ចិន​ហាម​ឃាត់សិស្ស​ហែក​សៀវភៅនិង​ស្រែក​នៅ​ពេល​ប្រឡង

(រូបភាពពី China Youth Daily)

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានរាយការណ៍ថា ទីក្រុងចិនមួយបានហាមឃាត់សិស្សសាលាមិនឲ្យហែកសៀវភៅមេរៀនឬក៏ស្រែកនៅក្នុងបរិវេណសាលារៀន ដើម្បីរំសាយសម្ពាធបណ្ដាលមកពីការប្រឡង។

កាសែត China Youth Daily បានរាយការណ៍ថាការហាមឃាត់ដែលធ្វើឡើងដោយការិយាល័យអប់រំទីក្រុងសៀមេនបានកើតឡើងតែ១០ថ្ងៃមុននឹងមានការប្រឡងចូលមហាវិទ្យាល័យថ្នាក់ជាតិ។

សិស្សវិទ្យាល័យជិត១០លាននាក់នៅទូទាំងប្រទេសចិនត្រូវអង្គុយប្រឡងដ៏លំបាករយៈពេលពីរថ្ងៃជារៀងរាល់ឆ្នាំ។

កាសែតនេះបន្តថាសាលារៀនគួរផ្ដល់ការណែនាំចិត្តសាស្ត្រជំនួសវិញ។

ទូរទស្សន៍រដ្ឋចិន CCTV បានរាយការណ៍ថាវិធានការប្លែកៗសម្រាប់ពេលប្រឡងនោះត្រូវបានបង្កើតឡើងប៉ុន្មានឆ្នាំមកហើយ ដោយសារសិស្សបានហែកសៀវភៅពួកគេនិងគ្រវែលចោលនៅតាមអគារសិក្សា។ សិស្សខ្លះជ្រើសរើសយកការស្រែកនៅក្នុងអគារសិក្សា ដើម្បីលើកទឹកចិត្តខ្លួនឯង។

មន្ត្រីទីក្រុងសៀមេនក៏បានជំរុញដល់សាលារៀនឲ្យអនុញ្ញាតដល់សិស្សរំសាយស្ត្រេសតាមវិធីមួយដ៏ល្អសម្រាប់សុខភាព ប៉ុន្តែពុំបានបញ្ជាក់លម្អិតទេ។

ការប្រឡងថ្នាក់នេះហៅថា Gaokao។ វាជាការប្រឡងដើម្បីកំណត់ថា តើសិស្សនឹងបន្តសិក្សានៅមហាវិទ្យាល័យមួយណា។

យុវជនក្មេងៗជនជាតិចិនចាត់ទុកការប្រឡងនេះជាចំណុចរបត់មួយដែលអាចផ្លាស់ប្ដូរជីវិតមនុស្សម្នាក់ ដូចជា កសិករក្រីក្រ ឬវេជ្ជបណ្ឌិត កម្មកររោងចក្រ ឬអ្នកវិទ្យាសាស្ត្រ។

ការប្រឡងនេះបានរងការរិះគន់ថានាំទៅរកវប្បធម៌កុហកនិងការទន្ទេញចាំ។ នៅពេលលោកអ្នកប្រកួតប្រជែងជាមួយសិស្សរាប់លាននាក់ ដើម្បីឱកាសដ៏តូចចង្អៀតនោះ ការកុហកមានកម្រិតខ្ពស់ហើយលោកអ្នកអាចលឺជនជាតិចិននិយាយរឿងនេះដោយចំហរ។

នៅពេលស្ត្រេសកើនឡើងដល់កម្រិតកំពូលដែលកើតចេញពីការប្រឡងនេះ វានឹងនាំទៅរកវិបត្តិផ្លូវចិត្តនិងអាចធ្វើអត្តឃាតផងដែរ។

លោក Jack Ma ស្ថាបនិកក្រុមហ៊ុន Alibaba ត្រូវអង្គុយប្រឡង Gaokao នេះដល់ទៅ៣ដង ដើម្បីបានចូលរៀននៅមហាវិទ្យាល័យ។ នាយករដ្ឋមន្ត្រីចិន លោក Li Keqiang ធ្លាប់ប្រើការប្រឡងនេះ ដើម្បីចាកចេញពីមហាវិទ្យាល័យអន់មួយនៅខេត្តអានហួយ ទៅរៀននៅមហាវិទ្យាល័យល្បីល្បាញរបស់ចិននៅទីក្រុងប៉េកាំង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ