តុលាការកាត់ក្តីកំបំាងមុខឲ្យ​​លោក កឹម សុខា ជាប់ទោស៥ខែ

សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃព្រហស្បតិ៍នេះបានកាត់ទោសកំបំាងមុខឲ្យលោក កឹម សុខា ជាប់ទោសចំនួន៥ខែពាក់ព័ន្ធនឹងបទល្មើសបដិសេធមិនចូលខ្លួនក្នុងនាមជាសាក្សីក្នុងសំណុំរឿង ខុម ចាន់ដារ៉ាទី ហៅស្រីមុំ។

នៅម៉ោងជាង២រសៀលនេះ ចៅក្រមជម្រះក្តីលោក កែវ មុនី បានប្រកាសសាលក្រមថាផ្តន្ទាទោស លោក កឹម សុខា កំបំាងមុខ ដោយដាក់ពន្ធនាគារ៥ខែ ខណៈបទល្មើសនេះជាប់ទោសខ្ពស់បំផុតត្រឹម៦ខែនិងពិន័យជាប្រាក់៨សែនរៀល។

លោក កែវ មុនី បញ្ជាក់ថា លោក កឹម សុខា មានសិទ្ធិប្តឹងជំទាស់ទៅសាលាឧទ្ធរណ៍តាមច្បាប់កំណត់ បើករណីលោកមិនព្រមទទួលយកការសម្រេចនេះ។

ពាក់ព័ន្ធនឹងករណីនេះ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិលោក យឹម សុវណ្ណ មិនទទួលយកការសម្រេចនេះទេ ដោយលោកថា តុលាការធ្វើឡើងដោយរំលោភអភ័យឯកសិទ្ធិតំណាងរាស្ត្រនិងរំលោភរដ្ឋធម្មនុញ្ញ៖ “ទីមួយយើងយល់ថា វាផ្ទុយនឹងឆន្ទៈរបស់យើង ចង់ឲ្យទម្លាក់ចោលការប្តឹងផ្តល់ករណីហ្នឹង ព្រោះយើងយល់ថាការធ្វើមិនស្របតាមរដ្ឋធម្មនុញ្ញ រំលោភអភ័យឯកសិទ្ធិតំណាងរាស្ត្រ ហើយទីពីរយើងនឹងបន្តការតស៊ូមតិតទៅទៀត ដើម្បីរកដំណោះស្រាយតាមនីតិវិធី“។

អ្នកគ្រប់គ្រងបច្ចេកទេសឃ្លាំមើលការរំលោភសិទ្ធិមនុស្សអង្គការលីកាដូលោក អំ សំអាត យល់ថាការកាត់ក្តីកំបំាងមុខឲ្យលោក កឹម សុខា គឺជារឿងនយោបាយ ដោយលោកថាអ្នកនយោបាយគួរតែរកវិធីដោះស្រាយគ្នាជាជាងយកប្រព័ន្ធតុលាការធ្វើជាឧបករណ៍នយោបាយបែបនេះ។ លោកបន្តថា៖ “យើងប្រើប្រព័ន្ធនីតិវិធីផ្លូវច្បាប់ជាការត្រឹមត្រូវ ប៉ុន្តែយ៉ាងណាក៏ដោយនៅតែមានមតិគេរិះគន់ថា នេះវាកើតចេញពីបញ្ហានយោបាយ បើទុកច្រកដើម្បីដោះស្រាយគ្នាតាមផ្លូវនយោបាយ ខ្ញុំគិតថាវាជាការល្អ ហើយវាជាការបន្ថយនូវស្ថានភាពនយោបាយដ៏តានតឹងមួយផងដែរ“។

លើសពីនេះទៀត លោក អំ សំអាត បញ្ជាក់ថា បើមានការចាប់ខ្លួនលោក កឹម សុខា ដាក់ពន្ធនាគារ លោកថានឹងធ្វើឲ្យសហគមន៍អន្តរជាតិនិងមតិជាតិរិះគន់ប្រព័ន្ធតុលាការថាមិនមានភាពឯករាជ្យ។

គួរបញ្ជាក់ថាប្រធានស្តីទីគណបក្សសង្គ្រោះជាតិលោក កឹម សុខា ត្រូវបានគេចោទថាមានទំនាក់ទំនងស្នេហាលួចលាក់ជាមួយ ខុម ចាន់ដារ៉ាទី ហៅស្រីមុំ។ ក្រោយមកតុលាការបានចេញដីកាបង្គាប់ឲ្យចូលខ្លួនក្នុងនាមជាសាក្សីជាបន្តបន្ទាប់ តែលោកបានបដិសេធមិនចូលខ្លួនតាមដីកាកោះ។

លោក កឹម សុខា កំពុងស្នាក់នៅក្នុងទីស្នាក់ការគណបក្សសង្គ្រោះជាតិនៅចាក់អង្រែលើជាងបីខែមកហើយ បន្ទាប់ពីមានការប៉ុនប៉ងចាប់ខ្លួនលោកមិនបានសម្រេចកាលពីចុងខែឧសភាពីសំណាក់អាជ្ញាធរនិងបន្ទាប់ពីលោកបដិសេធមិនចូលខ្លួនតាមដីកាកោះចំនួនពីរលើក។

សំណុំរឿងលោក កឹម សុខា ត្រូវបានក្រុមអង្គការជាតិនិងអន្តរជាតិចាត់ទុកថាជារឿងនយោបាយ ហើយទាមទារឲ្យទម្លាក់បទចោទលើមេដឹកនាំបក្សប្រឆំាងនោះផងដែរ។ ចំណែកអ្នកវិភាគ អ្នកច្បាប់ និងមន្ត្រីសិទ្ធិមនុស្ស យល់ថា សំណុំរឿងនោះតុលាការធ្វើឡើងរំលោភលើអភ័យឯកសិទ្ធិតំណាងរាស្ត្រដោយផ្ទុយពីច្បាប់រដ្ឋធម្មនុញ្ញ តែមន្ត្រីរដ្ឋាភិបាលបានបដិសេធចំពោះការលើកឡើងនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ