ហុងកុង​ធ្វើ​បាតុកម្ម​មុនខួប​២៧​ឆ្នាំ​នៃព្រឹត្តការណ៍​ធៀនអានមេន

(រូបភាពពី AFP)

បាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យរាប់រយនាក់បានដង្ហែក្បួននៅកណ្ដាលទីក្រុងហុងកុង កាលពីថ្ងៃអាទិត្យម្សិលមិញនៅមុនខួបលើកទី២៧ នៃការបង្ក្រាបនៅទីលានធៀនអានមេន នៅទីក្រុងប៉េកាំង កាលពីឆ្នាំ១៩៨៩។

ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថាក្រុមមេដឹកនាំគាំទ្រលទ្ធិប្រជាធិបតេយ្យនៅទីក្រុងហុងកុង ដូចជា លោក Lee Cheuk-yan បានអំពាវនាវឲ្យទប់ស្កាត់ការបង្ក្រាបនៅទីលានធៀនអានមេននិងបញ្ចប់របបគ្របគ្រងឯកបក្សនៅចិន។

លោក Lee បាននិយាយថានេះគឺជាខួបលើកទី២៧ឆ្នាំ ហើយប្រជាជននៅទីក្រុងហុងកុងនៅតែអំពាវនាវការពារថ្ងៃទី០៤ ខែមិថុនា និងបញ្ចប់របបគ្រប់គ្រងឯកបក្សនៅចិន។ លោកបន្តថាមនុស្សគ្រប់គ្នាអាចមើលឃើញថា ការបង្ក្រាបដែលកើតឡើងនៅឆ្នាំ១៩៨៩ វាក៏បានឡើងវិញនៅទីក្រុងហុងកុងនាពេលសព្វថ្ងៃនេះដែរ។

ក្រុមអ្នកគាំទ្រក្រុងប៉េកាំងរាប់សិបនាក់ដូចជាលោក Peter Lam បានស្រែកលុបលើក្រុមបាតុករដោយអះអាងថា ពួកគេកំពុងនិយាយបំផ្លើសអំពីហេតុការណ៍នោះ។

លោក Lam និយាយថា៖ «សម្រាប់ខួប២៧ឆ្នាំនេះ ក្រុមមេដឹកនាំប្រជាធិបតេយ្យកំពុងរៀបចំក្បួនដង្ហែរដើម្បីទាញចំណាប់អារម្មណ៍ទៅហេតុការណ៍បង្ក្រាបនៅទីលានធៀនអានមេន។ ខ្ញុំគិតថាវាមិនមែនជាការពិតនោះឡើយ។ មានការបាត់បង់ជីវិតមនុស្សនៅក្នុងបាតុកម្មឆ្នាំ១៩៨៩ ប៉ុន្តែអ្នកស្លាប់ភាគច្រើនគឺជាទាហានព្រមទាំងជាពលរដ្ឋនិងនិស្សិតស្លូតត្រង់»។

ក្រុមមេដឹកនាំប្រជាធិបតេយ្យគ្រោងរៀបចំពិធីស្មឹងស្មាធមួយនៅរាត្រីថ្ងៃទី០៤ ខែមិថុនា ជាការរំលឹកដល់ការបង្ក្រាបនោះ។

ទីក្រុងហុងកុងដែលបានវិលត្រឡប់ទៅស្ថិតក្រោមការគ្រប់គ្រងរបស់ចិនវិញនោះគឺជាដែនដីចិនតែមួយគត់ ដែលរំលឹកដល់ថ្ងៃទី០៤ ខែមិថុនា។ ការជជែកពិភាក្សាអំពីការតវ៉ាឆ្នាំ១៩៨៩ត្រូវបានហាមឃាត់នៅចិនដីគោក។

ចិនបានបញ្ជូនរថក្រោះទៅបំបែកការតវ៉ាដឹកនាំដោយនិស្សិតនៅទីលានធៀនអានមេន ក្នុងទីក្រុងប៉េកាំង កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ១៩៨៩។ ចិនមិនដែលបញ្ចេញតួលេខអ្នកស្លាប់នោះឡើយ ប៉ុន្តែការប៉ាន់ស្មានរបស់ក្រុមសិទ្ធិមនុស្សនិងសាក្សីថាមានចំនួនចាប់ពីច្រើនរយនាក់ទៅច្រើនពាន់នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ