អ្នកនាំពាក្យរដ្ឋសភាឲ្យដឹងថាគណបក្សប្រឆាំងកំពុងតែពិចារណាឡើងវិញ ពីការកោះហៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃឲ្យឆ្លើយបំភ្លឺទាក់ទងនឹងឃាតកម្មលោក កែម ឡី ខណៈសំណុំរឿងនេះបានទៅដល់ដៃតុលាការហើយ។
អ្នកនាំពាក្យរដ្ឋសភាលោក ឡេង ប៉េងឡុង បានឲ្យវីអូឌីដឹងនៅរសៀលថ្ងៃទី២១ ធ្នូនេះថា នៅថ្ងៃនេះគណកម្មការទី១បានដាក់លិខិតមកកាន់លេខាធិការដ្ឋាននៃរដ្ឋសភាដើម្បីស្នើសុំកោះហៅលោក ស ខេង ឲ្យមកឆ្លើយពាក់ព័ន្ធទៅនឹងសំណុំរឿងឃាតកម្មលោក កែម ឡី តែលោកថា គណកម្មការទី១នេះ កំពុងតែពិភាក្សាជាមួយរដ្ឋសភាពីការកោះហៅនេះ ដោយសារមូលហេតុនៃការផុតដែនសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃចំពោះករណីឃាតកម្មនេះ។
លោកថា៖ «បាទមានតើ តែឥឡូវគាត់កំពុងពិចារណាឡើងវិញ ពីព្រោះពេលគាត់ដាក់ៗអញ្ចើញសម្តេចក្រឡាហោមមកឆ្លើយបំភ្លឺពីរឿងករណីឃាតកម្មលើលោក កែម ឡី ប៉ុន្តែករណីលោក កែម ឡី នោះ វាដល់ដៃតុលាការយូរហើយ។ ដូច្នេះ ហើយ សម្តេច ស ខេង ដូចជាអត់មានអីឆ្លើយទេព្រោះតែ វាបានដល់ដៃតុលាការយូរមកហើយ។ ហើយពេលនេះយើងកំពុងពិភាក្សាជាមួយគាត់ ថាធ្វើមិចទៀតអាចថាអញ្ជើញក្រសួងផ្សេងទៀតដែលពាក់ព័ន្ធក៏មិនដឹង ព្រោះថាក្រសួងមហាផ្ទៃដូចជាអត់មានពាក់ព័ន្ធអីទៀតទេព្រោះវាដល់ដៃតុលាការយូរមកហើយ »។
ទោះជាយ៉ាងណាបើតាមលោក ឡេង ប៉េងឡុង ថាប្រសិនជាគណកម្មការទី១នៅតែចង់ឲ្យសភាកោះអញ្ចើញលោក ស ខេង នោះលោកថារដ្ឋសភាក៏រៀបចំឲ្យមានការឆ្លើយបំភ្លឺនោះផងដែរ។
ប្រធានគណកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង អង្កេត និងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា លោក អេង ឆៃងអ៊ាង បានបញ្ជាក់ប្រាប់សារព័ត៌មានក្នុងស្រុកថា គណកម្មការរបស់លោកមានគម្រោងកោះអញ្ចើញរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង ឲ្យមកឆ្លើយបំភ្លឺទាក់ទងនឹងឃាតកម្មលោក កែម ឡី នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ខាងមុខ។
វីអូឌីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ ដើម្បីឆ្លើយតបពីការចង់ឲ្យមានការកោះហៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃមកឆ្លើយបំភ្លឺនៅក្នុងសភាបាននៅឡើយទេ។
បើតាមលោក អេង ឆៃអ៊ាង គណបក្សប្រឆាំងនឹងកោះហៅរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍនាឲ្យបំភ្លឺពីចំណាត់ការរបស់តុលាការទាក់ទងនឹងឃាតកម្មលោក កែម ឡីនេះដែរ។
គួរបញ្ជាក់ផងដែរថា រហូតមកដល់ថ្ងៃនេះ ការបាញ់សម្លាប់លោក កែម ឡី មានរយពេលជាង៥ខែមកហើយ ដែលអ្នកពាក់ព័ន្ធនៃឃាតកម្មនេះ មិនត្រូវបានចាប់ខ្លួនទេ ក្រៅពីជនសង្ស័យម្នាក់ឈ្មោះ «ជួប សម្លាប់» ហើយភស្ភុតាងជាវីដេអូនៃអំពើឃាតកម្មនេះនៅមិនទាន់ត្រូវបានគេបញ្ចេញជាសាធារណៈនៅឡើយទេ បើទោះបីជាមានការស្នើរសុំយ៉ាងផុសផុលពីសំណាក់ប្រជាពលរដ្ឋដែលប្រើប្រាស់បណ្តាញសង្គមក៏ដោយ ហើយសំណុំរឿងឃាតកម្មមួយនេះគឺកំពុងស្ថិតនៅក្នុងដំណាក់កាលនៃការស៊ើបសួរនៅឡើយ៕