លិខិត​មិត្ត​អ្នក​អាន៖ ស្លឹក​ចេក​ខ្ចប់​នំ

សត្វកង្កែប និង ពស់​ (រូបតំណាងពីអ៊ិនធើណិត)

សត្វកង្កែប និង ពស់​ (រូបតំណាងពីអ៊ិនធើណិត)

បើ​ប្រៀបធៀប​មក​មនុស្ស​វិញ ជន​ទាំង​ឡាយ​ណា​ដែល​ព្រម​ដាក់​ខ្លួន​ធ្វើ​ជា​ស្លឹក​ចេក​សម្រាប់​ឲ្យ​អ្នក​នយោបាយ ជា​ពិសេស​បក្ស​កាន់​អំណាច​យក​ទៅ​ខ្ចប់​នំ ក៏​គង់​នឹង​មានវាសនា​មិន​សូវ​ខុស​គ្នា​ដែរ។ ពេល​រដូវ​កាល​បោះ​ឆ្នោត​ម្តង​ គេឃើញ​មាន​ជំពូក​មនុស្ស​ស្លឹក​ចេក (ពោល​គឺ​មនុស្ស​ខ្ជិល​ច្រអូស​នឹង​ការងារ ឬ​ពុំ​មាន​ចំណេះ​ដឹង​ខ្ពង់ខ្ពស់) ជា​ច្រើន​អន្លើ ចេញ​មក​​បង្ហាញ​ខ្លួន​ ដើម្បី​បុណក្យសក្តិ ឬ​​លាភ​សក្ការៈ​ផ្សេងៗ។

ស្លឹកចេកជាធាតុមួយដ៏សំខាន់ក្នុងការវេចនំប្រពៃណីរបស់ខ្មែរ មាននំអន្សមចេក អន្សមជ្រូក អន្សមអាំង នំគម នំស្លឹកស្រស់ នំចេកបុក នំល្ពៅ ។ល។ និង ។ល។ ហើយជាពិសេសនៅរដូវបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិយើង ស្លឹកចេកអាចមានតម្លៃស្មើនឹងមួយភាគបួននៃតម្លៃនំទាំងមូលក៏ថាបាន។ ផ្ទុយទៅវិញ ក្រោយពេលគេចម្អិននំនោះបានឆ្អិនអាចទទួលបានហើយ សម្បកនំជាស្លឹកចេក នឹងត្រូវគេបកគ្រវាត់ចោល ហើយតម្លៃរបស់វាមិនស្មើនឹង ១ភាគ១០០ នៃតម្លៃនំផងទេ។

បើប្រៀបធៀបមកមនុស្សវិញ ជនទាំងឡាយណាដែលព្រមដាក់ខ្លួនធ្វើជាស្លឹកចេកសម្រាប់ឲ្យអ្នកនយោបាយ ជាពិសេសបក្សកាន់អំណាចយកទៅខ្ចប់នំ ក៏គង់នឹងមានវាសនាមិនសូវខុសគ្នាដែរ។ ពេលរដូវកាលបោះឆ្នោតម្តង គេឃើញមានជំពូកមនុស្សស្លឹកចេក (ពោលគឺមនុស្សខ្ជិលច្រអូសនឹងការងារ ឬពុំមានចំណេះដឹងខ្ពង់ខ្ពស់) ជាច្រើនអន្លើ ចេញមកបង្ហាញខ្លួន ដើម្បីបុណក្យសក្តិ ឬលាភសក្ការៈផ្សេងៗ។ មនុស្សប្រភេទស្លឹកចេកខ្ចប់នំ អាចមានពីរប្រភេទ៖

ប្រភេទទី១៖ ជាជំពូកយុវវ័យដែលពុំសូវមានចំណេះដឹងជ្រៅជ្រះ ជាប្រភេទមនុស្សដែលមានតែវោហារ និងមានគេស្គាល់ច្រើន។ នៅចាំបានថា ក្រោយព្រឹត្តិការណ៍បង្ហូរឈាម ៥-៦ កក្កដា ១៩៩៧ នៅកម្ពុជា មានការថ្កោលទោសជាទូទៅ អំពីការដណ្តើមអំណាចនោះ បក្សកាន់អំណាចបានប្រមូលទាហានខ្មែរក្រហមមួយតំបរស្វាដែលកាលនោះ ភុន ភាព ជាមេខ្លោងចេញមកនិយាយបរិហារគូបដិបក្ខថា ជាអ្នកគប់គិតផែនការក្បត់ជាមួយខ្មែរក្រហម។ តើបច្ចុប្បន្ន ភុន ភាព និងបក្សពួកនៅឯណា?

មិនសូវខុសគ្នាប៉ុន្មានទេ នាពេលនេះមានយុវជនធ្លាប់បាក់ឌុប និង និស្សិតក្រៅសាលាមួយ ឬពីរក្រុមកំពុងធ្វើខ្លួនឲ្យក្លាយជាស្លឹកចេកខ្ចប់នំដូច ភុន ភាព ដែរ។ តែគេគួរចងចាំថា បើខ្លួនយើងគ្មានចំណេះដឹង មានតែវោហារប៉ាតណាប៉ាតណី មិនប្រាកដថាជួយទាក់ទាញប្រជាប្រិយភាពបានទេ។ បើលទ្ធផលបោះឆ្នោត២០១៨ បក្សកាន់អំណាចរក្សាបានកៅអីដដែល ឬមានកំណើនខ្លះ នោះក្រុមមមាចទាំងនេះអាចនៅមានតម្លៃប្រើបានទៀត តែបើកាន់តែបាត់កៅអីនោះ វាសនារបស់ពួកនេះអាចមានភាពអណោចអាធមក៏ថាបាន។

ប្រភេទទី២៖ ជាជំពូកអ្នកនយោបាយដែលធ្លាប់ជាអ្នកប្រឆាំងហើយត្រូវគេយកទៅប្រើ ដើម្បីបំបែកកម្លាំងបក្សប្រឆាំង។ មនុស្សជំពូកស្លឹកចេកខ្ចប់នេះប្រភេទនេះ សព្វថ្ងៃមានចំនួនច្រើន កាន់តំណែងធំដុំគ្រាន់បើដែរ តែមិនសូវមានតម្លៃទេ។ បើក្នុងសម័យប៉ុលពត ពួកផ្តាច់ខ្លួនគឺគេហៅថា ពួកសមាជិកត្រៀម ពួកនេះត្រូវធ្វើការទ្វេគុណ ដើម្បីបានការទុកចិត្តពីអង្គការ ទើបអាចដំឡើងជាកម្មាភិបាលពេញសិទ្ធិបាន។ ហេតុនេះ យើងសង្កេតឃើញថា ពួកជំពូកនេះច្រើនកាន់តួនាទីដែលរាស្រ្តស្អប់ រាស្រ្តជេរប្រទេចផ្តាសារ ដូចជា អ្នកនាំពាក្យ ។ល។និង។ល។

ពួកជំពូកនេះជាបន្ទុកមួយរបស់ជាតិដែរ គឺដើម្បីបង្កើនប៉ុស្តិ៍ និងតំណែងដើម្បីរក្សាទុកពួកគេកុំឲ្យបែកឆ្វេង រដ្ឋាភិបាលត្រូវបង្កើនចំណាយថវិកាជាតិ ដោយមិនចាំបាច់។ មានអ្នកខ្លះបានក្លាយជាមន្រ្តីទូតហើយ (ឡើងកប់ពពក) តែទីបំផុតបែរជាមកដេកក្នុងទ្រុងសារិកាទ្រុងសេកសោមទៅវិញ (ធ្លាក់មកជ្រកអាចមន៍ជន្លេន) ដោយសារមិនយល់កាលៈទេសៈ ឬដើរមិនទាន់សភាពការណ៍។

មានបញ្ញវ័ន្តមួយចំនួនដែរ ដែលមិនព្រមធ្វើខ្លួនឲ្យក្លាយជាស្លឹកចេកសម្រាប់ខ្ចប់នំ សុខចិត្តទ្រាំរស់តាមសមាជីវោ បញ្ញវ័ន្តខ្លះទៀតបានកាន់តំណែងធំហើយ តែសុខចិត្តដកខ្លួនមកធ្វើជាអ្នកបច្ចេកទេស (technocrats) ជាជាងធ្វើស្លឹកចេកឲ្យគេយកទៅខ្ចប់នំ។

ក្នុងសង្គមមួយ បើមានពួកស្លឹកចេកច្រើនពេក នោះសង្គមមិនរីកចម្រើនទេ ព្រោះពួកគេដូចជាឈ្លើង ឬដង្កូវប៉ារ៉ាសីត ចាំតែបឺតជញ្ជក់ឈាមរាស្រ្ត។

ពួកនេះក៏គេមិនសូវទុកចិត្តដែរ ព្រោះជាអ្នកនយោបាយឆ្អិនក្បាលស៊ីក្បាលឆ្អិនកន្ទុយស៊ីកន្ទុយ (flip-flop)។ វាសនារបស់ពួកនេះក៏រឹងតែវេទនាទៅទៀតត្រង់ថា ពេលជាប់គុកគ្មាននរណាហ៊ានចេញមុខតវ៉ាទាមទារការដោះលែង ហើយមិនស្លាប់វិញ គឺក្លាយជាឧទាហរណ៍អាក្រក់សម្រាប់គេយកទៅនិយាយសើចលេងប៉ុណ្ណោះ។

ពាក្យចាស់មួយឃ្លាតែងពោលថា “ស្លាប់ដូចពស់ រស់ដូចកង្កែប” !!!

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។