GDP ជំរុញឲ្យបក្សមានអាសនៈក្នុងសភាជជែកបញ្ហាជាតិ​កុំផ្តោតតែលើបញ្ហាបុគ្គលក្នុងបក្ស

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) ប្រកាសគាំទ្រចំពោះការងាកមកជជែកគ្នាដោយសន្តិវិធីរបស់គណបក្សទាំងពីរដែលមានអាសនៈនៅក្នុងសភា តែគណបក្សថ្មីនេះជំរុញឲ្យជជែកគ្នាដោយផ្តោតលើផលប្រយោជន៍ជាតិ ជាងប្រយោជន៍បុគ្គលនៅក្នុងបក្ស។

ក្នុងសេចក្តីថ្លែងការណ៍របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋានចេញផ្សាយនៅថ្ងៃទី៧ ខែធ្នូ គឺក្រោយតែប៉ុន្មានម៉ោងពេលលោក ហ៊ុន សែន និងលោក កឹម សុខា ចាប់ដៃគ្នានៅក្នុងសភា។ សេចក្តីថ្លែងការណ៍ជំរុញឲ្យគណបក្សមានអាសនៈក្នុងសភាទាំងពីរជជែកគ្នាឈរលើទឹកចិត្តស្មោះត្រង់និងតម្កល់ផលប្រយោជន៍ជាតិជាធំ។

បក្សប្រជាធិបតេយ្យមូលដ្ឋានក៏បានជំរុញឲ្យបក្សប្រឆាំងនិងបក្សកាន់អំណាច ផ្តោតការយកចិត្តទុកដាក់លើបញ្ហាចំពោះមុខដូចជា ប្រព័ន្ធយុត្តិធម៌ ការធានាសិទ្ធិឲ្យពលរដ្ឋបានបោះឆ្នោតគ្រប់គ្នា បញ្ហាគ្រឿងញៀន និង បញ្ហាតម្លៃត្រូវកសិករផលិតបានលក់ក្នុងតម្លៃថោកពេកជាដើម៖ «គណបក្សប្រជាធិបតេយ្យមូលដ្ឋាន សូមក្រើនរំលឹកថា ប្រជាពលរដ្ឋបានបោះឆ្នោតរើសតំណាងរបស់ខ្លួនចំនួន១២៣នាក់ មកពីគណបក្សនយោបាយទាំងពីរឲ្យចេះធ្វើការជាមួយគ្នាតាមយន្តការសភា ដើម្បីដោះស្រាយបញ្ហាជាតិ និងជូនប្រជាពលរដ្ឋ មិនមែនសម្រាប់តែដោះស្រាយបញ្ហាបុគ្គលនៅក្នុងគណបក្សនោះទេ»។

ក្រោយការបោះឆ្នោតអាណត្តិទី៥ ឆ្នាំ២០១៣ គឺមានតែគណបក្សពីរគត់ គឺគណបក្សសង្គ្រោះជាតិនិងគណបក្សប្រជាជនកម្ពុជា មានអាសនៈក្នុងសភា ប៉ុន្តែរយៈស្ទើរពេញមួយអាណត្តិនេះ គឺគណបក្សទាំងពីរមានជម្លោះជាបន្តបន្ទាប់ គឺគណបក្សប្រឆាំងតែងធ្វើពហិការមិនចូលរួមការងារក្នុងសភា ដោយចោទថា បក្សកាន់អំណាច ប្រើអំណាចរំលោភច្បាប់ចាប់មន្ត្រីនិងសកម្មជនរបស់ខ្លួនដាក់ពន្ធនាគារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ