ផលិតករ​​ថៃអះអាង​ពីការ​​​​​​ពង្រឹង​ភាព​យន្ត​ខ្មែរ

កញ្ញា​ នី មុន្នីនាថនិងលោក ​ណារ៉ុត ​​ប៊ុន​ថាំ ​ផលិតករ​ជនជាតិ​ថៃ

ចាត់ទុកជាសញ្ញាណវិជ្ជមានដែលផលិតករថៃបានប្រកាសអោយដឹងថាខ្លួននឹងប្ដេជ្ញាផលិតរឿងភាគខ្មែរអោយកាន់តែខ្លាំង ព្រមជាមួយការជួយបណ្ដុះផលិតករខ្មែរ ដើម្បីអោយភាពយន្តខ្មែររឹងមាំទៅថ្ងៃអនាគត។ ការប្រកាសនេះត្រូវបានតារាសម្ដែង កញ្ញា នី មុន្នីនាថ អបអរសាទរ ដោយនាងបញ្ជាក់ថានោះគឺជាអ្វីដែលតារាខ្មែរនិងផលិតករខ្មែរចង់បាន ហើយក៏នឹងធ្វើអោយវិស័យភាពយន្តខ្មែរមានការរីកចំរើនផងដែរ។

ក្នុងពិធីជប់លៀងបិទបញ្ចប់សកម្មភាពថតរឿង«ភ្លើងស្នេហ៍ភ្លើងឫស្យា»របស់ប៉ុស្ដិ៍លេខ៥ លោកណារ៉ុត ប៊ុនថាំ ជនជាតិថៃដែលអះអាងថាមានបទពិសោធន៍ផលិតភាពយន្តភាគថៃជាច្រើនអោយល្បីនៅក្នុងប្រទេសថៃ បានអះអាងថាក្រុមការងាររបស់លោកនិងប៉ុស្ដិ៍លេខ៥ បានសម្រេចធ្វើរួមគ្នាក្នុងរយៈពេលយូរ ដើម្បីផលិតរឿងខ្មែរស្ថាប័នមួយនេះរហូតដល់ប៉ុស្ដិ៍លេខ៥អាចមានធនធានផលិតករខ្មែរគ្រប់គ្រាន់។ លោកបន្តថាការចុះថតកន្លងមក លោកតែងតម្រូវអោយប៉ុស្ដិ៍លេខ៥ទម្លាក់ផលិតករខ្មែរអោយកាន់តែច្រើន ដើម្បីទទួលបានចំណេះដឹងពីបច្ចេកទេសថត របៀប ប្រើប្រាស់ឧបករណ៍និងចេះដឹកសម្ដែងអោយមានស្ដង់ដារតែម្ដង ដែលលោកនិងក្រុមការងារនឹងបង្រៀនអោយស្ទាត់។ លោកនិយាយថា៖ “ក្រៅពីផលិតរឿងខ្មែរអោយខ្លាំងសម្រាប់ម៉ោងមាស យើង និងប៉ុស្ដិ៍លេខ៥ក៏នឹងបណ្ដុះបណ្ដាលផលិតករខ្មែរអោយមានចំណេះដឹងនេះអោយកាន់តែល្អផងដែរ!”។ លោកថាផលិតករថៃនឹងជួយជំរុញវិស័យភាពយន្តនៅក្នុងប្រទេសកម្ពុជាតាមរយៈប៉ុស្ដិ៍លេខ៥អោយមានកម្រិតស្ដង់ដារ ដោយលោកក៏បានសរសើរពីសមត្ថភាពរបស់តារាខ្មែរ និងក្រុមការងារផលិតករខ្មែរ បន្ទាប់ពីបានរួមការងារគ្នាក្នុងរឿង«ភ្លើងស្នេហ៍ភ្លើងឫស្យា»នោះផង។

លោក ហួង តារាមុន្នី ប្រធានផលិតកម្មវិធីកម្សាន្តនៅប៉ុស្ដិ៍លេខ៥បានអះអាងថាដើម្បីប្រកួតប្រជែងទីផ្សារស្ថាប័នរបស់លោកសម្រេចបន្តសហការជាមួយផលិតករថៃ ដើម្បីអោយផលិតរឿងភាគខ្មែរអោយបានកាន់តែខ្លាំង។ លោកថាក្រុមផលិតរបស់លោកណារ៉ុត ប៊ុនថាំ គឺជាក្រុមដែលមានបទពិសោធន៍ខ្ពស់ក្នុងការផលិតរឿងភាគទូរទស្សន៍ ហើយក៏មានឧបករណ៍ទំនើបៗក្នុងវិស័យផលិតភាពយន្តផងដែរ។ យ៉ាងណាក៏ដោយលោកថាចំពោះផលចំណេញគឺមិនមាននោះទេ ដោយសារតែការផលិតរឿងដោយប្រើក្រុមផលិតរបស់ថៃមានការចំណាយខ្ពស់មិនស៊ីនឹងចំណូលដែលទទួលបានពីពាណិជ្ជកម្មក្នុងម៉ោងបញ្ចាំងរឿង។ លោកនិយាយថា៖ “រាល់ថ្ងៃហ្នឹងយើងមើលអស់ឃើញចំណេញទេ ប៉ុន្តែហេតុអ្វីយើងសុខចិត្តចំណាយរាប់សែនដុល្លារសម្រាប់ខាតលើគម្រោងហ្នឹង គឺដោយសារតែយើងចង់អោយម៉ោងមាសរបស់យើងមានរឿងប្រកួតប្រជែង និងសំខាន់ជាងគេគឺយើងចង់អោយក្រុមការងារប៉ុស្ដិ៍លេខចេះជំនាញផលិតកុនពីក្រុមផលិតករថៃដែលចុះមកទាំងអស់ហ្នឹង!”។ លោកថាប៉ុស្ដិ៍លេខ៥ នឹងកាត់បន្ថយក្រុមការងារផលិតថៃបន្តិចម្ដងៗ  ហើយនៅពេលរឹងមាំនោះក្រុមការងារជាជនខ្មែរសុទ្ធសាធរបស់ប៉ុស្ដិ៍លេខ៥នឹងចេញធ្វើសកម្មភាពផលិតរឿងដោយខ្លួនឯង។

កញ្ញា នី មុន្នីនាថ និយាយថាអ្វីដែលបានប្រកាសឡើងគឺជាជំហរ១០០ភាគរយដែលនាងក៏ដូចជាតារាទាំងអស់សម្ដែងការអបអរសាទរ។ នាងថាវិស័យភាពយន្តភាគខ្មែរ នឹងកាត់តែមានស្ដង់ដារដោយសារតែវត្តមានរបស់ផលិតករថៃតាមរយៈការផលិតរឿងនៅប៉ុស្ដិ៍លេខ៥។ ជាក់ស្ដែងក្រោយការប្រឡូកការងារក្នុងរឿង«ភ្លើងស្នេហ៍ភ្លើងឫស្យា»នាងថាទទួលបានចំណេះដឹងច្រើនណាស់ ដូចជាការតុបតែងមុខ ការរៀបចំខ្លួនអោយស៊ីនឹងឈុតឆាកនីមួយៗ និងជាពិសេសគឺការសម្ដែងអោយល្អអោយចូលតួតែម្ដង។ នី មុន្នីនាថ និយាយថាធ្វើការជាមួយផលិតករថៃតារាខ្មែរមិនខុសពីព្រះនាងម្ចាស់និងព្រះអង្គម្ចាស់នោះទេដោយសារតែសំលៀកបំពាក់និងការចាត់ចែងផ្សេងគឺសុទ្ធតែត្រូវក្រុមការងាររៀបចំទាំងអស់។ ជាមួយគ្នានោះ នាងក៏បានបញ្ជាក់ថាខ្សែរឿង«ភ្លើងស្នេហ៍ភ្លើងឫស្យា»កំពុងធ្វើអោយនាងទទួលបានការសរសើរក្រោយពីបានដំណើរការដាក់ផ្សាយបាន១២ភាគនៅលើប៉ុស្ដិ៍លេខ៥ ដូចគ្នានឹងការរំពឹងទុកផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ