បំផ្ទុះ​គ្រាប់​បែក​លើ​វិហារ​គ្រិស្ដ​មួយ​នៅ​អេហ្ស៊ីប​សម្លាប់​មនុស្ស​២៥​នាក់

ការ​បំផ្ទុះ​គ្រាប់​បែក​ក្នុង​រថយន្ត​មួយ​នៅ​វិហារ​ដ៏​ធំមួយ​ក្នុង​ទីក្រុង​គែរ បាន​សម្លាប់​មនុស្ស​យ៉ាង​តិច ២៥​នាក់ និង​បណ្ដាល​ឲ្យ​មនុស្ស ៤៩​ទៀត​រង​របួស ដោយ​ភាគ​ច្រើន​គឺ​ជា​ស្ត្រី និង​កុមារ ដែល​បាន​ចូល​រួម​ថ្វាយ​បង្គំ​នៅ​ថ្ងៃ​អាទិត្យ។

ការបំផ្ទុះគ្រាប់បែកក្នុងរថយន្តមួយនៅវិហារដ៏ធំមួយក្នុងទីក្រុងគែរ បានសម្លាប់មនុស្សយ៉ាងតិច ២៥នាក់ និងបណ្ដាលឲ្យមនុស្ស ៤៩ទៀតរងរបួស ដោយភាគច្រើនគឺជាស្ត្រី និងកុមារ ដែលបានចូលរួមថ្វាយបង្គំនៅថ្ងៃអាទិត្យ។ នេះដោយយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ដែលបានចាត់ទុកការវាយប្រហារនេះ គឺជាអំពើហិង្សាដ៏បង្ហូរឈាមបំផុតទៅលើអ្នកកាន់សាសនាគ្រិស្ត នៅក្នុងប្រទេសអេហ្ស៊ីប។

ការវាយប្រហារនេះ បានកើតឡើងចំពេលដែលប្រធានាធិបតីអេហ្ស៊ីប លោក អាប់ឌែល ហ្វាតតាហ៍ អាល់ស៊ីស៊ី កំពុងប្រយុទ្ធនឹងសមរភូមិជាច្រើនផ្លូវ។ កំណែទម្រង់សេដ្ឋកិច្ចរបស់លោក បានបង្កឲ្យមានកំហឹងនៅក្នុងចំណោមប្រជាជនក្រីក្រ ការបង្ក្រាបដ៏បង្ហូរឈាមទៅលើក្រុម Muslim Brotherhood បាននាំទៅរកការឃុំខ្លួនមនុស្សរាប់ពាន់នាក់ ខណៈមានការបះបោរនៅតំបន់ស៊ីណៃ ដែលដឹកនាំដោយក្រុមរដ្ឋអ៊ីស្លាម។

ក្រុមឧទ្ទាមក៏បានធ្វើការវាយប្រហារយ៉ាងបង្ហូរឈាមនៅទីក្រុងគែរផងដែរ និងបានជំរុញទៅអ្នកគាំទ្ររបស់ខ្លួន ឲ្យចាប់ផ្ដើមការវាយប្រហារនៅជុំវិញពិភពលោកនៅក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ខណៈដែលក្រុមនេះមានមូលដ្ឋានរឹងមាំនៅអ៊ីរ៉ាក់ និងស៊ីរី។

ភ្លាមៗនេះ ពុំមានក្រុមណាប្រកាសទទួលខុសត្រូវនោះឡើយ ប៉ុន្តែ ក្រុម Muslim Brotherhood និងពួកឧទ្ទាមនៅក្នុងស្រុក សុទ្ធតែថ្កោលទោសការវាយប្រហារនេះ។ ចំណែកក្រុមអ្នកគាំទ្ររដ្ឋអ៊ីស្លាម បានអបរសាទរនៅលើបណ្ដាញសង្គម៕

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។