រដ្ឋាភិបាលត្រៀមថវិកា​ជាង៤០លានដុល្លារសម្រាប់រៀបចំកីឡាស៊ីហ្គេមឆ្នាំ២០២៣

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីកន្លងទៅ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឲ្យដឹងថារដ្ឋាភិបាលកម្ពុជាត្រៀមប្រាក់បម្រុងប្រមាណជាង៤០លានដុល្លារសម្រាប់ការរៀបចំធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម(SEA GAMES)លើកទី៣២ នៅឆ្នាំ២០២៣។

លោក ហ៊ុន សែន បានសរសេរនៅលើហ្វេសប៊ុករបស់លោកនៅថ្ងៃសុក្រនេះថាក្រៅអំពីថវិកាសាងសង់ពហុកីឡាដ្ឋានដែលជាជំនួយរបស់ចិន រដ្ឋាភិបាលកម្ពុជាត្រៀមប្រាក់បម្រុងជាង៤០លានដុល្លារថែមទៀតទុកសម្រាប់ការរៀបចំការប្រកួតកីឡាស៊ីហ្គេម។ លោកបន្តថាគណៈរដ្ឋមន្ត្រីក៏បានសម្រេចផ្តល់តួនាទីដល់ លោក ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តីក្រសួងការពារជាតិ ធ្វើជាប្រធានកីឡាស៊ីហ្គេមហើយទេសរដ្ឋមន្ត្រីមួយចំនួនទៀតជាអនុប្រធាន ក្នុងនោះមានលោក អូន ព័ន្ធមុន្នីរ័ត្ន ផងដែរ។

លោក ហ៊ុន សែន ក៏បានលើកទឹកចិត្តដល់កីឡាករ កីឡាការិនីកម្ពុជាទូទាំងប្រទេសឲ្យខិតខំប្រឹងប្រែងហ្វឹកហាត់ពង្រឹងសមត្ថភាពលើវិញ្ញាសារកីឡាគ្រប់ប្រភេទ ដើម្បីត្រៀមប្រកួតប្រជែងទទួលមេដាយនិងជ័យជម្នះជូនប្រទេស។ បើតាមលោក ហ៊ុន សែន កម្ពុជាធ្វើជាម្ចាស់ផ្ទះលើកដំបូងបំផុត ចាប់តាំងពីឆ្នាំ ១៩៥៨។

បើតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈរដ្ឋមន្រ្តី កីឡាស៊ីហ្គេមលើកទី៣២នៅកម្ពុជានឹងប្រារព្ធធ្វើឡើងនៅរាជធានីភ្នំពេញនិងបណ្ដាខេត្ដមួយចំនួន ដូចជាខេត្ដកំពត កែប តាកែវ សៀមរាប បាត់ដំបងនិងកំពង់ចាម ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ ដែលរំពឹងថានឹងមានអ្នកចូលរួមសរុបប្រមាណ១ម៉ឺននាក់ ក្នុងនោះមានកីឡាករប្រមាណ៧០០០នាក់ រួមជាមួយមន្ដ្រីប្រតិភូអម ភ្ញៀវអង្គការកីឡានិងភ្ញៀវឥស្សរជនជាន់ខ្ពស់ ដូចជាក្រុមគ្រួសារចលនាអូឡាំពិក ប្រតិភូគណៈកម្មាធិការអូឡាំពិកអន្ដរជាតិ ក្រុមប្រឹក្សាអូឡាំពិកអាស៊ី សហព័ន្ធកីឡាអន្ដរជាតិ ក្រុមប្រឹក្សាស៊ីហ្គេមនិងអង្គការកីឡាអន្ដរជាតិដទៃទៀតប្រមាណ៣០០០នាក់។

គួរបញ្ជាក់ថាពហុកីឡាដ្ឋានជាតិមរតកតេជោដែលជាកន្លែងកម្ពុជាត្រៀមធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេម កំពុងត្រូវបានសាងសង់ ដោយទទួលជំនួយពីប្រទេសចិន ក្រោមទឹកប្រាក់ប្រមាណ១០០លានដុល្លារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ