ្ដើម​ឡើង​ចំ​ពេល​ដែល​កំពុង​មាន​ការ​ប្រយុទ្ធ​គ្នា​បន្ត​ទៀត​រវាង​កង​ទ័ព​ហ្វីលីពីន និង​ក្រុម​ឥស្លាម​ជ្រុល​និយម​យក​លំនាំ​តាម​ក្រុម​​រដ្ឋ​ឥស្លាម ដែល​បាន​ដណ្ដើម​កាន់​កាប់​ទីក្រុង​ម៉ារ៉ាវី​មួយ​ផ្នែក ស្ថិត​នៅ​ភាគ​កោះ​មិនដាណាវ ភាគ​ខាង​ត្បូង​ប្រទេស​ហ្វីលីពីន។

អគ្គ​មេ​បញ្ជា​ការ​កង​ទ័ព​ឥណ្ឌូនេស៊ី លោក Gatot Nurmantyo បាន​និយាយ​ថា ការ​ល្បាត​រួម​គ្នា​នេះ បាន​កើត​ឡើង​ក្នុង​ពេល​ត្រឹម​ត្រូវ ខណៈ​ដែល​ប្រទេស​របស់​លោក​ព្យាយាម​បញ្ឈប់​ពួក​សកម្ម​ប្រយុទ្ធ​ណា ដែល​រត់​គេច​ខ្លួន​ពី​ទីក្រុង​ម៉ារ៉ាវី ចូល​មក​ក្នុង​ទឹក​ដី​ឥណ្ឌូនេស៊ី​នោះ​ឡើយ។

ប្រទេស​ជិត​ខាង​គ្នា​ទាំង​បី​នេះ បាន​ឯកភាព​គ្នា​កាល​ពី​ខែ​ឧសភា​ឆ្នាំ​២០១៦ ថា​នឹង​ធ្វើការ​ល្បាត​រួម​គ្នា និង​ចែក​រំលែក​ព័ត៌មាន​គ្នា ក្រោយ​ពី​មាន​ការ​ចាប់​ជម្រិត​ជន​បរទេស​ជា​បន្ត​បន្ទាប់​ពី​សំណាក់​ក្រុម​អាប៊ូសាយយ៉ាស់ ដែល​ជា​ក្រុម​ឥស្លាម​ជ្រុល​និយម​នៅ​ភាគ​ខាង​ត្បូង​ហ្វីលីពីន និង​បាន​កាត់​ក្បាល​ជន​រង​គ្រោះ​ជាច្រើន​នាក់​ក្រោយ​ពី​ពួកគេ​មិន​ទទួល​បាន​ប្រាក់​ដែល​ពួកគេ​ទាម​ទារ៕

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។