ពលរដ្ឋខេត្តកោះកុងតវ៉ាមុខក្រសួងបរិស្ថានទាមទារដោះស្រាយវិវាទដីធ្លី

ពលរដ្ឋមកពីខេត្តកោះកុង ដែលមានវិវាទដីធ្លី ជាមួយក្រុមហ៊ុនចិន​ UDG (រូបភាព៖ ឃុត សុគន្ធ)

ពលរដ្ឋជាង៥០នាក់តំណាងឲ្យពលរដ្ឋ២១០គ្រួសារ ក្នុងខេត្តកោះកុង នៅថ្ងៃនេះបានប្រផ្តុំគ្នាតវ៉ាមុខ ក្រសួងបរិស្ថាន ដើម្បីទាមទារដីធ្លីរបស់ពួកគេ ខណៈវិវាទនោះអូសបន្លាយ១០ឆ្នាំពុំមានដំណោះស្រាយពីអាជ្ញាធរថ្នាក់ក្រោម។

ពលរដ្ឋម្នាក់លោក រួត សុផល ប្រាប់វីអូឌីកន្លែងតវ៉ាថា ពលរដ្ឋ២១០គ្រួសាររស់នៅឃុំភីមាស និង​ឃុំ​កោះ​ស្តេច មានជម្លោះដីធ្លីជាមួយក្រុមហ៊ុនញ៉ូញៀន របស់ចិន និងក្រុមហ៊ុន SEZ របស់លោក លីយ៉ុងផាត់តាំងពីឆ្នាំ ២០០៨។

លោកបន្តថា កន្លងមកក្រុមអ្នកភូមិបានរកកិច្ចអន្តរាគមន៍ពីអាជ្ញាធរថ្នាក់មូលដ្ឋាន រហូតស្ថាប័នរដ្ឋកំពូលៗមួយចំនួនទៀត ប៉ុន្តែមិនទទួលបានដំណោះស្រាយទេ ហើយកាលពីម្សិលម៉ិញនេះ ក្រុមពលរដ្ឋបានរកកិច្ចអន្តរាគមន៍ពីក្រសួងរៀបចំដែនដីម្តងទៀត ដោយមន្រ្តីក្រសួងប្រាប់ថា ករណីវិវាទដីធ្លីរបស់ពួកគេគឺស្ថិតក្នុងដែនសមត្ថកិច្ចរបស់ក្រសួងបរិស្ថានជាអ្នកដោះស្រាយ។

ក្នុងតំបន់ខ្ញុំហ្នឹងគេថាដីឧទ្យានជាតិមានបរិស្ថានគ្រប់គ្រងហើយជម្លោះដីធ្លីកន្លែងហ្នឹងបរិស្ថានជាអ្នកដោះអញ្ចឹងហើយបានជាពួកខ្ញុំមករកក្រសួងបរិស្ថានហ្នឹង។ ពួកខ្ញុំឆ្ងល់ថា ឧទ្យានជាតិហ្នឹងកើតនៅពេលណា? ហើយដីដែលពួកខ្ញុំបង្កបង្កើនផលហ្នឹងអាណាកើតមុន ខ្ញុំមានស្រែ មានផ្ទះ មានដើមដូង មានតាំងពីណាពីណីមក បើរាប់ទៅតាំងពីកើត តាំងពីឆ្នាំ១៩៧៩មកជីដូនជីតាស្លាប់អស់ប៉ុន្មានតំណរហើយ

ពលរដ្ឋម្នាក់លោក រួត សុផល ដែលមានវិវាទដីធ្លីជាមួយក្រុមហ៊ុន ញូញៀន

ពលរដ្ឋម្នាក់ទៀតលោក សែម ធី និយាយថា បើដីរបស់ពួកគាត់ស្ថិតក្នុងតំបន់អភិរក្សឧទ្យានជាតិ ហេតុអ្វីបានជាក្រុមហ៊ុនមានសិទ្ធិទទួលបានដីសម្បទានសេដ្ឋកិច្ចនៅទីនោះដែរ។

លោកបន្តថា ជុំវិញវិវាទដីធ្លីជាមួយក្រុមនោះ គឺគ្រួសារគាត់ប៉ះពាល់ដីស្រចម្ការ និងលំនៅឋានសរុបទាំងអស់ជាង១០ហិកតា។

ខ្ញុំសំណូមពរឲ្យតែថ្នាក់ក្រោមហ្នឹងធ្វើតាមសម្តេចប្រកាសទៅបានហើយ ពួកខ្ញុំមិនចង់ឡើងមកទីនេះទេ ឡើងមកនេះខ្ញុំត្រូវចងការប្រាក់គេមកទេ ហើយឡើងមកនេះអាជ្ញាធររារាំង មិនជិះឡានមកទៀត និយាយទៅថ្នាក់ក្រោមមិនស្តាប់សម្តេចហ្មង។ ខ្ញុំមិនបានអ្វីទេ កុំឲ្យតែទៅបំផ្លាញខ្ញុំទៅបានហើយ ខ្ញុំសុំតែដីពួកខ្ញុំទេ

ពលរដ្ឋម្នាក់ទៀតលោក សែម ធី

បុរសម្នាក់ដែលអះអាងថា ជាមន្រ្តីក្រសួងបរិស្ថានដែលប្រាប់ថាឈ្មោះ យា រ៉ែន បានប្រាប់ទៅក្រុមពលរដ្ឋឲ្យត្រឡប់ទៅខេត្តកោះកុងវិញ ដោយសន្យាចុះដោះស្រាយតាមក្រោយ ប៉ុន្តែក្រុមអ្នកភូមិមិនព្រម ដោយពួកគេទាមទារជួបជាមួយរដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក សាយ សំអាល់ ផ្ទាល់ ដោយរហូតមកដល់ម៉ោង៣រសៀលនេះពលរដ្ឋទាំងនោះមិនទាន់ចេញពីមុខក្រសួងនៅឡើយទេ។

ពលរដ្ឋអះអាងថា ពួកគាត់២១០គ្រួសារ និងទំហំដីប្រមាណ៦ពាន់ហិកតាស្ថិតក្នុងស្រុកគីរីសាគរ ត្រូវបានក្រុមហ៊ុនញ៉ូញៀនរបស់ចិន និងក្រុម SEZ របស់លោក លីយ៉ុងផាត់រំលោភយកកាលពីឆ្នាំ២០០៨ ហើយពលរដ្ឋ អះអាងទៀតថា ជុំវិញវិវាទដីនេះ តំណាងពួកគាត់ម្នាក់ត្រូវបានតុលាការខេត្តកោះកុងសម្រេចឃុំខ្លួនដោយចោទថា បានចាប់យកដីគេខុសច្បាប់។

កាល​ពីថ្ងៃ​ទី​ ១៣ខែមិថុនា រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ លោក ស ខេង បានបញ្ជា​ទៅ​កាន់​រដ្ឋបាល​ខេត្តនានា​ឲ្យ​ដោះស្រាយ​វិវាទ​ដីធ្លី​ក្នុង​ខេត្ត​របស់​ខ្លួន​ឲ្យ​មាន​ប្រសិទ្ធ​ភាព​ និង​រក្សាភាពអត់ធ្មត់ក្នុងការបំពេញការងារពាក់ព័ន្ធនឹងបញ្ហាទំនាស់ដីធ្លី ឬការតវ៉ា​ទាម​ទារ​នានា​របស់ប្រជាពលរដ្ឋ ខណៈប៉ុន្មានខែចុងក្រោយនេះក្រុមពលរដ្ឋ​មានជម្លោះដីធ្លីបន្ត​ឡើងមកតវ៉ានៅរាជធានីភ្នំពេញជា​បន្ត​បន្ទាប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ