មន្ដ្រីជាប់កិច្ចសន្យា គ.ជ.ប នៅខេត្ដសៀមរាបត្អូញត្អែរ​ពីការយឺតយ៉ាវបើកប្រាក់កម្រៃ

មន្ដ្រីជាប់កិច្ចសន្យានៃគណៈកម្មាធិការជាតិរៀបចំបញ្ជីឈ្មោះបោះឆ្នោតខេត្ដសៀមរាបមួយចំនួនត្អូញត្អែរថា ពួកគាត់មិនទាន់បើកប្រាក់កម្រៃការងារប្រចាំខែកញ្ញានៅឡើយទេ ដោយអះអាងថាការយឺតយ៉ាវនេះធ្វើឲ្យប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃពួកគេ។

មន្ដ្រីជាប់កិច្ចសន្យាមួយរូបផ្នែកការីកុំព្យូទ័រ នៅសង្កាត់ស្លក្រាម ក្រុងសៀមរាបលោក ទូច ថាន ប្រាប់VODនៅថ្ងៃនេះថា ប្រាក់កម្រៃការងារសម្រាប់ខែកញ្ញាលើសជាង១០ថ្ងៃមកហើយនេះ មិនទាន់បើកឲ្យពួកគាត់នៅឡើយ ដែលលោកថាការយឺតយ៉ាវនេះធ្វើឲ្យប៉ះពាល់ដល់ជីវភាពរបស់ពួកគាត់។ លោកត្អូញត្អែរថា ពួកគាត់បំរើការងារនេះមិនមានថ្ងៃឈប់សម្រាកគឺចាប់ពីថ្ងៃចន្ទដល់ថ្ងៃអាទិត្យ ដើម្បីយកថវិកាផ្គត់ផ្គង់ដល់ការសិក្សានិងជីវភាពរស់នៅប្រចាំថ្ងៃ ជាពិសេសថ្លៃបន្ទប់ស្នាក់នៅជាដើម។ លោកសម្ដែងការមិនសម្បាយចិត្ដចំពោះការយឺតយ៉ាវនេះ ខណៈដែលជីវភាពលោកមានការខ្វះខាត។ លោកបន្ដថា៖ “ធ្វើការមួយថ្ងៃទល់ល្ងាចអត់មានថ្ងៃសៅរ៍អាទិត្យទៀតណាមួយរៀនណាមួយលុយចាក់សាំងម៉ូតូទិញអាហារហូប បើសិនមានថ្ងៃសៅរ៍អាទិត្យចេះតែឆ្លៀតរកបានខ្លះទៅដល់ពេលធ្វើការសៅរ៍អាទិត្យចឹងទៅ វាខ្វះពីមុនថាបើកថ្ងៃទី២៨មុនភ្ជុំបិណ្ឌដល់ពេលដល់ថ្ងៃហើយអត់បានបើកទៀត“។

ជំនួយការផ្នែកអនុប្រធានមួយទៀតអ្នកស្រី ម៉ាក មករា ឲ្យដឹងថា ពួកគាត់ធ្វើការងារមួយថ្ងៃជាង៣ម៉ឺនរៀល ដើម្បីផ្គត់ផ្គង់គ្រួសារ ប៉ុន្ដែផ្ទុយទៅវិញបែជាមានការយឺតយ៉ាវ។ អ្នកស្រីថា អ្នកស្រីគ្មានប្រាក់ចំណូលពីមុខរបរផ្សេងក្រៅពីប្រាក់ខែការងាជាមន្ដ្រីជាប់កិច្ចសន្យានៃ គ.ជ.ប បន្ដិចបន្ទួចប៉ុណ្ណោះ។ អ្នកស្រីជុំរុញឲ្យ គ.ជ.ប ពន្លឿនបើកប្រាក់ខែឲ្យបានឆាប់រហ័ស ដើម្បីដោះស្រាយជីភាពគ្រួសារ ខណៈដែលប្ដីអ្នកស្រីកំពុងមានជំងឺនិងកូនតូចនៅក្នុងបន្ទុក។ អ្នកស្រីបន្តថា៖ “ត្រូវការចំណាយលើការហូបចុក សាំងម៉ូតូ ពួកខ្ញុំសង្ឃឹមប្រាក់ខែមួយមុខពួកខ្ញុំគ្មានពេលវេលាទៅរកស៊ីអីមានប្រាក់ចំណូលដូចអ្នកដទៃទេចឹងពួកខ្ញុំមកធ្វើការសង្ឃឹមតែប្រាក់ខែមួយមុខហើយបើពួកគាត់មិនគិតគូរប្រាក់ខែតើពួកខ្ញុំមានលុយឯណាចាក់សាំងមកធ្វើការមានលុយទិញអាហារមានកម្លាំងមកធ្វើការ“។

VODមិនអាចទាក់ទងអ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា ដើម្បីសុំការឆ្លើយតបលើករណីនេះបានទេ ដោយទូរសព្ទលោកគ្មានអ្នកទទួល។

ប៉ុន្ដែបើតាមលិខិត គ.ជ.ប ចុះថ្ងៃទី៧ខែតុលាឆ្នាំ២០១៦នេះឲ្យដឹងថា ការយឺតយ៉ាវនៃការបើកប្រាក់ខែដល់មន្ដ្រីជាប់កិច្ចសន្យារាជធានី-ខេត្ដរៀបចំការបោះឆ្នោតរយៈពេលខ្លីនេះ ដោយសារក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកំពុងត្រូវត្រួតពិនិត្យឯកសារ។

គួរបញ្ជាក់ថា មន្ដ្រីជាប់កិច្ចសន្យានៃគណកម្មាធិការជាតិរៀបចំបញ្ជីឈ្មោះបោះឆ្នោតឆ្នាំថ្មី ចាប់ផ្ដើមបំរើការងារចាប់ពីថ្ងៃទី១ខែកញ្ញា នឹងបញ្ចប់នៅថ្ងៃទី២៩ខែវិច្ឆិកាឆ្នាំ២០១៦ខាងមុខ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ