អគ្គិភ័យបានបំផ្លាញផ្ទះប្រជាពលរដ្ឋរាប់សិបខ្នងភាគច្រើននៅរាជធានីភ្នំពេញខណៈពេលបុណ្យចូលឆ្នាំចិនឆ្នាំនេះ។
អគ្គិភ័យលើកទី១កើតឡើងនៅម៉ោងប្រមាណ១០ព្រឹកថ្ងៃទី៧ខែកុម្ភៈឆ្នាំ២០១៦នៅរោងស្នាក់នៅរបស់កម្មករក្នុងមន្ទីរពេទ្យរុស្ស៊ី។
បើតាមសមត្ថកិច្ចមូលហេតុដែលបង្កករណីអគ្គិភ័យនេះបណ្តាយមកពីបុគ្គលិកដែលស្នាក់នៅក្នុងរោងកម្មករនេះអុជធូបហើយទុកចោលចាក់សោរចេញក្រៅបាត់អស់ទើបបណ្តាលអោយឆាបឆេះរោងដែលជាប្រភេទឈើ ប្រក់ស័ង្កសី។
នៅថ្ងៃដដែលនេះអគ្គិភ័យលើកទី២បានកើតឡើងនៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដែលសមត្ថកិច្ចអះអាងថាផ្តើមចេញពីផ្ទះអ្នកលក់ដូរដែលកូនប្រុសអាយុប្រមាណ១០ឆ្នាំបើកហ្គាសដុតផាវហើយផ្ទុះខ្ទាតលើគំនរធ្យូង។ អគ្គិភ័យនោះបានបំផ្លាញផ្ទះ៦ល្វែងក្នុងនោះ៥ល្វែងឆេះអស់ទាំងស្រុងខណៈមួយល្វែងទៀតរងការខូតខាតពាក់កណ្តាល។
ដោយឡែកអគ្គិភ័យលើកទី៣បានឆាបឆេះនៅវេលាម៉ោងជាង១២រំលងអាធ្រាត្រនិងរលត់ទៅវិញនៅម៉ោង៤ទៀបភ្លឺចូលថ្ងៃទី៨ខែកុម្ភៈឆ្នាំ២០១៦ស្ថិតនៅខាងក្រោយវត្តចាក់អង្រែក្រោម ខណ្ឌមានជ័យ ដែលអាជ្ញាធរ អះអាងថាបណ្តាលមកពីប្រជាពលរដ្ឋដុតផាវដោយបានបំផ្លាញផ្ទះប្រជាពលរដ្ឋអស់ជិត១០០ខ្នងភាគីច្រើនមានជនជាតិវៀតណាមរស់នៅ។
ប៉ុន្តែអគ្គិភ័យនេះពុំមានសេចក្តីរាយការណ៍ថាមានអ្នករងរបួសឬស្លាប់នោះទេ៕