វិភាគ៖​ តើជីវិតនយោបាយ លោក ប៉ែន សុវណ្ណ ផ្តល់បទពិសោធន៍អ្វីខ្លះដល់អ្នកនយោបាយខ្មែរ?

លោក ប៉ែន សុវណ្ណ កាលពីពេលលោកនៅរស់ ក្នុងជំនួបបទសម្ភាសន៍ផ្តាច់មុខជាមួយវីអូឌី កាលពីពេលកន្លងទៅ

អ្នកនយោបាយជើងចាស់មួយរូប គឺលោក ប៉ែន សុវណ្ណ បានទទួលមរណភាពកាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦ ក្នុងជន្មាយុ៨០ឆ្នាំ ដោយរោគាពាធ។

ការស្លាប់របស់លោក ប៉ែន សុវណ្ណ ហាក់មិនសូវមានការចាប់អារម្មណ៍ខ្លាំងពីស្រទាប់មហាជននិងយុវជនទេ បើទោះបីជា លោក ប៉ែន សុវណ្ណ ធ្លាប់បានចូលប្រលូកក្នុងសមរភូមិសង្គ្រាមច្រើនជំនាន់ រហូតបណ្តេញខ្មែរក្រហមចេញពីអំណាច នៅថ្ងៃ៧ មករា ១៩៧៩ ក៏ដោយ។

ការបណ្តេញខែ្មរក្រហមចេញពីអំណាចនៅថ្ងៃទី៧ មករា ឆ្នាំ១៩៧៩ នោះត្រូវបានគេមើលឃើញថា មានការជួយជ្រោមជ្រែងពីប្រទេសវៀតណាម។

ប៉ុន្តែវត្តមានកងទ័ពវៀតណាមនៅកម្ពុជា ពេលនោះមិនបានសាទរពីខ្មែរគ្រប់រូបទេ ដោយអ្នកនយោបាយខ្លះហៅថ្ងៃនោះថា ជាថ្ងៃដែលវៀតណាមលើកទ័ពចូលឈ្លានពានទឹកដីកម្ពុជា។

បើទោះបី លោក ប៉ែន សុវណ្ណ បានឡើងកាន់អំណាចមានតួនាទីជានាយករដ្ឋមន្ត្រី ក្រោយកងព័ទវៀតណាម ចូលវាយលុកកម្ពុជាក៏ពិតមែន។ ប៉ុន្តែ៣ឆ្នាំក្រោយ លោក ប៉ែន សុវណ្ណ  ត្រូវក្រុមការងារលោកបណ្តេញចេញពីតំណែងវិញ ដោយបញ្ជូនទៅឃុំខ្លួននៅប្រទេសវៀតណាមអស់រយៈពេល១០ឆ្នាំ។

ក្រោយពីបានចេញពីពន្ធនាគារ ពោលគឺនៅឆ្នាំ២០១៤ លោក ប៉ែន សុវណ្ណ បានផ្តល់បទសម្ភាសន៍ជាមួយក្រុមការងាររបស់ VOD ថា មូលហេតុដែលក្រុមការងាររបស់លោកចាប់បញ្ជូនលោកទៅដាក់គុគនៅប្រទេសវៀតណាម លោកអះអាងថា ដោយសាតែលោកប្រឆាំងនឹងផែនការរបស់វៀតណាម។

លោកថា៖ «គេសុំខ្ញុំ៣ចំណុច ទី១សុំកាត់ដីលយទៅស្រុកគេ ទី២គេសុំបញ្ចូលនិគមន៍របស់គេក្នុងមួយខេត្ត៣ពាន់គ្រួសារ ខ្ញុំអត់ឲ្យ ទី៣សុំបង្កើត ក៥ ខ្ញុំអត់ឲ្យទៀត។ ទាំងអស់នេះ វាជាផែនការយកដីខ្មែរនិងសម្លាប់ខ្មែរ បញ្ជូលនិគមន៍គេ ខ្ញុំដាច់ខាតមិនឲ្យ។ ហើយដល់អញ្ចឹងទៅ ហ៊ុន សែន គេថាខ្ញុំមានគំនិតជាតិនិយមចង្អៀតចង្អល់ប្រឆាំងវៀតណាម អត់ឲ្យតាំងលំនៅស្រុកខ្មែរ។ គេប្រឆាំងខ្ញុំរហូត ហ៊ុន សែន ហេង សំរិន»។

តើការធ្វើនយោបាយរបស់ លោក ប៉ែន សុវណ្ណ បានផ្តល់គម្រូអ្វីខ្លះដល់អ្នកនយោបាយជំនាន់ក្រោយ?

អ្នកវិភាគនយោបាយបង្ហាញការយល់ឃើញផ្សេងៗគ្នាពីជីវិតធ្វើនយោបាយរបស់ លោក ប៉ែន សុវណ្ណ នេះ។

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា លើកឡើងថា ការអះអាងរបស់ លោក ប៉ែន សុវណ្ណ មិនដឹងថាមានការពិតកម្រិតណាទេ។ ប៉ុន្តែលោកវិភាគថា បើលោក ប៉ែន សុវណ្ណ ពិតជាបានប្រឆាំងនឹងវៀតណាម ខណៈដែល លោក ប៉ែន សុវណ្ណ ដឹងថាការប្រឆាំងនេះ ប្រឈមនឹងបាត់បង់អំណាច តែនៅតែមិនប្តូរចិត្ត លោកវិភាគថា វីរភាពនេះ ជាគំរូល្អសម្រាប់កូនខ្មែរជំនាន់ក្រោយ។

លោកថា៖ «វីរភាពរបស់គាត់ យើងអាចចាត់ទុកបានថា ជាវីរបុរសបានហើយ ជាវីរឥស្សរជនស្នេហាជាតិបានហើយ ដោយសារតែគាត់ ការពារនូវផលប្រយោជន៍ខ្មែរ ជាតិសាសន៍ខ្មែរ គាត់ប្រឆាំងនឹងនិគមន៍វៀតណាមនៅកម្ពុជា។ ប្រឆាំងនឹងការបាត់បង់បូរណភាពទឹកដី។ គាត់ហានប្រឆាំងនឹងនយោបាយរបស់វៀតណាម ដែលចង់ឲ្យយើងធ្វើ ក៥។ នេះជាទស្សនមួយរបស់មេដឹកនាំដែលគិតពីប្រយោជន៍ជាតិ។ ការលើកឡើងហ្នឹង ជាការឆ្លុះពីការស្នេហាជាតិរបស់លោកឯកឧត្តម ប៉ែន សុវណ្ណ។ ប៉ុន្តែគ្រាន់ថា ការឲ្យតម្លៃរបស់ប្រជាពលរដ្ឋខ្មែរនៅមានកម្រិតទាប ដោយសារតែកត្តាផ្សព្វផ្សាយការដឹងឭរបស់ប្រជាពលរដ្ឋនៅមានកម្រិត នេះបើតាមការស្រាវជ្រាវ»។

ប៉ុន្តែលោក ឯម សុវណ្ណារ៉ា វិភាគទៀតថា អ្នកនយោបាយដែលបន្តវេណឬកំពុងគ្រប់គ្រងអំណាចទៅវិញទេ ដែលទទួលរងការរិះគន់ពីប្រជាពលរដ្ឋ បានបញ្ហាដែលលោក ប៉ែន សុវណ្ណ លើកឡើង នៅតែបន្តកើតមាននៅកម្ពុជានោះ។

លោកថា៖ «អ្វីដែលកើតឡើងហ្នឹង វាជះឥទ្ធិពលដល់អ្នកដឹកនាំនយោបាយបច្ចុប្បន្នទៅវិញ ហេតុដូចម្តេចបានថា អ្វីដែលឯកឧត្តម ប៉ែន សុវណ្ណ ប្រឆាំងហ្នឹង វាជាបញ្ហាជាតិ។ អញ្ចឹងបានន័យថា អ្នកបច្ចុប្បន្នហ្នឹង មិនគិតពីប្រយោជាតិ បានបញ្ហាអស់ទាំងហ្នឹងវាកើតឡើង។ អញ្ចឹងលក្ខណនេះ វាឆ្លុះបញ្ចាំងឲ្យឃើញថា ធ្វើឲ្យមេដឹកនាំបច្ចុប្បន្នហ្នឹងមានឱនភាព ប្រសិនបើបញ្ហាហ្នឹងវារំលិចឡើង។ អញ្ចឹងធ្វើឲ្យយុវជននិងមហាជនមើលឃើញជំហរពីរ គឺបញ្ហាលះបង់ជីវិតដើម្បីជាតិ សារប្រយោជន៍សាធារណជនឲ្យតម្លៃទៅលើគាត់ ព្រោះគាត់ជាមេដឹកនាំជាន់ខ្ពស់»។

បើតាមលោក ឯម សុវណ្ណារ៉ា អ្វីដែលជាចំនុចខ្សោយនៃការការដឹកនាំរបស់លោក ប៉ែន សុវណ្ណ គឺនៅពេលដែលលោកប្រឆាំងនឹងបរទេស តែលោកភ្លេចគិតបញ្ជៀបគំនិតស្នេហាជាតិក្នុងគោលដៅតែមួយដល់មន្ត្រីនៅក្នុងបក្ស ដែលលោកវិភាគថា ករណីនេះធ្វើឲ្យលោក ប៉ែន សុវណ្ណ មិនទទួលបានជោគជ័យពីទិសដៅនយោបាយរបស់ខ្លួន។

អ្នកវិភាគនយោយាយមួយរូបទៀត គឺលោកបណ្ឌិត ឡៅ ម៉ុងហៃ លើកឡើងថា លោកមិនឲ្យតម្លៃទៅលើជិវិតនយោបាយរបស់លោក ប៉ែន សុវណ្ណ ទេ ដោយថា លោក ប៉ែន សុវណ្ណ បានក្លាចជាអ្នកនយោបាយផ្តាច់មុខ របស់វៀតណាមតាំងពីដំបូង ដែលលោកប្រើពាក្យថា «ជាអាយ៉ងវៀតណាម»។

លោក ឡៅ ម៉ុងហៃ វិភាគទៀតថា មេដឹកនាំណាក៏ដោយ ឲ្យតែធ្វើជាអាយ៉ងគេ លោកវិភាគថាមេដឹកនាំនោះ ងាយនឹងគេទម្លាក់ចេញពីអំណាច បើការធ្វើនយោបាយនោះមិនបម្រើឲ្យប្រយោជន៍ប្រទេសដែលមានឥទ្ធិពល។

ម្យ៉ាងទៀតលោក ឡៅ ម៉ុងហៃ លើកឡើងទៀតថា ការដឹកនាំសម័យកាលនោះជារបបផ្តាច់ការមិនបានយកចិត្តទុកដាក់ពីការផ្សះផ្សាជាតិនិងបង្រួបបង្រួមជាតិ។

លោកថា៖ «ដូចសព្វថ្ងៃអញ្ចឹង យើងទៅមកៗដែលពីមុននោះប្រឆាំងនឹងចិន ហើយឥឡូវទៅពឹងចិន សឹងថាទៅបំរើផលប្រយោជន៍ចិន។ អាហ្នឹងគឺមេរៀន បាទ! ត្រង់ហ្នឹង គឺឯកភាពជាតិ យើងចុះសម្របសម្រួល ហើយបម្រើប្រជាពលរដ្ឋ មិនបម្រើតែផលប្រយោជន៍ខ្លួនឯង ប្រយោជន៍គ្រួសារខ្លួនឯង ទ្រព្យសម្បត្តិខ្លួនឯង ហើយវាអត់មានការឯកភាពជាតិនោះទេ»។

ប៉ុន្តែសម្រាប់អ្នកឯកទេសនយោបាយនិងអភិបាលកិច្ច លោកបណ្ឌិត ចាន់ វិបុល លើកឡើងថា អ្វីដែលលោក ប៉ែន សុវណ្ណ ហ៊ានប្រឆាំងបរទេសឈ្លានពាន ដើម្បីការពារបូរណភាពទឹកដីរបស់ខ្លួន លោកវិភាគថាទង្វើនោះបង្ហាញថាលោក ប៉ែន សុវណ្ណ ជាវីរជនស្នេហាជាតិ សម្រាប់ជាគំរូដល់យុវជននិងអ្នកនយោបាយជំនាន់ក្រោយ។

លោកថា៖ «លោក ប៉ែន សុវណ្ណ ជាតួអង្គដ៏សំខាន់មួយដែលហ៊ានប្រឆាំងនឹងការដាក់អាណានិគមបរទេស។ ពីព្រោះពេលនោះ វៀតណាមគាត់យកឱកាស ដោយសារតែគាត់បានបញ្ជូនកម្លាំងយោធារបស់គាត់ ដើម្បីជួយក្រុមបដិវត្តន៍រំដោះកម្ពុជា ពីរបបអាវខ្មៅ។ អញ្ចឹងគាត់[វៀតណាម ]ចង់យកកម្ពុជាធ្វើជាអាណានិគម។ យើងបានដឹងហើយថា កាលពីឆ្នាំ១៩៧៩រហូតមកដល់ឆ្នាំ១៩៩០ កម្ពុជាទទួលរងផ្នែកនយោបាយនិងសេដ្ឋកិច្ចពីមហាអំណាចបញ្ឈឹមប្រទេស។ ហើយយើងឃើញថា វៀតណាមនិងរ៉ុស្ស៊ី នៅពេលនោះព្យាយាមដាក់អាណានិគមមកលើកម្ពុជា។ អញ្ចឹងនៅចន្លោះឆ្នាំ១៩៨៩និង៨១នេះ លោក ប៉ែន សុវណ្ណ ជាកម្មាភិបាលមួយក្នុងចំណោមកម្មាភិបាលជាតិជាន់ខ្ពស់នៅពេលនោះ គឺគាត់ប្រឆាំងដាច់ខាតហើយ នៅការដាក់អាណានិគមនេះ»។

បើតាមលោក ចាន់ វិបុល ការដែលលោក ប៉ែន សុវណ្ណ ហ៊ានប្រឆាំងនឹងផែនការនយោបាយរបស់វៀតណាមនៅពេលដែលប្រទេសជាតិទើបរំដោះថ្មីៗពីរបបខ្មែរក្រហមនេះ លោកវិភាគថាមិនមែនជាការសម្រេចលឿនពេលរបស់លោក ប៉ែន សុវណ្ណ ទេ។ តែលោកចាត់ទុកថា ជាការសម្រេចិត្តដ៏ត្រឹមត្រូវមួយរបស់លោក ប៉ែន សុវណ្ណ ដែលលោកថា ដើម្បីទប់ស្កាត់មិនឲ្យមានការឈ្លានពានឬដាក់អាណានិគមពីសំណាក់ប្រទេសជិតខាង។

បើតាមលអ្នកវិភាគ ការចាប់លោក ប៉ែន សុវណ្ណ បញ្ជូនទៅដាក់គុកនៅប្រទេសវៀតណាម១០ឆ្នាំដោយសារតែលោកប្រឆាំងមិនឲ្យកាត់ទឹកដីនៅតាមព្រំដែនឲ្យទៅប្រទេសវៀតណាម ទប់ស្កាត់លំហូរអន្តោប្រវេសន៍ខុសច្បាប់ និងផែនការក៥ និងគម្រោងរាំងខ្ទប់ មិនឲ្យបូជាសពនៅទីតាំងណាមួយ ពួកគេថាជាសញ្ញាណបែកបាក់សាមគ្គីជាតិផ្ទៃក្នុុងរបស់អ្នកនយោបាយខ្មែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ