ក្រសួងថាទាល់តែបិទហិបឆ្នោតទើបឲ្យអ្នកសារព័ត៌មានផ្សាយបាន

​លោក ខៀវ កាញារីទ្ធ ​រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន​ នាពេលកន្លង​មក

ក្រសួងព័ត៌មានថាមិនឲ្យអ្នកសារព័ត៌មានធ្វើការផ្សាយឬអត្ថាធិប្បាយទាក់ទាក់នឹងដំណើរការបោះឆ្នោត មុនពេលដែលការបោះឆ្នោតត្រូវបានបញ្ចប់នោះទេ ដោយថាកុំឲ្យមានការភាន់ច្រឡំពីសាធារណៈជន។

លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ខៀវ កាញារីទ្ធ បានថ្លែងបែបនេះ ក្នុងសិក្ខាសាលា ថ្ងៃទី៣០ ខែសីហានេះ ស្តីពី នីតិវិធី និងច្បាប់បោះឆ្នោតដែលធ្វើនៅក្រសួងព័ត៌មាន ។ លោកមានប្រសាសន៍៖”ធម្មតានៅក្នុងពេលថ្ងៃបោះឆ្នោត ជាធម្មតាគេសុំឲ្យអ្នកកាសែតនៅស្ងាត់ស្ងៀម បានន័យថា ដោយសារយើងយល់ហើយថា បួន ប្រាំរឿងមកហើយនេះ យើងដឹងថា របៀបការផ្សព្វផ្សាយមានពីរបែប ទី១ការផ្សព្វផ្សាយ គ្រាន់តែយកមនុស្សពីរ បីនាក់ ហាក់ដូចជាបំពងសំឡេងធំ ដូច្នេះហើយដែលធ្វើឲ្យមានការប៉ះពាល់លើការប្រព្រឹត្តទៅនៃការបោះឆ្នោត។ និយាយរួមសូមឲ្យស្ងាត់ស្ងៀមតែម្តងនៅពេលដែលក្រោយការបោះឆ្នោតបិទបញ្ជី បិទហិបបោះឆ្នោតហើយទើបអ្នកកាសែតអាចធ្វើអត្ថាធិប្បាយអ្វីផ្សេងបានទៀត  ហើយដើម្បីប្រជាជនគាត់មានការស្ងប់អារម្មណ៍របស់គាត់ក្នុងការងារនេះ”។

កាលពីការបោះឆ្នោតឆ្នាំ២០១៣ ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យមួយចំនួនបានផ្សាយផ្ទាល់ពីដំណើរការបោះឆ្នោត ដោយមានអ្នករាយការណ៍ពីភាពមិនប្រក្រតីមួយចំនួនដែលបានកើតនៅតាមមណ្ឌលបោះឆ្នោត។

ពេលនោះមន្រ្តីក្រសួងព័ត៌មានបានទូរស័ព្ទប្រាប់វិទ្យុ VOD ឲ្យផ្អាកការផ្សាយ។

អគ្គលេខាធិការក្លឹបអ្នកកាសែតកម្ពុជាលោក ពុយ គា មានប្រសាសន៍ថា អ្នកសារព័ត៌មានមានសិទ្ធិក្នុងការផ្សព្វផ្សាយពីព័ត៌មានដែលប្រមូលបាន ប៉ុន្តែលោកថា រាល់ការផ្សព្វផ្សាយត្រូវមានប្រភពច្បាស់លាស់៖មិនឲ្យផ្សាយទាល់ចេញលទ្ធផលមិនត្រូវទេ បើជាទូទៅបើអ្នកសារព័ត៌មានអាចផ្សាយនៅពេលណាក៏បាន ប៉ុន្តែគ្រាន់តែត្រូវគោរពវិជ្ជាជីវៈរបស់ខ្លួន ទម្លាប់បែបហ្នឹងមិនមែនធ្វើត្រឹមតែស្រុកខ្មែរទេ ស្រុកណាក៏គេធ្វើអញ្ចឹងដែរ គឺគេអាចផ្សាយនៅពេលណាក៏បានដែរ ប៉ុន្តែត្រូវមានប្រភពច្បាស់លាស់ ត្រូវបញ្ជាក់អំពីស្ថានភាព ត្រូវបញ្ជាក់អំពីដំណើរការបោះឆ្នោតមានទំរង់យ៉ាងម៉េច បែបបទយ៉ាងម៉េច កាលៈទេសៈយ៉ាងម៉េចបញ្ជាក់ឲ្យយល់ពី (concepte)គំណិតហ្នឹងទៅវាបបូរហើយ


ប្រធាននាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលោក ខន កែវមនោ ថ្លែងក្នុងសិក្ខាសាលានោះថា ក្នុងសេចក្តីព្រាងក្រមសីលធម៌ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងដំណើរការបោះឆ្នោត ក្នុងមាត្រាមួយចំនួនបានកំណត់ថា អ្នកសារព័ត៌មានមិនត្រូវផ្សព្វផ្សាយព័ត៌មានណាដែលមានការញុះញង់ មួលបង្កាច់ បរិហាកេរ្តិ៍ រើសអើង ប្រកាន់ពូជសាសន៍ ឬប្រើប្រាស់ភាសាញុះញង់ ឬវាយប្រហារ ដែលអាចបង្កភាពគ្មានសណ្តាប់ធ្នាប់ឬអាចបង្កឲ្យមានអំពើហិង្សាជាដើម
“នៅក្នុងបំរាមនេះក៏សុំឲ្យអស់លោក លោកស្រីចាប់អារម្មណ៍ដែរថាធ្វើយ៉ាងណាកុំឲ្យមានការផ្សព្វផ្សាយព័ត៌មានឲ្យមានការភាន់ច្រឡំឲ្យបាត់ទំនុកចិត្តទៅលើការរៀបចំការបោះឆ្នោត ផ្សព្វផ្សាយឲ្យមានការយល់ខុស សរសេរបញ្ឆិតបញ្ឆៀង ដើម្បីសាធារណៈជនមានការសង្ស័យដោយអយុត្តធម៌លើបុគ្គលណាម្នាក់ ក្រុម ឬបក្សណាមួយ”។

លោក ខន កែវមនោ ថ្លែងទៀតថា  បើប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងអ្នកសារព័ត៌មានដែលប្រព្រឹត្តល្មើសនឹងច្បាប់បោះឆ្នោត បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតឬក្រមសីលធម៌ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។

នាយកប្រតិបត្តិអង្គការនិចហ្វិចលោក សំ គន្ធាមី មានប្រសាសន៍ថា បើសិនជាក្រសួងព័ត៌មានដាក់កំហិតមិនឲ្យផ្សព្វផ្សាយ ឬការធ្វើអត្ថាធិប្បាយនៅពេលដំណើរការបោះឆ្នោតលោកថាជាការរំលោភសិទ្ធិសេរីភាពអ្នកសារព័ត៌មាន៖”ពេលណាគាត់មានព័ត៌មាន គាត់ផ្សព្វផ្សាយពេលហ្នឹង មិនចំាបាច់ថាទុកព័ត៌មាន ហើយដល់ពេល មានពេលណាមួយ ពេលកំណត់ណាមួយកំណត់មិនឲ្យ មិនអាចទេ នេះជាការកម្រិតព្រំដែនព័ត៌មានមួយ សេរីភាពព័ត៌មានហើយ”។

គួរបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ និងការបោះឆ្នោតថ្នាក់ជាតិធ្វើនៅ ខែកក្កដា ឆ្នាំ២០១៨៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ