មេធាវីការពារក្តីឲ្យមេដឹកនាំបក្សប្រឆំាងបានឲ្យដឹងថា តុលាការកំពូលនឹងបើកសវនាការសំណុំរឿងលោក កឹម សុខា នៅចុងខែតុលានេះ ពាក់ព័ន្ធនឹងការបដិសេធចូលខ្លួនក្នុងនាមជាសាក្សី ដែលតុលាការចាត់ទុកថាជាបទល្មើសព្រហ្មទណ្ឌជាក់ស្តែង។
លោក កឹម សុខា ត្រូវបានតុលាការក្រុងភ្នំពេញកាត់ទោសឱ្យជាប់ពន្ធនាគារ៥ខែ និងពិន័យប្រាក់៨០ម៉ឺនរៀល ពីបទបដិសេធចូលខ្លួនក្នុងនាមជាសាក្សី ទាក់ទងសំណុំរឿងដែលគេចោទថាលោកមានស្នេហាលួចលាក់។
លោក សំ សុគង់ មេធាវីការពារក្តីឲ្យលោក កឹម សុខា បានប្រាប់ VOD នៅថ្ងៃនេះថា នៅម៉ោង៨ព្រឹក ថ្ងៃទី២៨ ខែតុលាខាងមុខនេះ តុលាការកំពូលនឹងបើកសវនាការសំណុំរឿងលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ តាមការស្នើសុំរបស់ក្រុមមេធាវីការពារក្តីឲ្យមេដឹកនាំបក្សប្រឆំាងរូបនោះ។
លោក សំ សុគង់ បញ្ជាក់ថា ក្រុមមេធាវីការពារក្តីឲ្យលោក កឹម សុខា នឹងលើកសំណើរទៅតុលាការកំពូលឲ្យពិនិត្យឡើងវិញលើនីតិវិធីនៃការស៊ើបសួររបស់ចៅក្រមស៊ើបសួរ និងព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញ ដោយលោកថា ការចោទប្រកាន់កូនក្តីលោកកន្លងមក ធ្វើឡើងដោយខុសនីតិវិធីច្បាប់ ខណៈដែលកូនក្ដីរបស់ខ្លួននៅមានអភ័យឯកសិទ្ធិតំណាងរាស្ត្រ និងមិនបានប្រព្រឹត្តបទល្មើសជាក់ស្តែងនោះទេ។
លោក កឹម សុខា បានស្នាក់នៅក្នុងស្នាក់ការគណបក្សជិត៥ខែមកហើយ បន្ទាប់ពីអាជ្ញាធរប៉ុនប៉ងចាប់ខ្លួនលោកមិនបានសម្រេច កាលពីថ្ងៃទី២៦ខែឧសភាកន្លងមក៕