បក្សប្រឆាំងថាមិនចូលប្រជុំសភាព្រោះខ្លាចគេវាយតំណាងរាស្ត្រដូចឆ្នាំមុន

តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ

គណបក្សប្រឆាំងអះអាងថា ការដែលបក្សនេះមិនចូលប្រជុំសភាថ្ងៃសុក្រនេះដោយសាតែបារម្ភពីសុវត្ថិភាព ដោយថាពួកគេអាចនឹងត្រូវបាន មនុស្សមួយក្រុមដែលគេរៀបចំទុកបង្កហិង្សាឲ្យរងគ្រោះដូចកាលពីឆ្នាំមុន ខណៈមានបាតុកម្មនៅក្រៅប្រទេសប្រឆាំងនឹងលោក ហ៊ុន ម៉ាណែត ។

លោក ហ៊ុន ម៉ាណែត នៅថ្ងៃទី៧ខែតុលានេះ បានទៅដល់ទីក្រុងមួយក្នុងប្រទេសអូស្ត្រាលី។ ប៉ុន្តែវត្តមានកូនប្រុសរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន រូបនោះ ត្រូវបានពលរដ្ឋខ្មែរមួយចំនួននៅអូស្ត្រាលីធ្វើបាតុកម្មប្រឆាំងនឹងវត្តមានលោក ហ៊ុន ម៉ាណែត ដោយថាវត្តមាននោះនឹងរំខានដល់ការរៀបចំពីធីបុណ្យគម្រប់ខួប១០០ថ្ងៃនៃសពរបស់លោកបណ្ឌិត កែម ឡី។

ករណីនេះត្រូវបានមន្ត្រីបក្សប្រឆាំងច្រើនរូបអះអាងថា ពួកគេបានទទួលព័ត៌មានមកថាមានមនុស្សមួយក្រុមត្រូវបានគេរៀបចំទុកដូចពេលមុន សម្រាប់តវ៉ាប្រឆាំងនឹងមន្ត្រីបក្សប្រឆាំងដោយថាបក្សប្រឆាំងជាអ្នកនៅពីក្រោយការតវ៉ាប្រឆាំងនឹងកូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

ក្នុងសន្និសិទសារព័ត៌មាននៅស្នាក់ការគណបក្សសង្រ្គោះជាតិ អ្នកនាំពាក្យលោក យឹម សុវណ្ណ ថ្លែងថាបច្ចុប្បន្ននេះគណបក្សសង្គ្រោះជាតិកំពុងព្យាយាមស្វែងរករកដំណោះស្រាយនយោបាយដោយសន្តិវិធីដែលលោកថា ដើម្បីធានាដល់ការបោះឆ្នោតឆ្នាំ២០១៧ និង២០១៨ខាងមុខ។

លោក យឹម សុវណ្ណ ឲ្យដឹងទៀតថាស្ថិតក្នុងកាលៈទេសៈនេះ គណបក្សសង្គ្រោះជាតិមិនមានចេតនាទៅធ្វើជាអ្នកនៅពីក្រោយបាតុកម្មដែលកើតឡើងនៅក្រៅប្រទេសនោះទេ។

លោក យឹម សុវណ្ណ ថ្លែងថាការមិនចូលប្រជុំសភាពេញអង្គនៅថ្ងៃទី៧ តុលា នេះលោកថាមិនមែនមានន័យថាគណបក្សសង្គ្រោះជាតិធ្វើពហិមិនចូលប្រជុំសភាទេដោយថាយន្តការកោះហៅមន្ត្រីរដ្ឋាភិបាលដែលអសកម្មមកសួរដេញដោលក្នុងសភានៅតែបន្តបើគណបក្សនេះគិតថាចាំបាច់។

បើតាមលោក យឹម សុវណ្ណ អ្វីដែលបក្សប្រឆាំងមិនទាន់ចូលប្រជុំពេលនេះគឺដើម្បីការពារសុវត្ថិភាពអ្នកតំណាងរាស្ត្រ។

លោកថា៖ “ព័ត៌មានចុងក្រោយ ដែលយើងបានទទួលពីប្រភពដែលអាចទាក់ទងបាន ឃើញថាមានការគំរាមកំហែង ទៅលើតំណាងរាស្ត្រថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ។ អញ្ចឹងបានជាយើង ធ្វើការប្រមែប្រមូលព័ត៌មាននេះព្រឹកមិញ។ យើងធ្វើសេចក្តីសម្រេចរួកគ្នាថា តំណាងរាស្ត្រទាំងអស់នឹងមិនទៅចូលរួមប្រជុំនៅថ្ងៃនេះទេ។ ចំណែកការប្រជុំនៅក្រោយៗទៀត យើងនឹងរងចំាមើលបន្តទៅទៀតថា បើកិច្ចប្រនោះមានសារសំខាន់យើងនឹងចូលរួម តែបើកិច្ចប្រជុំនោះគ្មានសារសំខាន់ យើងមិនចូលរួមទេ “។

កាលពីចុងឆ្នាំ២០១៥ ខ្មែរមួយក្រុមនៅប្រទេសបារាំងបានធ្វើបាតុកម្មប្រឆាំងនឹងលោក ហ៊ុន សែន ដែលទៅបំពេញទស្សនកិច្ចផ្លូវការនៅទីនោះ។

មួយថ្ងៃបន្ទាប់ អ្នកគាំទ្រគណបក្សប្រជាជនរាប់សិបនាក់ រួមទាំងទាហាននៅកងអង្គរក្សលោក ហ៊ុន សែន ផងបានធ្វើបាតុកម្មនៅមុខមន្ទីរដ្ឋសភាឲ្យដកតំណែងលោក កឹម សុខា ចេញពីតំណែងជាអនុប្រធានទី១នៃរដ្ឋាសភា។

បានតុកម្មដែលគេដឹងថាភាគច្រើនជាអាជ្ញាធរនិងកម្លាំងប្រដាប់អាវុធចូលរួមនោះ បានបង្កហិង្សា វាយដំអ្នកតំណាងរាស្ត្របក្សប្រឆាំងពីរនាក់ឲ្យរងរបួសធ្ងន់នៅជាប់របងរដ្ឋសភាពេលពួកគេចេញពីប្រជុំ រហូតតំណាងរាស្ត្ររងគ្រោះទាំងពីរនាក់នោះត្រូវបានដឹកតាមយន្តហោះទៅសង្គ្រោះនៅក្រៅប្រទេស។

ប្រធានក្រុមអ្នកតំណាងរាស្ត្រលោក សុន ឆ័យ លើកឡើងដែរថាបើតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិទៅចូលប្រជុំសភានៅថ្ងៃនេះ លោកបារម្ភថាមនុស្សដែលគេរៀបចំទុកនោះនឹងប្រើហិង្សាលើអ្នកតំណាងរាស្ត្រដូចឆ្នាំមុនទៀត។

លោកថា៖ “ធម្មតាពីរនាក់លើកមុន វាយស្ទើតែស្លាប់ទៅហើយ ។ តាមពិតមិនមែនឲ្យរស់ទេ គឺឲ្យស្លាប់ ប៉ុន្តែចៃដន្ត វាអត់ស្លាប់។ អស់លោក គួទៅសាកមើលគួរស់ទេ ក្នុងសភាពការណ៍ហ្នឹង។ ខ្លឹមសារ ដូចបានបញ្ជាក់ហើយគឺគ្មានអីថ្មីទេ  [ដូចដែលបានទទួលកាលពីឆ្នាំមុន] ដូចដែលបានបញ្ជាក់ហើយ និងមានផលវិបាកយ៉ាងធ្ងន់ធ្ង ហើយអាផលវិបាកនឹងបញ្ជាក់ថានឹងធ្ងន់ធ្ងជាងពីមុនទៀត “។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃព្រហស្បតិ៍ទី៦ ខែតុលា បានថ្លែងបែបចំអកថាការចូលប្រជុំសភាឬមិនចូលរបស់តំណាងរាស្ត្របក្សប្រឆាំងលោកថានឹងមិនធ្វើឲ្យបក្សកាន់អំណាចមួយនេះប្រែប្រួលចិត្តទេ។

លោកថា៖ “អាគេចូលសភា យើងក៏នៅតែប៉ុណ្តឹង អាមិនចូលសភាក៏នៅតែប៉ុណ្ណឹង អាចុះមិនដឹងធ្វើម៉េច ស្រេចនឹងតាមមាត់គេទៅ ឯយើងក៏ស្រែកតែយើងអញ្ចឹងដែរ អ្នកថាគឺអ្នកថាទៅ អ្នកធ្វើគឺធ្វើទៅ រឿងតែប៉ុណ្ណឹងទេ» 

នៅថ្ងៃសុក្រទី៧ ខែតុលានេះដែរ លោក ហ៊ុន សែន បានសរសរសារនយោបាយខ្លីមួយលើទំព័រហ្វេសប៊ុករបស់លោកហាក់ដូចជាចំអកទៅបក្សប្រឆាំងថា៖ «ទោះមាន់មិនរងាវ ក៏ព្រះអាទិត្យនៅរះដដែល ព្រោះមិនមែនជាចំណាប់ខ្មាំងរបស់ក្រុមណាមួយនោះទេ» 

យ៉ាងនេះក្តី ក្នុងកម្មវិធីហេឡូវីអូអេរបស់វិទ្យុសំឡេងសហរដ្ឋអាមេរិកជា កាលពីយប់ថ្ងៃទី០៦ ខែតុលា ប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួនៅក្រៅប្រទេសបានអះអាងថា គណបក្សសង្គ្រោះជាតិមិនអាចចូលរួមប្រជុំសភាបានទេដរាបបក្សប្រជាជនកម្ពុជាមិនបានដោះលែងមន្ត្រីរបស់ខ្លួនចំនួនជិត២០នាក់ និងមន្ត្រីសង្គមស៊ីវិល សកម្មជនដីធ្លីផ្សេងៗទៀតដែលកំពុងជាប់ឃុំនោះ។

សាស្ត្រចារ្យវិទ្យាសាស្ត្រនយោបាយលោក សូ ចន្ថា យល់ថាការដែលគណបក្សសង្រ្គោះជាតិមិនចូលប្រជុំសភានេះដោយសារតែមើលទៅមិនមានសញ្ញាចរចាដែលនាំឲ្យមានការដោះលែងអ្នកជាប់ឃុំនយោបាយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ