វិភាគ៖ តើកម្ចី​ឥណទាន​របស់​រដ្ឋាភិបាល​មាន​ប្រសិទ្ធ​ភាព​ជួយ​ជំរុញ​ស្ថេរភាព​តម្លៃ​ស្រូវ​ឬ​ទេ?

រោងម៉ាស៊ីនផ្ទុកស្រូវ (ដោយ បូ សាវី)

តម្លៃស្រូវនៅក្នុងប្រទេសកម្ពុជាបានធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងរយៈពេលប៉ុន្មានសប្ដាហ៍មកនេះ។ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានឲ្យដឹងថា តម្លៃស្រូវសែនក្រអូបបានធ្លាក់ចុះពី៩៩ម៉ឺនរៀលឬ៨៥០០បាតក្នុងមួយតោន កាលពីពាក់កណ្ដាលខែសីហាកន្លងមក មកនៅត្រឹមប្រហែល៧៧ម៉ឺនរៀលឬ៦៥០០បាតក្នុងមួយតោននៅសប្ដាហ៍មុន។ រយៈពេលត្រឹមតែ៤សប្ដាហ៍ប៉ុណ្ណោះ តម្លៃស្រូវសែនក្រអូបបានធ្លាក់ចុះជាង១២ភាគរយ។

កាលពីសប្ដាហ៍កន្លងមកនេះ រដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការមួយចំនួន ដើម្បីជំរុញស្ថេរភាពតម្លៃស្រូវរបស់កម្ពុជា។

ខណៈដែលប្រជាកសិករចាប់ផ្ដើមប្រមូលស្រូវស្រាលនៅក្នុងរដូវវស្សាឆ្នាំនេះ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ លោក វេង សាខុន កាលពីថ្ងៃទី១២ ខែកញ្ញាកន្លងមកនេះបានណែនាំទៅប្រធានមន្ទីរកសិកម្មរាជធានីនិងខេត្តទាំងអស់ឲ្យចាត់វិធានការទប់ស្កាត់ការទម្លាក់តម្លៃកសិផលរបស់ប្រជាកសិករពីសំណាក់ក្រុមឈ្មួញ និងក្រុមហ៊ុននានាដែលធ្វើអាជីវកម្មផលិតផលកសិកម្ម។

បីថ្ងៃក្រោយមក ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានប្រកាសថា រដ្ឋាភិបាលបានសម្រេចបញ្ចេញថវិកាចំនួន២៧លានដុល្លារអាមេរិកដែលបានមកពីប្រាក់បំរុងរបស់រដ្ឋនិងហិរញ្ញវត្ថុរបស់ធនាគារអភិវឌ្ឍន៍ជនបទដែលក្រសួងនេះថា ដើម្បីជួយជំរុញស្ថេរភាពតម្លៃស្រូវនិងជំរុញការទិញស្រូវក្នុងស្រុក។ ក្រសួងបញ្ជាក់ថាធនាគារអភិវឌ្ឍន៍ជនបទដែលជាធនាគារគ្រប់គ្រងដោយរដ្ឋាភិបាលគឺជាប្រតិបត្តិករនៃគម្រោងនេះ ដែលត្រូវបានគេហៅថា កម្មវិធីពិសេសរបស់រាជរដ្ឋាភិបាល

នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួនកាលពីថ្ងៃទី១៥ ខែកញ្ញាកន្លងមក ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានព្យាករថា កញ្ចប់ថិវកា២៧លានដុល្លារនេះអាចជំរុញដល់ការប្រមូលទិញស្រូវពីប្រជាកសិករបានប្រហែល៩ម៉ឺនតោនជាមួយតម្លៃ៩៤ម៉ឺនរៀលឬស្មើនឹង៨ពាន់បាតក្នុងមួយតោនសម្រាប់ស្រូវសែនក្រអូបចាប់ពីពាក់កណ្ដាលខែសីហារហូតដល់ចុងឆ្នាំ២០១៦នេះ។

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានឲ្យដឹងថា ធនាគារអភិវឌ្ឍន៍ជនបទនឹងប្រើប្រាស់ថវិកានេះដើម្បីផ្ដល់កម្ចីទៅដល់រោងម៉ាស៊ីនកិនស្រូវនិងប្រតិបត្តិករស្រូវអង្ករដែលខ្វះខានទុនសម្រាប់ប្រមូលទិញស្រូវពីប្រជាកសិករនៅទូទាំងប្រទេស ដោយប្រតិបត្តិករឯកជនទាំងនោះប្រើប្រាស់រោងម៉ាស៊ីនកិនស្រូវឬឃ្លាំងស្តុកស្រូវអង្ករ ធ្វើជាទ្រព្យធានាសម្រាប់ទទួលបានកម្ចី។

នៅក្នុងថ្ងៃទី១៥ ខែកញ្ញានោះផងដែរ ធនាគារស្រូវកម្ពុជាដែលត្រូវបានបង្កើតឡើងកាលពីខែសីហា ឆ្នាំ២០១៤ និងគ្រប់គ្រងដោយលោក ភូ ពុយ ម្ចាស់ក្រុមហ៊ុននាំចេញអង្ករ បៃតងកម្ពុជា បានអំពាវនាវទៅដល់ប្រជាកសិករ ឲ្យបញ្ឈប់ការលក់ស្រូវសែនក្រអូបក្រោមតម្លៃ៨៤០រៀលឬស្មើ៧បាតក្នុងមួយគីឡូក្រាម។ ធនាគារស្រូវដែលមានមូលដ្ឋាននៅឯខេត្តបាត់ដំបងនោះក៏បានប្រកាសថា ខ្លួនទទួលទិញស្រូវសែនក្រអូបពីប្រជាកសិករដោយផ្ទាល់នៅនឹងស្រែក្នុងតម្លៃចាប់ពី៨៤០រៀលក្នុងមួយគីឡូក្រាម។

ប៉ុន្តែប៉ុន្មានថ្ងៃក្រោយមកនេះ ក្រុមប្រជាកសិករនៅភាគពាយព្យនៃប្រទេសកម្ពុជានៅតែអះអាងថា តម្លៃស្រូវរបស់ពួកគាត់នៅតែទាបជាងតម្លៃដែលត្រូវបានប្រកាសដោយរដ្ឋាភិបាលនិងធានាគារស្រូវកម្ពុជា។

កសិករមកពីស្រុកសង្កែ ខេត្តបាត់ដំបង លោក សឿង សុដា ដែលបានចូលរួមបិទផ្លូវជាមួយប្រជាកសិករប្រហែល៥០០នាក់ដទៃទៀតកាលពីចុងសប្ដាហ៍កន្លងមកនេះ ដើម្បីតវ៉ាទៅនឹងការធ្លាក់ចុះតម្លៃស្រូវនោះបានប្រាប់ថា ស្រូវរបស់គាត់ត្រូវបានក្រុមឈ្មួញទិញក្នុងតម្លៃចន្លោះពី៥០០ទៅ៦០០រៀលប៉ុណ្ណោះ ដែលកសិកររូបនេះបញ្ជាក់ថាតម្លៃនេះនឹងធ្វើឲ្យពួកគាត់បាត់បង់ប្រាក់ចំណេញនិងប្រឈមមុខនឹងបំណុលធនាគារកាន់តែច្រើន។

មិនមែនតែលោក សឿង សុដា តែម្នាក់ទេដែលអះអាងអំពីបញ្ហាតម្លៃស្រូវនេះ។ លោក សុខ ចន្ធី ប្រជាកសិករម្នាក់ទៀតនៅខេត្តបាត់ដំបងដែលជាខេត្តផលិតស្រូវធំបំផុតរបស់ប្រទេសកម្ពុជាបានប្រាប់ថា ស្រូវសែនក្រអូបរាប់ពាន់តោនរបស់ប្រជាកសិករមកពីស្រុកសង្កែ ប្រឈមទៅនឹងការខូចខាតដោយសារគ្មានទីផ្សារនិងមានតម្លៃថោក។

ខណៈដែលប្រជាកសិករនៅតែអះអាងថាតម្លៃស្រូវរបស់ពួកគាត់នៅតែទាបជាងអ្វីដែលត្រូវបានរដ្ឋាភិបាលកំណត់នោះ វាបង្ហាញនូវមន្ទិលសង្ស័យថា តើយន្តការទើបដាក់ចេញថ្មីនេះរបស់រដ្ឋាភិបាលនឹងមានប្រសិទ្ធភាពជួយជំរុញស្ថេរភាពតម្លៃស្រូវរបស់ប្រជាកសិករដែរឬយ៉ាងណា? ហើយកញ្ចប់ថិវកានេះគ្រប់គ្រាន់សម្រាប់ផ្ដល់កម្ចីដល់ក្រុមហ៊ុនទិញស្រូវនិងរោងម៉ាស៊ីនកិនស្រូវនៅក្នុងប្រទេសកម្ពុជា ដើម្បីជំរុញស្ថេរភាពតម្លៃស្រូវដែរឬទេ?

អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជានិងជាប្រធានក្រុមហ៊ុននាំចេញអង្ករ Mekong Oryza លោក ហ៊ុន ឡាក់ បានឲ្យដឹងថា វិធានការរបស់រដ្ឋាភិបាលយ៉ាងហោចណាស់អាចជួយទប់ស្កាត់ស្ថានភាពនៃការធ្លាក់ចុះតម្លៃស្រូវនាពេលសព្វថ្ងៃ ប៉ុន្តែលោកថាកញ្ចប់ថវិកានោះមិនទាន់គ្រប់គ្រាន់សម្រាប់ផ្ដល់ទៅប្រតិបត្តិករស្រូវអង្ករយកទៅប្រមូលទិញស្រូវពីប្រជាកសិករនោះឡើយ ខណៈដែលលោកថាប្រតិបត្តិករស្រូវអង្ករកម្ពុជាត្រូវការកម្ចីឥណទានច្រើន។

លោក ហ៊ុន ឡាក់ មានប្រសាសន៍ថា៖ “យ៉ាងណាស់ អាហ្នឹងវាអាចទប់សភាពការណ៍តម្លៃស្រូវចុះថ្លៃ។ មួយដំណាក់កាលហ្នឹង អាចទប់បាន”។

ដោយមិនទាន់អាចបញ្ជាក់ពីទំហំតម្រូវការកម្ចីឥណទាន ខណៈដែលឥណទាននៅមិនទាន់ត្រូវបានទម្លាក់ទៅដល់ប្រតិបត្តិករស្រូវអង្ករនៅឡើយនោះ លោក ហ៊ុន ឡាក់ បានឲ្យដឹងថាទិន្នផលស្រូវក្រអូបរបស់ប្រជាកសិករ អាចស្ថិតនៅចន្លោះ៤០ម៉ឺនទៅ៥០ម៉ឺនតោននៅក្នុងអំឡុងប្រមូលផលកណ្ដាលរដូវវស្សានេះ នៅទូទាំងប្រទេស ដែលនឹងធ្វើឲ្យប្រតិបត្តិករស្រូវអង្ករត្រូវការកម្ចីឥណទានលើសពី២៧លានដុល្លារទៅទៀត។

ក្រៅពីបង្ហាញថាកញ្ចប់ថវិការបស់រដ្ឋាភិបាលនោះមិនមែនជាចំនួនគ្រប់គ្រាន់ ប្រធានសហព័ន្ធអង្គការកសិករកម្ពុជាដើម្បីអភិវឌ្ឍន៍ លោក សំអាត វាសនា បង្ហាញក្ដីបារម្ភចំពោះប្រសិទ្ធភាពនៃកម្ចីឥណទានរបស់រដ្ឋាភិបាល ដែលកើតចេញអត្រាការប្រាក់ខ្ពស់។

លោក សំអាត វាសនា ដែលជាសមាជិកមួយរូបនៃសហព័ន្ធស្រូវអង្ករកម្ពុជាផងដែរនោះក៏ព្រួយបារម្ភផងដែរចំពោះការប្រើប្រាស់កម្ចីមិនចំទិសដៅពីសំណាក់ប្រតិបត្តិករស្រូវអង្ករ ដែលលោកថាវានឹងមិនផ្ដល់ផលប្រយោជន៍ពិតប្រាកដដល់ប្រជាកសិករនោះឡើយ។

លោក វាសនា មានប្រសាសន៍ថា៖ “ប្រសិនបើលុយហ្នឹង យើងប្រើប្រាស់ចំគោលដៅ អាហ្នឹងមានន័យថា ការរៀបចំធ្វើហ្នឹងមានប្រសិទ្ធភាព។ ប៉ុន្តែបើការប្រើប្រាស់ហ្នឹងមិនចំគោលដៅល្អ អាហ្នឹងអាចនឹងមិនសូវមានប្រសិទ្ធភាពទេ។ ប្រសិនបើរដ្ឋាភិបាលផ្ដល់ប្រាក់កម្ចីតាមរយៈធនាគារអភិវឌ្ឍន៍ជនបទ ឲ្យរោងម៉ាស៊ីនកិនស្រូវខ្ចី ហើយបើសិនយកការប្រាក់ពីរោងម៉ាស៊ីនហ្នឹងខ្ពស់ពេក ក៏រោងម៉ាស៊ីនហ្នឹងគាត់មិនទិញស្រូវពីកសិករបានតម្លៃខ្ពស់ដែរ”។

លោកបន្តថា៖ “សូមឲ្យមានការឃ្លាំមើលថា តើរោងម៉ាស៊ីនកិនស្រូវបានថវិកាពីធនាគារអភិវឌ្ឍន៍ជនបទហ្នឹង យកទៅទិញស្រូវពីកសិករក្នុងតម្លៃណាមួយសមរម្យទេ។ សូមឲ្យមានយន្តការក្នុងការតាមដាន។ អាហ្នឹងដែលខ្ញុំនិយាយថា ការចាយវាយចំគោលដៅមានប្រសិទ្ធភាព”។

ខណៈដែលលោក ហ៊ុន ឡាក់ ប្រាប់ថាមានទំហំតម្រូវការកម្ចីឥណទានធំពីបណ្ដាប្រតិបត្តិករស្រូវអង្ករកម្ពុជានោះ លោក សំអាត វាសនា បានប្រាប់ឲ្យប្រុងប្រយ័ត្នចំពោះវិវាទកើតចេញពីក្នុងចំណោមប្រតិបត្តិករស្រូវអង្ករទាំងនោះ ជុំវិញការផ្ដល់ឥណទានដោយគ្មានតម្លាភាពនិងមានការរើសអើង។

លោកថ្លែងបន្តថា៖ “ខ្ញុំគិតថាកាលណារដ្ឋាភិបាលឲ្យលុយឲ្យទៅរោងម៉ាស៊ីនកិនស្រូវ ដើម្បីប្រមូលទិញស្រូវពីកសិករ សំខាន់រដ្ឋាភិបាលត្រូវតែបង្កើតគណៈកម្មការមួយសម្រាប់ទទួលខុសត្រូវ ហើយគណៈកម្មការនេះត្រូវតែធ្វើការដោយឯករាជ្យ កុំប្រកាន់ថារោងម៉ាស៊ីននេះជាក្រុមគេ រោងម៉ាស៊ីននេះជាក្រុមយើង។ ប្រសិនជាគាត់ប្រកាន់អីចឹងឬក៏មិនបង្កើតគណៈកម្មការឯករាជ្យមួយទេ អាហ្នឹងអាចកើតមានអ្វីមួយដែលគេហៅថា តម្លាភាព”។

កង្វះខាតកម្ចីឥណទាននៅតែត្រូវបានលើកឡើងដោយអ្នកផ្សេងទៀតដែលស្ថិតក្នុងឧស្សាហកម្មស្រូវអង្ករ។ នាយកប្រតិបត្តិអង្គការសេដាក លោក សម វិទូ វាយតម្លៃថាតម្រូវការកម្ចីឥណទានមានចំនួនដល់ទៅប្រហែល ១០០លានដុល្លារឯណោះ ដើម្បីប្រមូលទិញស្រូវពីប្រជាកសិករនៅទូទាំងប្រទេស ដែលលោកថាមានចំនួនប្រហែល២លានតោន។ លោក សម វិទូ អះអាងដូច្នេះដោយលោកថា ផ្អែកទៅតាមរបាយការណ៍បង្កបង្កើនផលរបស់ប្រជាកសិករខ្មែរដែលចេញផ្សាយដោយក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ។

របាយការណ៍ស្ដីពីសភាពការណ៍នៃល្បឿនការងារបង្កបង្កើនផលដំណាំរដូវវស្សាឆ្នាំ២០១៦ ដែលត្រូវបានរដ្ឋមន្ត្រីស្ដីទីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក យុទ្ធ ភូថង ផ្ញើទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១ ខែកញ្ញានេះបានឲ្យដឹងថា ទិន្នផលស្រូវស្រាលដើមរដូវវស្សាឆ្នាំនេះមានចំនួនជាង៣៧ម៉ឺនតោន ដែលទាបជាងឆ្នាំ២០១៥កន្លងមកជិត៥ម៉ឺនតោន។

ដើម្បីជំរុញប្រសិទ្ធភាពនៃកញ្ចប់ថវិកា២៧លានដុល្លារដែលត្រូវបានរដ្ឋាភិបាលបញ្ចេញសម្រាប់ជួយជំរុញស្ថេរភាពតម្លៃស្រូវនេះ លោក វិទូ ប្រាប់ថាកម្ចីឥណទានគួរត្រូវបានបែងចែកទៅតាមតំបន់ដែលផលិតបានទិន្នផលស្រូវច្រើនឬតិច។

លោក សម វិទូ ថ្លែងថា៖ “ខាងធនាគារអភិវឌ្ឍជនបទត្រូវតែតាមដាននូវការហ្នឹងបន្ថែម ដើម្បីកុំឲ្យមានភាពប្រទាំងប្រទើសគ្នា នៅក្នុងការផ្ដល់កម្ចីក៏ដូចជារោងម៉ាស៊ីនខ្លះបានទៅ រោងម៉ាស៊ីនកិនស្រូវខ្លះមិនបានអីចឹងទៅ នាំឲ្យមានការច្រណែនគ្នា។ អីចឹងអាចកំណត់ទៅតាមតំបន់ យើងគិតមើលថាបរិមាណស្រូវនៅតំបន់ណាច្រើនអីចឹង យើងអាចឲ្យច្រើនទៅ តំបន់ណាមានបរិមាណស្រូវតិច យើងឲ្យតិច”។

លោក សម វិទូ ក៏បានស្នើឲ្យមានយន្តការត្រួតពិនិត្យនិងវិធានការផ្សេងៗ ដើម្បីបញ្ចៀសការប្រើប្រាស់កម្ចីឥណទាននេះមិនចំគោលដៅនិងដើម្បីពន្លឿនការផ្ដល់កម្ចីឥណទានទៅដល់ប្រតិបត្តិករស្រូវអង្ករកម្ពុជា។

លោកថ្លែងថា៖ “ទី១ ត្រូវតែកាត់បន្ថយពេលរដ្ឋបាល ហើយបញ្ហាទី២ រដ្ឋាភិបាលគួរតែដាក់ផែនការ កុំឲ្យទាល់តែមានបញ្ហាកើតឡើងបានបញ្ចេញទៅដោះស្រាយអីចឹង គឺត្រូវបញ្ចេញលុយនោះឲ្យបានមុន ដើម្បីឲ្យខាងរោងម៉ាស៊ីនកិនស្រូវអាចមានលទ្ធភាពដើរប្រមូលទិញឲ្យបានមុន”។

ជុំវិញបញ្ហានេះអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ លោក កៅ ថាច់ បានថ្លែងក្នុងសន្និសីទកាសែតនៅរសៀលថ្ងៃនេះថាធនាគាររបស់លោកទើបទទួលកញ្ចប់ថវិកា២០លានដុល្លារពីរដ្ឋាភិបាលនៅថ្ងៃចន្ទនេះ ប៉ុន្តែធនាគាររបស់លោកបានប្រើប្រាស់ថវិកា៧លានដុល្លារផ្ដល់ទៅរោងម៉ាស៊ីនកិនស្រូវរួចហើយ។

ទោះបីមិនបញ្ជាក់ពីទំហំកម្ចីឥណទាន ប៉ុន្តែលោក កៅ ថាច់ បានឲ្យដឹងថារោងម៉ាស៊ីនកិនស្រូវចំនួន៥ហើយ បានប្រើប្រាស់សេវាកម្ចីឥណទានរបស់ធនាគាររដ្ឋមួយនេះសម្រាប់ប្រតិបត្តិការស្រូវអង្កររបស់ពួកគេ។

លោក កៅ ថាច់ ថ្លែងថា៖ “មកដល់ម៉ោងនេះ យើងធ្វើក្នុងតំបន់ហ្នឹង [បាត់ដំបង] ប្រហែលជាមាន៥រោងម៉ាស៊ីនហើយ ហើយយើងបើកចំហទូលាយថាគ្រប់រោងម៉ាស៊ីនទាំងអស់ដែលមានឃ្លាំងស្តុក មានឡសម្ងួត អាចមកសហការជាមួយធនាគារអភិវឌ្ឍន៍ជនបទ ដែលជាប្រតិបត្តិករផ្ទាល់នៃកម្មវិធីពិសេសនេះ។ អីចឹងយើងអត់កំណត់ថារោងម៉ាស៊ីននេះ រោងម៉ាស៊ីននោះទេ។ អីចឹងយើងបើកទូលាយ យើងនឹងផ្សព្វផ្សាយទូលាយទូលាយ ចាប់ពីម៉ោងហ្នឹងទៅ យើងទូលាយហ្មង”។

នៅពេលអ្នកកាសែតសួរថា តើកញ្ចប់ថវិកានេះជាចំនួនគ្រប់គ្រាន់សម្រាប់ប្រមូលទិញស្រូវ ព្រមទាំងជំរុញស្ថេរភាពតម្លៃស្រូវបានដែរឬយ៉ាងណានោះ លោក កៅ ថាច់ ថ្លែងថាកញ្ចប់ថវិកាបញ្ចេញដោយរដ្ឋាភិបាលនេះបូករួមទាំងទុនរបស់ប្រតិបត្តិករស្រូវអង្ករ អាចមានចំនួនគ្រប់គ្រាន់ហើយ សម្រាប់ប្រមូលទិញស្រូវពីប្រជាកសិករ៕

រាយការណ៍បន្ថែមដោយលោក ឃុត សុគន្ធ…

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ