បក្ស​ប្រឆាំង​ប្រកាស​គាំ​ទ្រ​ជំហរ​ប្រទេស​៣៦​ជុំ​វិញ​បញ្ហា​នយោបាយ​ និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា

គណបក្សប្រឆាំង កាលពីថ្ងៃម្សិលមិញ បានប្រកាសថា គណបក្សនេះគាំទ្រ “យ៉ាងពេញទំហឹង” ទៅលើសេចក្ដីប្រកាសរួមរបស់បណ្ដាប្រទេសចំនួន ៣៦ ស្ដីពីបញ្ហាសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា។

កាលពីថ្ងៃទី១៤ខែកញ្ញា ប្រទេសចំនួន ៣៦មានសហរដ្ឋអាមេរិក អាល់បានី អូស្រ្តាលី ជប៉ុន កាណាដា ម៉ាសេដូនី ណ័រវ៉េ ស្វីស អ៊ុយក្រែន និងប្រទេសចំនួន២៨ជាសមាជិកនៃសហភាពអឺរ៉ុបបានបង្ហាញជំហររួមគ្នាថាស្ថានការណ៍នយោបាយនៅកម្ពុជាបានគំរាមកំហែងសកម្មភាពស្របច្បាប់របស់គណបក្សប្រឆាំងនិងអង្គការមិនមែនរដ្ឋាភិបាលដែលធ្វើការផ្នែកសិទ្ធិមនុស្ស។

ប៉ុន្តែ តំណាងរដ្ឋាភិបាលកម្ពុជាប្រចាំអង្គការសហប្រជាជាតិ លោក នៃ សំអុល កាលពីថ្ងៃទី១៤ ខែកញ្ញា បានច្រានចោលសេចក្ដីសម្រេចរួមរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដោយថា អង្គការ និងគណបក្សនយោបាយនៅកម្ពុជា កំពុងធ្វើសកម្មភាពដើម្បីកេងចំណេញនយោបាយ។

ទោះជាយ៉ាងណា នៅក្នុងសេចក្ដីប្រកាសព័ត៌មានកាលពីថ្ងៃម្សិលមិញ គណបក្សសង្គ្រោះជាតិ បានប្រកាសថា ខ្លួនគាំទ្រ “ពេញទំហឹង” ទៅលើសេចក្ដីប្រកាសរួមនោះ។

យោងតាមសេចក្ដីប្រកាសរួមនោះ បណ្ដាប្រទេសទាំង ៣៦នោះ បានអំពាវនាវទៅរដ្ឋាភិបាលកម្ពុជា ឲ្យបង្កើតបរិយាកាសនយោបាយមួយ ដែលអង្គការសង្គមស៊ីវិល និងគណបក្សប្រឆាំង អាចធ្វើសកម្មភាពដោយសេរី និងគ្មានការភ័យខ្លាច។

ប្រទេសទាំងនោះ ក៏បានជំរុញទៅរដ្ឋាភិបាលកម្ពុជា ឲ្យអនុញ្ញាតឲ្យមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ដើម្បីធានាភាពស្របច្បាប់របស់រដ្ឋាភិបាល នៅចំពោះមុខប្រជាពលរដ្ឋ និងសហគមន៍អន្តរជាតិ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ