អតីតមេបក្សប្រឆាំង លោក សម រង្ស៊ី ដែលកំពុងនីរទេសខ្លួននៅក្រៅប្រទេស បានបន្តរិះគន់ បក្សកាន់អំណាច ដោយថា បើប្រទេសលោកសេរីមិនគាំទ្រលទ្ធផលបោះឆ្នោតកើតចេញពីការប្រកួតមិនស្មើភាពគ្នានោះ លោកថាបក្សកាន់អំណាចនឹងក្ស័យធនឬបញ្ចប់ជីវិតនយោបាយដោយខ្លួនឯង។
ការលើកឡើងរបស់លោក សម រង្ស៊ី នេះធ្វើឡើងបន្ទាប់ពីសហគន៍ជាតិនិងអន្តរជាតិ ចេញសេចក្តីថ្លែងការណ៍ជាបន្តបន្ទាប់ បង្ហាញពីការព្រួយបារម្ភថា ច្បាប់គណបក្សនយោបាយថ្មី ដែលតំណាងរាស្ត្របក្សកាន់អំណាចទើបនឹងអនុម័តថ្មីៗ បានផ្តល់អំណាចលើសលប់ដល់រដ្ឋាភិបាល អាចរំលាយគណបក្សជាដៃគូប្រកួតបានតាមរយៈក្រសួងមហាផ្ទៃនិងតុលាការកំពូល។
នៅលើហ្វេសប៊ុកផ្លូវការរបស់លោក សម រង្ស៊ី នាថ្ងៃទី២៣ ខែកុម្ភៈ សរសេរថា ប៉ុន្មានថ្ងៃចុងក្រោយនេះ តំណាងរាស្ត្រសហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុប បានបញ្ជាក់យ៉ាងច្បាស់ថា បើគូប្រកួតដ៏ធំជាងគេរបស់គណបក្សប្រជាជន ត្រូវបានគេរំលាយមុនថ្ងៃបោះឆ្នោត លោកថាការបោះឆ្នោតទាំងមូលមិនមានភាពស្របច្បាប់ទេ។
លោក សម រង្ស៊ី បន្តទៀតថា «បើរដ្ឋាភិបាលបាត់បង់ភាពស្របច្បាប់ គឺមិនអាចផ្តល់ការធានាដូចមុនបានទៀតទេ ពីព្រោះ រដ្ឋាភិបាលនោះ មិនមែនជាតំណាងស្របច្បាប់នៃប្រទេសកម្ពុជាទៀតទេ។ រដ្ឋាភិបាលនោះ ក៏មិនអាចដើរខ្ចីលុយគេ ក្នុងនាមប្រទេសកម្ពុជា បានដូចមុនទៀតឡើយ។ ដូច្នេះ បើការបោះឆ្នោតខាងមុខមិនត្រូវបានទទួលស្គាល់ដោយអន្តរជាតិទេ រដ្ឋាភិបាលណា ដែលចង់នៅក្រាញអំណាចដោយខុសច្បាប់ នឹងប្រឈមវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរបំផុត ហើយនឹងក្ស័យធនជាមិនខាន គឺចប់ជីវិត នយោបាយតែម្តង»។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន បានច្រានចោលការលើកឡើងនេះ ដោយអះអាងថា ភាពត្រឹមត្រូវនៃការបោះឆ្នោតមិនស្ថិតលើមាត់លោក សម រង្ស៊ី ទេ។ លោកថា អ្នកដែលកាត់ក្តីពីភាពត្រឹមត្រូវនៃលទ្ធផលបោះឆ្នោត គឺគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
លោកថា៖ «គាត់និយាយផ្ទុយហើយ គាត់ចង់លើកឥទ្ធិពលគាត់ថាដូចគ្រាន់បើជាងគេពេលហ្នឹងណា។ ឥឡូវ សម រង្ស៊ី មាននៅស្រុកឯណា នៅក្រៅប្រទេស៣ឆ្នាំហើយ ម៉េចបានគេរស់បាន ម៉េចបានគេមានការរីកចម្រើន យើងគិតមើលបណ្ណឹងបានហើយ។ ហើយអន្តរជាតិបានតែហេកហកទេ ហើយ សម រង្ស៊ី កុំភ្លើតភ្លើន គ្មាននណាទៅកាន់ជើង សម រង្ស៊ី ឯងដែលខុសច្បាប់ទេ»។
នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោតមួយ ហៅ NICFEC លោក សំ គន្ធាមី លើកឡើងថា សហគមន៍អន្តរជាតិនឹងដាក់សម្ពាធជំរុញឲ្យកម្ពុជាគោរពយន្តការប្រជាធិបតេយ្យ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ តាមរយៈនៃការផ្តល់ជំនួយ ប៉ុន្តែលោកថា ការផ្តាច់ជំនួយទាំងស្រុង ទំនងជាមិនអាចទៅរួចទេ។
សម្រាប់អ្នកឃ្លាំមើលពីការអភិវឌ្ឍសង្គមលោក ប៊ូ បញ្ញា វិញលើកឡើងថា ប្រទេសលោកខាងលិច នឹងព្រួតគ្នាដាក់សម្ពាធដល់រដ្ឋាភិបាលកម្ពុជា បើអាមេរិកដាក់កម្ពុជាក្នុងបញ្ជីខ្មៅ ចំពោះការដើរចេញពីគន្លងប្រជាធិបតេយ្យពិតមែននោះ។
លោកថា៖ «បើកាលណាអាមេរិកដាក់កម្ពុជាចូលក្នុងបញ្ជីខ្មៅក្នុងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចហើយ មានន័យថាម៉េច ប្រទេសផ្សេងៗជាដៃគូ ដូចជាជប៉ុន មានកូរ៉េខាងត្បូងអីជាដើមហ្នឹង និងលោកសេរីមួយចំនួននៅអាស៊ីហ្នឹង ក៏មិននៅសុខដែរ។ ដូចនេះរដ្ឋាភិបាលកម្ពុជា នឹងមិនមើលរំលងទេ បើទោះបីជាសព្វថ្ងៃនេះ ចិនកំពុងតែមានឥទ្ធិពលលើកម្ពុជាក៏ដោយ»។
ទោះជាយ៉ាងណា លោក សម រង្ស៊ី បានបញ្ជាក់លើបណ្តាញសង្គមថា ភាពស្របច្បាប់របស់រដ្ឋាភិបាលតាមលក្ខណៈប្រជាធិបតេយ្យ ក៏ជាការចាំបាច់មួយទៀត ដើម្បីឲ្យកម្ពុជាទទួលបានទាំងជំនួយ ទាំងវិនិយោគ និងទាំងទីផ្សារ សម្រាប់ទ្រទ្រង់សេដ្ឋកិច្ចប្រទេសកម្ពុជានិងជីវភាពប្រជារាស្ត្រខ្មែរ៕