ក្រសួងមហាផ្ទៃនៅថ្ងៃអង្គារនេះបានប្រគល់រថយន្តពន្លត់អគ្គិភ័យចំនួន១១៣គ្រឿងទៅតាមខេត្តនៅទូទាំងប្រទេស ដើម្បីពង្រីកការងារពន្លត់អគ្គិភ័យ។
ប្រធាននាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គីភ័យនិងសង្គ្រោះនៃអគ្គស្នងការនគរបាលជាតិ លោក នេត វណ្ណថា បានឲ្យវីអូឌីដឹងថារថយន្តពន្លត់អគ្គីភ័យនេះក្នុងមួយគ្រឿងមានតម្លៃជាង៨ម៉ឺនដុល្លារ ដែលចំណាយថរិកាជាតិទាំងស្រុង។ លោកបន្តថារថយន្តទាំងនេះនឹងបន្តចែកចាយទៅកាន់ខេត្តទាំង២៤ ដោយលោកថាក្នុងមួយខេត្តទទួលបានចាប់ពី២គ្រឿងឡើងទៅ អាស្រ័យទៅលើទំហំនៃខេត្តទាំងនោះ។
លោកបន្ថែមថា “ទៅតាមខេត្ត(បែងចែក)ទូទាំង២៤ ខេត្តធំ៦(រថយន្ត) ខេត្តតូច២(រថយន្ត) … តិចជាងគេ មានក្រុងកែប ហើយប៉ៃលិន ក្រៅពីហ្នឹងបីឡើងលើ ” ។
លោកបន្តថាការបន្ថែមរថយន្តពន្លត់អគ្គិភ័យទាំង១១៣គ្រឿងនេះនឹងជួយសម្រួលការងារពន្លត់អគ្គិភ័យរបស់នាយកដ្ឋាន ក៏ដូចជាបានធ្វើឲ្យប្រជាពលរដ្ឋសប្បាយចិត្តចំពោះការបន្ថែមនេះផងដែរ។ តែទោះជាយ៉ាងណាលោកក៏បានសំណូមពរទៅកាន់ប្រជាពលរដ្ឋក្នុងការចូលរួមទប់ស្កាត់និងពន្លត់អគ្គិភ័យ ដោយលោកបានស្នើសុំឲ្យប្រជាពលរដ្ឋមានវិធានការពារចំពោះអគ្គិភ័យដោយតម្រូវឲ្យមានឧបករណ៍ពន្លត់អគ្គិភ័យ ធុងទឹក បាវខ្សាច់ជាដើម ដើម្បីការពារបឋមចំពោះអគ្គិភ័យនានា។
លោកបន្ថែមថា៖“យើងឃើញឡានមកថ្មីច្រើនមែនពិត តែសូមឲ្យប្រជាពលរដ្ឋមេត្តាចូលរួមឲ្យបានច្រើន វិធានការបង្ការវាប្រសើរជាងរថយន្តពន្លត់អគ្គីភ័យ ជួនកាលរថយន្តពន្លត់អគ្កីភ័យនៅឆ្ងាយឬមួយតំបន់ទីប្រជុំជន អញ្ចឹងវាអាចប្រឈមខ្លះដែរ។ ប៉ុន្តែប្រសិនបើបងប្អូនប្រជាពលរដ្ឋ លោកមានវិធានការចូលរួមការពារឲ្យបានល្អ មានឧបករណ៍ពន្លត់អគ្គីភ័យ មានធុងទឹក បាវខ្សាច់ ទាំងឧបករណ៍សាមញ្ញ ទាំងទំនើបហ្នឹងឲ្យបានល្អ យើងគិតថាប្រសើរជាងរថយន្ត” ។
បើតាម លោក វណ្ណថា រថយន្តពន្លត់អគ្គិភ័យនៅទូទាំងប្រទេសបច្ចុប្បន្នមានចំនួន១២៨គ្រឿង។ លោកបានឲ្យដឹងទៀតថានៅឆ្នាំក្រោយនឹងមានការបន្ថែមរថយន្តនេះជាង៨០គ្រឿងទៀត៕