‘‘សូមពួកទេវតា រក្សាមហាក្សត្រយើង…’’ ស្តាប់ទៅដូចជាសាមញ្ញទេ បទគោរពទង់ជាតិដែលសិស្សានុសិស្ស ទន្ទេញចាំរត់មាត់ស្រែកច្រៀងអឺងកងជារៀងរាល់ព្រឹក។ មានគ្រូប្រវត្តិសាស្ត្រម្នាក់នៅវិទ្យាល័យធ្លាប់លើកយកបទគោរពទង់ជាតិនេះ មកចោទសួរនូវសំនួរដ៏ចម្លែកមួយដោយដឹងចម្លើយស្រាប់ ‘‘តើពួកទេវតាជានរណា?’’ សម្តេចសង្ឃរាជ ជួន ណាត អ្នកតែងបទនេះ មិនទំនងជាបានជ្រាបថា បទនិពន្ធរបស់ព្រះអង្គ បានក្លាយជាការពិតនោះទេ គឺថា យើងរាស្ត្រសាមញ្ញ ត្រូវសូមអង្វរពួកទេវតាឱ្យរក្សាមហាក្សត្រខ្មែរ។
១. ពួកទេវតា គំរាមមិនរក្សាមហាក្សត្រ
នៅថ្ងៃទី១៧ខែតុលាឆ្នាំ២០០៥ លោក ហ៊ុន សែន បានព្រមានរំលាយរបបរាជានិយមចោល ធ្វើឱ្យកម្ពុជាក្លាយជាសាធារណរដ្ឋ បើព្រះមហាក្សត្រមិនព្រមចុះហត្ថលេខាលើសន្ធិសញ្ញាបំពេញបន្ថែមវៀតណាមកម្ពុជាឆ្នាំ១៩៨៥ ដែលកាលណោះ ទើបតែឡើងគ្រងរាជ្យ មិនទាន់គម្រប់មួយខួបស្រួលបួលផង។ ក្រោយសម្តេចតាដាក់រាជ្យនៅឆ្នាំ២០០៤ រួចដល់ដើមឆ្នាំ២០០៦ បន្ទាប់ពីមានការព្រមានពីនាយករដ្ឋមន្ត្រី, ព្រះមហាក្សត្រ និងព្រះមាតាបិតា បានយាងចេញទៅប្រទេសចិនទាំងគ្រួសារ។ សម្តេចតា កាលណោះបានចាត់ទុកសន្ធិសញ្ញាឆ្នាំ១៩៨៥ ជាការធ្វើអត្តឃាតសម្រាប់កម្ពុជា បានប្រឆាំងនឹងសន្ធិសញ្ញានេះដូចគណបក្សប្រឆាំងនិងសង្គមស៊ីវិលដទៃទៀតដែរ រួចព្រះអង្គភៀសព្រះកាយទៅប្រទេសចិនជាការសម្តែងបាតុកម្មប្រឆាំងនឹងលោកនាយករដ្ឋមន្ត្រី ប៉ុន្តែបន្សល់ទុកបុត្រា ដែលទើបឡើងគ្រោងរាជ្យនៅក្នុងប្រទេស ជ្រើសរើសដោយក្រុមប្រឹក្សរាជ្យសម្បត្តិ គ្រប់គ្រងដោយគណបក្សប្រជាជន ចុងក្រោយក្សត្រថ្មីក៏ត្រូវបានបង្ខំឱ្យចុះហត្ថលេខាលើសន្ធិសញ្ញានេះដដែល ទោះក្រោយមកបានភៀសព្រះកាយជាមួយគ្រួសារក៏ដោយ។ ប្រឈមមុខនឹងបុរសខ្លាំងតែមួយគត់នៅកម្ពុជា ព្រះមហាក្សត្រពុំមានជម្រើសអ្វីច្រើនទេ មតិខ្លះថែមទាំងយល់ថា ព្រះអង្គជាប់ឃុំឃាំងនៅក្នុងរាជវាំងខ្លួនឯងទៀតផង។
ទោះបីយ៉ាងណា ប្រជាពលរដ្ឋមិនគួរបន្ទោសព្រះរាជា ចំពោះភាពអសកម្មនិងភាពគ្មានអំណាចរបស់ទ្រង់នោះទេ ត្បិតព្រះអង្គក៏ជាជនរងគ្រោះដែរ ជាពិសេសសូម្បីតែអតីតព្រះមហាក្សត្រ គូប្រជែងនយោបាយមានអំណាចនិមិត្តរូបដែលលោក ហ៊ុន សែន មិនអាចប្រជែងអំណាចដោយផ្ទាល់បាន ក៏នៅទីបំផុតនៅតែចាញ់ក្រោមដៃសម្តេចនាយកដដែល នេះនៅមិនរាប់សម្តេចក្រមព្រះ រណឫទ្ធិ ក៏ត្រូវបានសម្តេចផ្តួលដូចគ្នា។ តួយ៉ាង កាលពីអាណត្តិទី១ គណបក្សហ៊្វុនស៊ិនប៉ិចឈ្នះឆ្នោតហើយ ក៏សម្តេចតាបានត្រឹមជំរុញឱ្យបុត្រព្រះអង្គ សហការជាមួយនឹងលោក ហ៊ុន សែន តែប៉ុណ្ណោះ ពុំនោះទេ នឹងត្រូវគេបញ្ជូនឱ្យទៅធ្វើនាយករដ្ឋមន្ត្រីនៅក្នុងភូមិតូចមួយ, ការចរចានេះ ក៏បានកើតចេញជារដ្ឋាភិបាលក្បាលពីរ ដែលបក្សដែលមានអំណាចពិតប្រាកដ គឺជាគណបក្សប្រជាជនដែលចាញ់ឆ្នោត។ លោក Benny Widyono នៅក្នុងស្នាដៃ ‘សាក្សីប្រវត្តិសាស្ត្រ’ បានរំឭកពីបន្ទូលសម្តេចតាប្រាប់លោកថា “សម្តេចសីហនុ ក៏ប្រាប់ខ្ញុំរឿងសម្ងាត់មួយដោយសើចតិចៗថា ព្រះអង្គបានប្រាប់ទ្រង់រណឫទ្ធិថា បើទ្រង់មិនចង់សហការទេ ព្រះអង្គអាចនឹងត្រូវចាត់ឱ្យទៅធ្វើនាយករដ្ឋមន្រី្តក្នុងភូមិតូចនៅអំពិលនៅលើដីតូចមួយ ត្រួតត្រាដោយគណបក្សហ៊្វុនស៊ិនប៉ិចដែលគ្របដណ្តប់ប្រហែលមួយភាគរយនៃទឹកដីប្រទេសកម្ពុជា”។ ក្រោយមកទៀត រាល់ការចរចាដែលសម្តេចតាជាអាជ្ញាកណ្តាល សម្តេចនាយកតែងតែជាអ្នកឈ្នះ ជាអ្នកបានប្រយោជន៍ច្រើនបំផុតពីការចរចាដដែល ព្រោះការចរចាអាស្រ័យលើអំណាច មិនមែនអាស្រ័យលើអាជ្ញាកណ្តាលនោះទេ អាជ្ញាកណ្តាលបានត្រឹមតែជួយសម្របសម្រួលប៉ុណ្ណោះ។
គួរបញ្ជាក់បន្តិចដែរថា ដូចទស្សនៈខ្លះយល់ឃើញ គណបក្សហ៊្វុនស៊ិនប៉ិចឈ្នះឆ្នោតនៅអាណត្តិទី១ ពុំមែនដោយសារប្រជាពលរដ្ឋ ភាគច្រើនគាំទ្រសម្តេចក្រមព្រះនោះទេ តែដោយសារនៅគាំទ្រសម្តេចតាតែប៉ុណ្ណោះ, ក៏ទំនងមកពីភាគច្រើននៃពួកគេ ពុំបានដឹងពីការពាក់ព័ន្ធដ៏សាំញ៉ាំរបស់សម្តេចតានឹងសង្គ្រាមស៊ីវិលនៅទសវត្សមុនៗ។ ចំណែកគណបក្សប្រជាជនវិញ ចាញ់ឆ្នោតនៅអាណត្តិទី១ ព្រោះស្ទង់ការគាំទ្រពីប្រជាពលរដ្ឋមិនបានត្រឹមត្រូវ, មោទនភាពលើជោគជ័យ ៧ មករា ពេក, មើលស្រាលស្មារតីនិយមខ្មែរប្រឆាំងវៀតណាម ដែលបន្តកើនឡើងក្រោយមក និងពិសេសមើលមិនឃើញពីការមិនទាន់ដាច់អាល័យការដឹកនាំរបស់ព្រះមហាក្សត្ររបស់ប្រជាពលរដ្ឋខ្មែរ។
ស្របពេលប្រជាពលរដ្ឋខ្លះ ហាក់ស្តីបន្ទោសស្តេចថា ចាំតែប្រថាប់ត្រាលើកលែងទោសឱ្យអ្នកទោសនយោបាយ ឬ មន្ត្រីគណបក្សប្រជាជនជាប់ទោស តែសម្តេចនៅត្រូវការ, ឧ. អតីតអភិបាលខេត្តរតនគិរីដែលចូលរួមក្នុងការកាប់បំផ្លាញព្រៃឈើលោក ខាំ ខឿន, ផ្ទាប់ត្រាតាមតែសំណើនាយករដ្ឋមន្ត្រី មិនដែលហ៊ានប្រកែក ឬលើកលែងទោសដោយអង្គឯង, ក៏មានអ្នកមួយចំនួនទៀត យល់ចិត្តយល់ថ្លើម មានសមានចិត្ត ចំពោះព្រះអង្គដែរ។ បើមិនជឿទេ គេអាចអានរាជសារថ្មីៗរបស់ទ្រង់បាន ចុះថ្ងៃទី២០ កុម្ភៈ ២០១៧ ផ្ញើជូនប្រជាពលរដ្ឋទូទាំងប្រទេស នៅមុនការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤ ថា ‘‘សូមកុំឱ្យមានការព្រួយបារម្ភពីការគាបសង្កត់ ការគម្រាមកំហែង ឬសម្លុតពីជនណាម្នាក់ ឬបក្សណាមួយ។’’ នរណាក៏អានឬស្តាប់ទៅ ដឹងថា ព្រះមហាក្សត្រទំនងសំដៅទៅកាន់លោក ហ៊ុន សែន និងគណបក្សប្រជាជនដែរព្រោះមានសារគំរាម ចេញពីមនុស្សក្នុងគណបក្សប្រជាជនតាំងពី២០១៣ មកទល់ឥឡូវ, ការបកប្រែសារនេះថា ព្រះអង្គពេញចិត្តនឹងគណបក្សប្រជាជន គឺជាស្ទង់ចិត្តសាស្ត្ររបស់មនុស្សពុំបានត្រឹមត្រូវ។
ជាការត្រឹមត្រូវ ចំពោះការស្នើធ្វើវិសោធនកម្មច្បាប់ស្តីពីពន្ធានាគារឆ្នាំ២០១១ ដែលមានមាត្រាមួយចែងថា នាយករដ្ឋមន្ត្រី មានបុព្វសិទ្ធិស្នើព្រះមហាក្សត្រលើកលែងទោសឱ្យបុគ្គលណា ដែលលោកពិនិត្យឃើញថាចាំបាច់និងមានសារៈសំខាន់ដល់ប្រទេសជាតិ។ រាជសិទ្ធិលើកលែងទោសពីមហាក្សត្រនៅក្នុងរដ្ឋធម្មនុញ្ញបានក្លាយទៅជាបុព្វសិទ្ធិរបស់នាយករដ្ឋមន្ត្រីនៅក្នុងច្បាប់ពន្ធនាគារទៅវិញ ជាការពិតណាស់គឺផ្ទុយពីឋានានុក្រមច្បាប់ដែលរដ្ឋធម្មនុញ្ញជាច្បាប់កំពូល ច្បាប់ពន្ធនាគារត្រូវស្ថិតក្រោមច្បាប់រដ្ឋធម្មនុញ្ញ មិនមែនបញ្ច្រាសឋានានុក្រមច្បាប់បែបនេះទេ។ ពាក្យ ‘ស្នើ’ ស្តាប់ទៅធម្មតា គ្មានឥទ្ធិពល តែក្នុងការអនុវត្តជាក់ស្តែងវិញ ស្នើស្មើបញ្ជា ព្រោះក្នុងករណីនេះ អ្នកត្រូវបានដាក់សំណើ គ្មានអំណាចជំទាស់នោះឡើយ ឧ. តាំងពីឡើងគ្រងរាជ្យមក ព្រះមហាក្សត្រមិនដែលហ៊ានលើកលែងទោសផ្ទុយពីសំណើនាយករដ្ឋមន្ត្រី ឬដោយការសម្រេចព្រះទ័យផ្ទាល់ព្រះអង្គនោះឡើយ។ គេត្រូវធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញចែងពីព្រះរាជសិទ្ធិលើកលែងទោសឱ្យបានច្បាស់លាស់ កុំឱ្យបកប្រែស្រេចតែចិត្តនិងវិសោធនកម្មច្បាប់ពន្ធនាគារលុបមាត្រាដែលផ្តល់បុព្វសិទ្ធិដល់នាយករដ្ឋមន្ត្រីស្នើលើកលែងទោសពីព្រះមហាក្សត្រដើម្បីកុំឱ្យនាយករដ្ឋមន្ត្រីមានអំណាចពេក ឬអាចរំលោភព្រះរាជសិទ្ធិព្រះមហាក្សត្រ។ យ៉ាងណាក៏ដោយ គេមិនគួរមានសុទិដ្ឋិនិយមទេ ព្រោះវានឹងមិនកើតឡើងឡើយ គ្មាននរណាកែច្បាប់ ដើម្បីបំបាត់ប្រយោជន៍នយោបាយរបស់ខ្លួននោះទេ គេកែច្បាប់ដើម្បីពង្រីកពងឹ្រងអំណាច មិនមែនបន្ថែមអំណាចខ្លួនឯងនោះឡើយ។ ដរាបណាសភា ដែលអាចកែច្បាប់នៅតែក្តោបក្តាប់ដោយគណបក្សប្រជាជន ហើយទោះវិសោធនកម្មច្បាប់បានក៏ដោយ ក៏តុលាការនិងក្រុមប្រឹក្សារាជសម្បត្តិនៅតែឋិតនៅក្នុងដៃបក្សនេះដដែលនោះមានន័យថា រាជវង្សនរោត្តម នៅតែឋិតនៅក្នុងកណ្តាប់ដៃរាជវង្សហ៊ុន។
ទោះបីយ៉ាងណា មហាក្សត្រនៅតែមានប្រយោជន៍ សម្រាប់លោកនាយករដ្ឋមន្ត្រីនិងគណបក្សរបស់លោក ដូច្នេះហើយទើបលោកមិនបានរំលាយរបបរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញចោល ក៏ទំនងមកពីនៅឆ្នាំ២០០៥ ព្រះមហាក្សត្រព្រមចុះហត្ថលេខាលើសន្ធិសញ្ញាបំពេញបន្ថែមឧបកិច្ចជូនសម្តេចដែរ។ លោក ហ៊ុន សែន ក៏ដូចតួអង្គឆាវឆាវ ក្នុងរឿងសាមកុកដែរ យល់ថា បញ្ជាព្រះមហាក្សត្របាន គឺខ្លាំងជាងព្រះមហាក្សត្រទៅទៀត, ឡើងធ្វើស្តេចមានផលចំណេញអ្វី បើខ្លួនឯងមានអំណាចស្តេចទៅហើយនោះ, បើដណ្តើមរាជ្យនឹងនាំមានការបះបោរប្រឆាំង ត្រូវរាស្ត្រថ្កោលទោសថាជ្រែករាជ្យ និងបាត់បង់ការគាំទ្រជាខ្លាំងពីសំណាក់អ្នកនៅស្រឡាញ់ព្រះមហាក្សត្រ បទពិសោធពីក្រុមសាធារណរដ្ឋ ដែលទម្លាក់សម្តេចតាពីប្រមុខរដ្ឋ ចុងក្រោយរងការបះបោរពីអ្នកគាំទ្រស្តេច រហូតដល់រក្សារបបសាធារណរដ្ឋខ្មែររបស់ខ្លួនពុំបានផង។
២. ឧបរាជ ឆាវ សែន
ក្រោយពីមានចំណាប់អារម្មណ៍របស់សាធារណជនទៅលើការចាក់ខ្សែភាពយន្ត សាមកុក ថតថ្មី តាមចាក់ទូរទស្សន៍នៅកម្ពុជា ពួកគេយល់ថា តាក់ទិចចាប់ស្តេចជាចំណាប់ខ្មាំងនយោបាយ គឺជាតាក់ទិចសាមកុករបស់តួអង្គមេទ័ព ឆាវ ឆាវ ប្រដូចនឹង ឆាវ សែន ដែលកាន់តំណែងជាឧបរាជ តែមានអំណាចស្តេចតែម្តង មិនមែនស្មើស្តេចទេ ព្រោះស្តេចនគរហាន វ័យក្មេង គ្មានអំណាច គ្មានទាំងសមត្ថភាពធ្វើសឹក ឬ ធ្វើនយោបាយ, ទ្រង់ជាប់ឃុំឃាំងក្នុងរាជវាំងខ្លួនឯង ឡោមព័ទ្ធដោយមនុស្ស ដែលជាភ្នែកច្រមុះរបស់ត្រកូលឆាវ ឈ្លបមើលព្រះអង្គគ្រប់ម៉ោងពេល។ គេពុំបានដឹងច្បាស់ពីប្រភពណា ដែលលោកនាយករដ្ឋមន្ត្រីបានជ្រាបពីតាក់ទិចនយោបាយក្នុងរឿងសាមកុកនោះទេ មិនថា តាមរយៈការអានស្នាដៃសំណេរបកប្រែរបស់លោក នូ កន បោះផ្សាយដោយពុទ្ធសាសនបណ្ឌិត្យ ឬតាមដានខ្សែភាពយន្តថតចាស់ឬថ្មីនោះទេ គេនៅតែពិបាករក សូម្បីតែសន្ទរកថាណាមួយរបស់លោកនាយករដ្ឋមន្ត្រី ដែលបានលើកឡើងពីខ្លឹមសារសាច់រឿងសាមកុក ធ្លាប់តែឮសម្តេចនិយាយពីរឿងឆ្មារនិងកណ្តុរតែប៉ុណ្ណោះ។ ទោះប្រិយមិត្តរឿងសាមកុកយល់ថា សម្តេចដូចឆាវឆាវក៏ដោយ ក៏ពុំមែនមានន័យថា សម្តេចនាយក ហ៊ុន សែន មានសមត្ថភាពដូចឧបរាជ ឆាវ ឆាវ នោះដែរ រឹតតែមិនគ្រប់គ្រាន់ជាភស្តុតាងយកមកគាំទ្រសម្មតិកម្មដែលថា លោកនាយករដ្ឋមន្ត្រីយកតាក់ទិច ដែលឆាវឆាវប្រើដាក់មហាក្សត្ររាជវង្សហាន មកប្រើលើរាជវង្សខ្មែរ។ អ្វីដែលគេអាចច្បាស់បានគឺថា លោក ហ៊ុន សែន នៅតែជា លោក ហ៊ុន សែន ទោះលោកបានរៀនពីសាមកុក ឬ អត់ លោកនៅតែនឹកឃើញតាក់ទិចនយោបាយជាច្រើន បូករួមទាំងតាក់ទិច ដែលបានបន្តប្រើដាក់មហាក្សត្រ ពីព្រោះសម្តេចក៏នៅតែមានសម្តេចតាជាគំរូ។
៣. សម្តេចតា សម្តេចនាយក ដូចឪពុកនិងកូន?
សម្តេចតាជាអ្នកប្រទានគោរម្សងារ ‘សម្តេច’ ជូនលោក ហ៊ុន សែន នៅចុងឆ្នាំ១៩៩៣ ថែមទាំងបានចាត់ទុកលោកជា ‘បុត្រាពិតប្រាកដក្នុងន័យនយោបាយ ឬកូនក្នុងវិស័យនយោបាយ’ ទៀតផង (True Political Son)។ អតីតឯកអគ្គរាជទូតអាស៊ីម្នាក់បានរំឭក អតីតព្រះមហាក្សត្រធ្លាប់បានមានព្រះរាជបន្ទូល សង្ឃឹមថា លោក ហ៊ុន សែន ជាបុត្រា, រណឫទ្ធិ ជាគីមជុងអីល។ ជាទូទៅ ប្រជាពលរដ្ឋនៅស្រឡាញ់អតីតស្តេច ប៉ុន្តែមិនចូលចិត្តសម្តេច, អ្វីដែលពួកគេពុំបានដឹងគឺថា សម្តេចនាយករៀនពីសម្តេចតាជាច្រើនទោះ មិនដឹងថា រៀនតាមសៀវភៅប្រវត្តិសាស្ត្រ ឬតាមខ្សែទំនាក់ទំនងដោយផ្ទាល់ ឬមិនផ្ទាល់ពីអតីតមន្ត្រីសល់ពីសម័យសង្គមរាស្ត្រនិយម, ទាំងតាក់ទិចនយោបាយប្រឆាំងគូប្រជែងនិងវិធីទាក់ទាញប្រជាប្រិយភាពចុះតាមជនបទ មានលក្ខណៈប្រហាក់ប្រហែលគ្នាលើសពីការគាប់ចួន។ ដូចសម្តីរបស់លោក ឆាង សុង អតីតមន្ត្រីធ្លាប់បម្រើការក្រោមការដឹកនាំរបស់សម្តេចតា និងជាសមាជិកព្រឹទ្ធិសភាគណបក្សប្រជាជនគឺថា លោក ហ៊ុន សែន កាន់តែដូចទៅៗ នឹងសម្តេចសីហនុ។
ដេវិឌ ឆាណ្ឌល័រ បានអធិប្បាយសំយោគអំពីការពាក់ព័ន្ធរបស់សម្តេចតានឹងសម័យដឹកនាំក្រោយៗមក នៅក្នុងស្នាដៃ ‘ប្រវត្តិសាស្ត្រខ្មែរ’ របស់លោកថា “ដោយចាត់ទុកប្រទេសកម្ពុជាថា ជាដែនសាមន្តរាជផ្ទាល់ ចាត់ទុកប្រជារាស្ត្រថា ជាកូនចៅរបស់ព្រះអង្គ និងអ្នកប្រឆាំងព្រះអង្គថា ជាជនក្បត់នោះ សម្តេច សីហនុ ដោយប្រាសចាកប្រាជ្ញាញាណ បានរៀបចំរបៀបវារៈ សម្រាប់ឱ្យកើតភាពច្របូកច្របក់និងភាពរវើរវាយក្នុងរបបសាធារណរដ្ឋខ្មែរ, ក្តីរន្ធត់ឥតឧបមានៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ, និងនយោបាយឱ្យមានគណបក្សតែមួយគត់នៅក្នុងសម័យក្រោយបដិវត្តន៍”។
សម្តេចតា ធ្លាប់មានព្រះរាជបន្ទូលប្រាប់អ្នកកាសែតបារាំងម្នាក់ថា ‘‘ខ្ញុំគឺជាមេដឹកនាំប្រទេសពីកំណើត…ហើយពុំដែលមាននរណាម្នាក់ប្រកែកថា អំណាចរបស់ខ្ញុំមិនពិតឡើយ’’។ មានន័យថា ព្រះអង្គពុំបានយល់ឃើញថា អំណាចបានមកពីការគាំទ្រនិងការគោរពតាមបញ្ជារបស់ប្រជាពលរដ្ឋសាមញ្ញនោះឡើយ តែគឺបានមកកំណើតជាស្តេចផែនដីទៅវិញ, ប្រទេសកម្ពុជាប្រៀបបាននឹងរាជ្យសម្បត្តិរបស់ព្រះអង្គ ពុំមែនជាកម្មសិទ្ធិរបស់ប្រជារាស្ត្រខ្មែរទាំងមូលទេ។ ស៊ីគ្នានឹងសំណេររបស់អ្នកកាសែតអាមេរិកាំងនៅទសវត្ស១៩៦០ ថា “កម្ពុជាគឺសីហនុ” និងរបស់អ្នកនិពន្ធបារាំង “ព្រះអង្គគឺជារដ្ឋ [រដ្ឋាភិបាល]”។ គាប់ចួនពេកទេដឹង លោក Sebastian Strangio អ្នកកាសែតបរទេសមួយរូប ដែលបានសរសេរស្នាដៃមួយអត្ថាធិប្បាយពីការដឹកនាំរបស់សម្តេចតេជោ បានដាក់ចំណងជើងស្នាដៃរបស់លោកថា ‘កម្ពុជារបស់ហ៊ុន សែន’ ។ លោក អៀ សុផល អ្នកនិពន្ធស្នាដៃ ‘Aid dependence in Cambodia ឬការពឹងផ្អែកលើជំនួយនៅកម្ពុជា’ចាត់ទុកការដឹកនាំរបស់លោក ហ៊ុន សែន ថាដូចជារបៀបដំណើរការជំនួញគ្រួសារ។
ស្នាដៃរបស់លោក ឆាណ្ឌល័រ បានឱ្យដឹងជាច្រើនទៀតថា ព្រឹត្តិការណ៍នយោបាយនៅក្នុងសម័យសង្គមរាស្ត្រនិយម មានការបង្ក្រាបដោយហិង្សាទៅលើគណបក្សប្រជាធិបតេយ្យដែលជាគូប្រជែងចម្បងនឹងសម្តេចតានិងការបង្ក្រាបបក្សប្រឆាំងនានាទៀត, បំបែកនិងតាមយាយីគណបក្សប្រជាធិបតេយ្យនេះឥតលែងហើយមុនការបោះឆ្នោតឆ្នាំ១៩៥៨ បក្សនេះ ក៏បានរលត់សូន្យពីឆាកនយោបាយ ក្រោយមកសមាជិកបក្សនេះ ដែលសេសសល់បានចូលរួមជាមួយរបបសាធារណរដ្ឋខ្មែរ, នៅថ្ងៃទី១៤ មករា ឆ្នាំ១៩៥០ ការគប់គ្រាប់បែកចូលដល់ក្នុងរដ្ឋសភា បណ្តាលឱ្យលោក អៀវ កើស ប្រធានរដ្ឋសភានិងជាប្រធានគណបក្សប្រជាធិបតេយ្យ ត្រូវពលី, ការរំខានពីសម្តេចតា រហូតដល់គណបក្សប្រជាធិបតេយ្យបើកអង្គប្រជុំសភាមិនបាននិងការរំលាយរដ្ឋសភារបស់គណបក្សនេះចោល, ការសម្លុតនិងផ្តល់បុណ្យសក្តិជាថ្នូរនឹងការចូលជាសមាជិកសង្គមរាស្ត្រនិយម ធ្វើឱ្យគណបក្សប្រជាធិបតេយ្យបាត់បង់សមាជិករាប់រយនាក់, នៅខែកញ្ញា ១៩៥៧ ការវាយសំពងរបស់ទាហាននិងនគរបាលទៅលើឥស្សរជនគណបក្សប្រជាធិបតេយ្យ៖ ពួកប្រជាធិបតេយ្យ ៥នាក់ ក្រោយពីត្រូវបានសម្តេចតាព្រមានបីម៉ោង រួចចាកចេញពីវេទិកាជជែកតទល់គ្នាជាសាធារណៈនៅក្នុងព្រះបរមរាជវាំងចាក់ផ្សាយតាមវិទ្យុជាតិ ក៏ត្រូវបានពួកទាហានព្រួតវាយ, មន្ត្រីយោធាដែលជាប់ពាក់ព័ន្ធនឹងការវាយដំនេះ សម្តេចតាបានបំពាក់គ្រឿងឥស្សរិយយសឱ្យដោយសម្ងាត់ក្រោយមក, ពីរបីថ្ងៃបន្ទាប់ មនុស្សប្រមាណ ៣០ ទៅ ៤០ នាក់ ដែលទំនងជាពួកគណបក្សប្រជាធិបតេយ្យត្រូវបានវាយតប់នៅទីក្រុងភ្នំពេញទៀត, ការចោទអ្នកនយោបាយប្រឆាំងនឹងព្រះអង្គថាក្បត់ជាតិ រួមមាន លោក ដាប ឈួន ត្រូវបានរដ្ឋាភិបាលសង្គមរាស្ត្រនិយម តាមប្រមាញ់និងយកសាកសពមកអូសតាមផ្លូវថ្នល់រហូតដល់គ្មានអ្វីនៅសេសសល់ និងចោទពីបទក្បត់ជាតិដូចគ្នាចំពោះលោក សម សារី ឪពុកលោក សម រង្ស៊ី បាននិរទេសខ្លួននិងក្រោយមកត្រូវបានធ្វើឃាតនៅប្រទេសលាវ នៅឆ្នាំ១៩៦២ ឬ៦៣?, បញ្ញវន្តភាគច្រើននៅសម័យសង្គមរាស្ត្រពុំបានពេញចិត្តនឹងរបបដឹកនាំរបស់ព្រះអង្គនោះទេ ការគាំទ្រច្រើនចេញពីពួកកសិករ, វិទ្យុជាតិ គឺជាមធ្យោបាយផ្សព្វផ្សាយជាទីសព្វព្រះទ័យរបស់សម្តេចតា ព្រោះព្រះអង្គអាចមានបន្ទូលទៅកាន់អ្នកស្តាប់តែអង្គឯង គ្មានការឆ្លើយឆ្លងដេញដោល, ការបោះឆ្នោតឆ្នាំ១៩៥៥ ដែលមានបរិយាកាសបំភិតបំភ័យអ្នកបោះឆ្នោត សម្លាប់អ្នកចុះធ្វើយុទ្ធនាការបោះឆ្នោត ហឹបឆ្នោតមួយចំនួនដែលគេគិតថា ក្នុងនោះគាំទ្រគណបក្សប្រជាធិបតេយ្យបានបាត់, កាសែតប្រឆាំងត្រូវបានបំបិទ ហើយនាយកកាសែតទាំងនោះ ត្រូវបានចាប់ញាត់គុកដោយគ្មានការកាត់ទោស ជាលទ្ធផល បេក្ខជនពីសង្គមរាស្ត្រនិយមឈ្នះឆ្នោត បានអាសនៈទាំងអស់ក្នុងសភា។
នេះត្រឹមតែជាការបរិយាយសង្ខេបត្រួសៗប៉ុណ្ណោះ អ្វីដែលលោក ឆាណ្ឌល័រ សរសេរ នៅសម័យសង្គមរាស្ត្រនិយម ពុំមែនជាការបកស្រាយអំពីព្រឹត្តិការណ៍ បញ្ចេញបញ្ចូលគំនិតផ្ទាល់ខ្លួនរបស់អ្នកនិពន្ធនោះទេ តែជាព្រឹត្តិការណ៍ពិតជាក់ស្តែងដែលបានកើតឡើងមែន បើគេពុំជឿទេ អាចអានស្នាដៃដទៃទៀតបាន ក៏គង់តែសរសេរក្នុងខ្លឹមសារស្រដៀងគ្នាដែរ។
បើសម័យសង្គមរាស្ត្រនិយមមានអំពើរំលោភអំណាចច្រើនបែបនេះ ហេតុអ្វីក៏ចាស់ទុំមួយចំនួនធំដែលរស់នៅសម័យនោះ ហើយបន្តរស់ដល់សម័យនេះនៅតែស្រឡាញ់សម្តេចតា? ម្តេចយុវជនមួយចំនួនបច្ចុប្បន្នដែលរស់នៅយុគសម័យព័ត៌មានទៅហើយ ធ្លាក់ផុងចូលក្នុងជំនឿនេះដែរ? ១.អ្នកនៅស្រឡាញ់អតីតមហាក្សត្រ ជឿលើប្រព័ន្ធឃោសនារដ្ឋ ដែលចុចយកតែគុណសម្បត្តិនៃសម័យសង្គមរាស្ត្រនិយមមកចាក់បញ្ចាំងតាមទូរទស្សន៍ បង្ហាញពីជឿនលឿននៃឧស្សាហកម្មសិប្បកម្មនៅដំណាក់កាលដំបូងនៃសម័យនោះ បំភ្លេចអស់ព្រឹត្តិការណ៍អវិជ្ជមានទាំងឡាយដែលកើតឡើងក្រោយមក មិនខុសនឹងខ្សែភាពយន្តស្តីពីស្នាដៃអភិវឌ្ឍន៍របស់គណបក្សប្រជាជន ឬរាជរដ្ឋាភិបាលបច្ចុប្បន្ននោះទេ, ២.ប្រព័ន្ធអប់រំ ដែលការសិក្សាពីប្រវត្តិសាស្ត្រខ្មែរមានលក្ខណៈសើៗ បង្រៀនតែអ្វីដែលរដ្ឋអំណាចចង់ឱ្យដឹងប៉ុណ្ណោះ, ឧ. សៀវភៅសិក្សាអធិប្បាយពីសង្គមរាស្ត្រនិយមតិចតួច បង្ហាញតែពីស្នាដៃទាមទារឯករាជ្យពីបារាំងរបស់សម្តេចតា មិនបង្ហាញពីស្នាដៃកម្ទេចបំបែកគូប្រជែងនយោបាយនៅក្នុងការដឹកនាំរបស់ទ្រង់នោះឡើយ, ៣.ការនិទានពីចាស់ទុំដែលយកចាំចងតែរឿងល្អៗច្រើនជាងរឿងអាក្រក់៖ ចាស់ទុំ ដែលមួយចំនួនធំ ជាកសិករ បានដំណាលប្រាប់ពីការដាក់ខ្លួនរបស់ស្តេច មកស្ទូងស្រូវជាមួយរាស្ត្រ សម្តែងភាពស្និទ្ធស្នាល ដែលជាតាក់ទិចប្រជាភិថុត អ្នកនយោបាយក្រោយៗ បានចម្លងយកមកប្រើដូចគ្នាដែរ ទាំងលោក ហ៊ុន សែន និង សម រង្ស៊ី, អ្នកដឹកនាំដោះស្រាយបញ្ហារបស់កសិករដោយគោលនយោបាយកសិកម្មដែលមានប្រសិទ្ធភាព មិនមែនដោយស្ទូងស្រូវជាមួយកសិករនោះទេ។ លើកឡើងពីគូ្របង្រៀនពីសង្គម(‘ពីសង្គម’ ពាក្យហៅកាត់សំដៅ ‘សង្គមរាស្ត្រនិយម’) មានប្រាក់ខែខ្ពស់ មានសីលធម៌ល្អ មានសមត្ថភាព ប៉ុន្តែពុំបានឆ្លៀតប្រាប់ថា គ្រូបង្រៀន សាស្ត្រាចារ្យ បញ្ញវន្ត ទាំងនោះបានដកការគាំទ្រពីចលនាសង្គមរាស្ត្រនិយមច្រើនឡើងៗនោះទេ។ លើកឡើងពីសមាជជាតិនៅសម័យសង្គមរាស្ត្រនិយម ដែលបង្ហាញថា ក្សត្រចេះស្តាប់រាស្ត្រ ប៉ុន្តែភ្លេចរៀបរាប់ថា សមាជនោះយកតែប្រធានបទមិនចម្រូងចម្រាសមកជជែកតែប៉ុណ្ណោះ ហើយក្រោយមកមិនត្រូវបានប្រារព្ធធ្វើជាប់លាប់ឡើយ។ ចាស់ទុំខ្លះ ក៏ចងចាំរឿងអវិជ្ជមានខ្លះដែរ ដូចជាការអំពាវឱ្យចូលព្រៃជាមួយខ្មែរក្រហម វាយរំលំរដ្ឋាភិបាលសាធារណរដ្ឋខ្មែរ និងអំពាវនាវឱ្យកងទ័ពរបបនេះដាក់អាវុធចុះចាញ់នៅដំណាក់កាលចុងក្រោយនៃសង្គ្រាមរវាងភាគីទាំងពីរ ខ្មែរក្រហមវាយចូលទីក្រុងភ្នំពេញដោយងាយស្រួល អរគុណការអំពាវនាវរបស់ព្រះអង្គ។ ៤. ការចាក់បញ្ចូលមនោគមន៍រាជានិយម (Indoctrination)៖ កម្ពុជាឋិតនៅក្រោមរបបស្តេចប្រមាណ ២០០០ឆ្នាំ, ការមើលទៅកាន់ព្រះមហាក្សត្រ ឬអ្នកដឹកនាំថា ជាអ្នកមានបុណ្យ មើលទៅកាន់ព្រះរាជាសឹងប្រហាក់ប្រហែលនឹងអាទិទេព គឺជាទស្សនៈដែលប្រជារាស្ត្រនៅតែជឿមកទល់បច្ចុប្បន្ន, រាជសព្ទដាច់ដោយឡើយ បង្ហាញលក្ខណៈពិសេសរបស់ស្តេចដែលដាច់ឆ្ងាយពីរាស្ត្រធម្មតា ប្រជារាស្ត្រមិនមែនត្រូវថ្វាយបង្គំត្រឹមក្រោមបាទជើងស្តេចនោះទេ គឺក្រោមលំអងធូលីក្រោមបាទជើងស្តេចទៅទៀត។
ទោះហេតុផលមួយចំនួនតូចទាំងនេះ ប្រាកដណាស់ មិនអាចក្តោបសេចក្តីបានទាំងអស់ឡើយ តែគេនៅតែអាចយកព្រឹត្តិការណ៍នៅសម័យសម្តេចតា មកប្រៀបធៀបនឹងសម័យសម្តេចតេជោបាននោះដែរ។ សម័យតេជោមានព្រឹត្តិការណ៍កើតឡើងស្រដៀងគ្នា ដូចជា ការគ្រាប់បែកដៃចូលហ្វូងបាតុករនៅឆ្នាំ១៩៩៧ និងគុបនៅមុខក្រសួងមហាផ្ទៃនៅឆ្នាំ១៩៩៨ ក្នុងបំណងតែមួយគឺធ្វើឃាតមេគណបក្សប្រឆាំង លោក សម រង្ស៊ី ប្រហាក់ប្រហែលនឹងឃាតកម្មមេគណបក្សប្រជាធិបតេយ្យលោក អៀវ កើស, ការចោទលោក សម រង្ស៊ី ថាក្បត់ជាតិនិងកូនអាក្បត់ជាតិ ដូចគ្នានឹងការចោទរបស់សម្តេចតាទៅលើលោក សម សារី, ការប្រើប្រាស់ប្រព័ន្ធច្បាប់ចាប់ដាក់ពន្ធានាគារដោយគ្មានការកាត់ក្តីដោយយុត្តិធម៌ចំពោះអ្នកនយោបាយឬសកម្មជនប្រឆាំង, ឃាតកម្មទៅលើសកម្មជននយោបាយ មេសហជីពអ្នកការពារបរិស្ថាន អ្នកសារព័ត៌មាន និងសូម្បីអ្នកអត្ថាធិប្បាយតាមសារព័ត៌មាន ស្រដៀងគ្នាតិចឬច្រើននឹងអ្វី ដែលកើតឡើងចំពោះអ្នកប្រឆាំងនិងរិះគន់ព្រះមហាក្សត្រនៅសម័យសង្គមរាស្ត្រនិយមដែរ, រដ្ឋប្រហារឆ្នាំ១៩៩៧ ដែលបណ្តាយមន្ត្រីសំខាន់ៗជាច្រើនរបស់គណបក្សហ៊្វុនស៊ិនប៉ិចត្រូវពលី, ព្រឹត្តិការណ៍វាយតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិនៅមុខរដ្ឋសភាកាលពីខែតុលា២០១៥ រួចហើយដំឡើងឋានៈដល់អ្នកប្រព្រឹត្ត គឺអង្គរក្សសម្តេចនាយក ឡើងជាវីរសេនីឯក សក្តិ៥ ស្រដៀងគ្នានឹងការវាយឥស្សរជនគណបក្សប្រជាធិបតេយ្យ ក្រោយចេញពីវេទិកាដេញដោលនៅព្រះបរមរាជវាំងដែរ ទាស់តែត្រង់ថា សម្តេចតាលើកទឹកចិត្តមន្ត្រីយោធាដោយសម្ងាត់ សម្តេចនាយកវិញ ផ្គើនបង្អួតតាមកញ្ចក់ទូរទស្សន៍តែម្តង, ការបង្ក្រាបបាតុកម្មជាច្រើនលើកកម្រិតធ្ងន់ស្រាលផ្សេងៗគ្នា, ការត្រួតត្រាគណកម្មការជាតិរៀបចំការបោះឆ្នោត ឱ្យមានការបោះឆ្នោតដែលអ្នកអង្កេតការណ៍ជាតិអន្តរជាតិជាទូទៅចាត់ទុកថាមិនសេរីនិងមិនយុត្តិធម៌ ប្រហែលគ្នាដែរ សម័យសង្គមរាស្ត្រនិយម ការបោះឆ្នោតឆ្នាំ១៩៥៥ សូម្បីតែហឹបឆ្នោតក៏បាត់ដែរបែបនេះនៅសម័យតេជោ គេតែងដោះសាថា ‘កំហុសបច្ចេកទេស’, ការចូលចិត្តថ្លែងសន្ទរកថានៅលើវេទិកាតែម្នាក់ឯងតាមកញ្ចក់ទូរទស្សន៍របស់សម្តេច ដោយគ្មានការចោទសួរដេញដោល ស្រដៀងគ្នានឹងការផ្សាយតាមវិទ្យុជាតិមានព្រះរាជបន្ទូលតែអង្គឯករបស់សម្តេចតា, ការបំបែកគណបក្សហ៊្វុនស៊ិនប៉ិចជាជម្រៀក ប្រហែលគ្នានឹងបំបែកគណបក្សប្រជាធិបតេយ្យ។ល។
សំណុំព្រឹត្តិការណ៍ដែលខុសគ្នាដល់ទៅកន្លះសតវត្សតែមានលក្ខណៈប្រហាក់ប្រហែលគ្នា មិនមែនជាការចៃដន្យនោះទេ, លោក ឆាណ្ឌល័រ អះអាងត្រឹមត្រូវដែលថា ប្រវត្តិសាស្ត្រកម្ពុជាមានលំនាំដដែលៗ។ លើសពីនេះ ប្រវត្តិវិទូរូបនេះ បានឱ្យដឹងអំពីការដើរជាន់ដានចាស់របស់សម្តេចនាយកតាម Cambodia Daily ថា“ខ្ញុំមិនដឹងថាហេតុអ្វីលោក ហ៊ុន សែន មានចរិតហិង្សាបែបនេះទេ។ លោកទំនងជាដើរតាមគន្លងចាស់របស់សម្តេច សីហនុ នៅទសវត្ស១៩៦០ ដោយមិនដឹងខ្លួន, ធ្វើការហួសកម្លាំង, អត្តទត្ថនិយមយកតែរួចខ្លួនឯង (runaway egotism), មានមនុស្សអែបអបច្រើនពេក ហើយនិងមានគ្រឿងគំរាមកំហែងពិតប្រាកដច្រើនពេកនិងគ្រឿងគំរាមកំហែងដែលចេះតែស្រមៃខ្លួនឯងច្រើនក្រៃពេកផង ញ៉ាំងឱ្យសម្តេចតា វិលវល់រហូតគ្រប់គ្រងលែងបាន”។ អ្នកសិក្សាស្រាវជ្រាវខ្មែរវិញក៏យល់ឃើញមិនខុសគ្នាដែរ លោក មាស នី នៅក្នុងបទសម្ភាសជាមួយនឹងអាស៊ីសេរី បានប្រដូចការប្រឈមនឹងចលនាប្រជាធិបតេយ្យរបស់សម្តេចនាយកបច្ចុប្បន្ន ទៅនឹងការព្យាយាមទប់ស្កាត់ចលនាប្រជាធិបតេយ្យនៅសម័យសង្គមរាស្ត្រនិយម។ នៅសម័យសង្គមរាស្ត្រនិយមដែលដំបូងមានទំនាក់ទំនងល្អនឹងប្រទេសប្រជាធិបតេយ្យ អាមេរិក ក្រោយមកទោរទៅរកប្រទេសចិនកុម្មុយនិស្ត បញ្ញវន្តដែលបានរៀនសូត្រពីលទ្ធិប្រជាធិបតេយ្យ ក្រោមចំហាយឥទ្ធិពលពីប្រទេសបារាំងនិងអាមេរិក មានការបង្កើតគណបក្សប្រជាធិបតេយ្យតាំងពីចុងសម័យអាណានិគមនិយមបារាំងមកម្ល៉េះ។ ប៉ុន្តែក្រោយមក សម្តេចតា ដែលស្ថិតនៅក្នុងស្ថានភាពរងការគំរាមកំហែងពីចលនាប្រជាធិបតេយ្យ ប្រហាក់ប្រហែលនឹងសម្តេច ហ៊ុន សែន ប្រឈមនឹងបដិវត្តន៍ពណ៌ឬចលនាអំណាចប្រជាជនទាមទារលទ្ធិប្រជាធិបតេយ្យបច្ចុប្បន្នដែរ បានព្យាយាមយ៉ាងសម្បើមដើម្បីទប់ស្កាត់ឥទ្ធិពលប្រជាធិបតេយ្យនេះ រហូតដល់រំលាយគណបក្សប្រជាធិបតេយ្យចោលប្រហែលគ្នានឹងការប៉ុនប៉ងបំបែកបំបាក់និងរំលាយគណបក្សសង្គ្រោះជាតិ តាមរយៈវិសោធនកម្មច្បាប់គណបក្សនយោបាយធ្វើឡើងដោយសភាឯកបក្សរបស់គណបក្សប្រជាជនលោក ហ៊ុន សែន ថ្មីៗដែរ។ ទោះប្រឹងប្រែងយ៉ាងណា ទីបំផុតទៅរបបសង្គមរាស្ត្រនិយមនៅតែដួលរំលំដដែល ប៉ុន្តែព្រះអង្គមិនបានបោះបង់អំណាចដោយងាយៗភ្លាមទេ ហើយបន្តតស៊ូប្រជែងយកអំណាចវិញ ដោយជួយខ្មែរក្រហមក្នុងការកៀងគរអំពាវនាវឱ្យកូនចៅព្រះអង្គចូលព្រៃ វាយរដ្ឋាភិបាលរបបសាធារណរដ្ឋខ្មែរ គាំទ្រដោយចក្រពត្តិអាមេរិកដើម្បីយកអំណាចមកថ្វាយទ្រង់វិញ ទោះបង្កជាសង្គ្រាមស៊ីវិលរ៉ាំរ៉ៃយ៉ាងណា ប្រហែលគ្នានឹងការអះអាងរបស់សម្តេចដែលមានខ្លឹមសារថា សុទ្ធចិត្តអូសប្រទេសឱ្យធ្លាក់ចូលក្នុងសង្គ្រាមស៊ីវិល បើករណីខ្លួនចាញ់ឆ្នោត ឬអស់អំណាច។ ជារួម ទោះជាចំណែកនៃសង្គ្រាមត្រជាក់ មានការលូកដៃពីបរទេសច្រើនភាគីក៏ដោយ សង្គ្រាមស៊ីវិលកម្ពុជានៅទសវត្ស១៩៧០ ក៏មានចំណែកមួយ ជាទំនួលខុសត្រូវរបស់សម្តេចតានោះដែរ។
លេសថា ព្រះអង្គត្រូវខ្មែរក្រហមក្បត់ ក្រោយផ្តួលរំលំរដ្ឋាភិបាលសាធារណរដ្ឋបានជោគជ័យហើយ បែរជាមិនបានប្រគល់អំណាចជូនទ្រង់ មិនអាចយកមកដោះសាពីការពាក់ព័ន្ធរបស់ព្រះអង្គក្នុងការជួយកៀងគរកម្លាំងឱ្យខ្មែរក្រហមនោះឡើយ, គេអាចយល់បានថា នៅពេលខ្មែរក្រហមជាប់ក្លិនអសោចន៍ដូចបច្ចុប្បន្ន អ្នកដែលមានអតីតជាមួយខ្មែរក្រហមនឹងព្យាយាមពង្រីកគម្លាតសាវតារបស់ខ្លួនពីខ្មែរក្រហម ដើម្បីរក្សាកត្តិយសរបស់ខ្លួន។ ម្យ៉ាង សម្តេចតាក៏សក្តិសមនឹងត្រូវខ្មែរក្រហមក្បត់ដែរ ពីព្រោះព្រះអង្គបានតាមបំផ្លាញចលនាកុម្មុយនិស្តខ្មែរតាំងពីដើមទីនោះដែរ, ប្រគល់អំណាចជូនអ្នកដែលបានតាមយាយីក្រុមរបស់ខ្លួន គឺមិនខុសពីធ្វើអត្តឃាតនោះទេ។ ស្នាដៃ ‘សុបិននិងការពិត’ ភាគ១ របស់លោក វ៉ាន់ឌី កាអុន បានឱ្យដឹងថា៖
នៅឆ្នាំ១៩៥៥-៥៧ នោះ សម្តេច សីហនុ ធ្វើការគាបសង្កត់ទៅលើអ្នកទាំងអស់នោះឥតត្រាប្រណី។ មិនតែប៉ុណ្ណោះសោត ព្រះអង្គបានបំបែកបំបាក់ពួកកុម្មុយនិស្តខ្មែរទាំងនោះបានផងទៀត។ មេកុម្មុយនិស្តខ្លះ ដូចជា សៀវ ហេង ជាដើម ក៏បានក្បត់នឹងចលនារបស់គេ សុខចិត្តធ្វើជាភ្នាក់ងារសម្ងាត់របស់ព្រះអង្គថែមទៀតនៅឆ្នាំ១៩៥៩។ នៅឆ្នាំ១៩៥៩ នោះ សៀវ ហេង បានបំផ្លាញចលនារបស់គេ ចោលអស់ជិត ៩០ភាគរយ ដើម្បីចូលបម្រើ សម្តេច នរោត្តម សីហនុ។ […] ចាប់តាំងពី១៩៥៦ នោះមក ចលនារបស់ខ្មែរកុម្មុយនិស្តនៅតាមជនបទ បានស្រុតរលំសឹងតែទាំងអស់ គឺនៅសល់តែអ្នកដែលពួនសំងំធ្វើសកម្មភាពនៅទីក្រុង ដូចជា ប៉ុល ពត ជាដើមតែប៉ុណ្ណោះ ប៉ុន្តែគឺអ្នកទាំងអស់នោះហើយ ដែលក្រោយមក បានខិតខំស្តារចលនាកុម្មុយនិស្តខ្មែរឡើងវិញ។
មិនមែនតែពួកប្រជាធិបតេយ្យខ្មែរទេ ដែលសម្តេចតាតាមចងពៀរ ពួកកុម្មុយនិស្តខ្មែរក៏រងគ្រោះដូចគ្នា ក៏ព្រោះព្រះអង្គចាត់ទុកពួកគេទាំងអស់នោះ ជាសត្រូវនយោបាយ អាចដណ្តើមអំណាចពីទ្រង់។ ហេតុអ្វីសម្តេចខ្លាចគេដណ្តើមរាជ្យ ឬអំណាចពីទ្រង់ខ្លាំងម្ល៉េះ? ទំនងជាដើមហេតុ!
នៅថ្ងៃរាជាភិសេកព្រះករុណា នរោត្តម សីហនុ ០៣ ឧសភា ១៩៤១ ទានរាជ ដែលមានទំហំធំ តម្រូវឱ្យឆេះជានិច្ចក្នុងកំលុងពេលរាជាភិសេក ប៉ុន្តែរាត្រីមួយនោះ ក៏រលត់សូន្យឈឹង, ហោរហ្លួងក៏ទស្សន៍ទាយឃើញថា រជ្ជកាលសម្តេចតានឹងមានវិនាសកម្មនិងភយន្តរាយដោយរដ្ឋប្រហារ។ ប្រផ្នូលអាក្រក់នេះ ត្រូវបានមហាក្សត្រយានី កុសមៈ មាតា សីហនុ បញ្ជាឱ្យបិទបាំង។ សម្តេចតាទំនងជាបានជ្រាបពីទំនាយនេះ និងបារម្ភខ្លាចវាក្លាយជាការពិតទេដឹង? ទើបព្រះអង្គចេះតែរវើររវាយខ្លាចមានអ្នកជ្រែករាជ្យដណ្តើមអំណាចពីទ្រង់, គាប់ចួនអី នៅថ្ងៃទី១៩កញ្ញាឆ្នាំ១៩២៥ ទារក កេង វ៉ាន់សាក់ ខ្សែរាជវង្សស៊ីសុវត្ថិ ដែលបានកើតក្រោយសម្តេចតា ៣ឆ្នាំ ក៏ត្រូវបានហោរទាយថា ធំដឹងក្តីឡើងនឹងកម្ចាត់រាជានិយមចោលពីទឹកដីទៅទៀត។ តើអារម្មណ៍ទាំងនេះឬដែល ដេវិឌ ឆាណ្ឌល័រ ពណ៌នាថា ជាគ្រឿងគំរាមកំហែងដែលសម្តេចតាចេះតែស្រមើលស្រមៃឡើងដោយខ្លួនឯង (Imagined threats)? យ៉ាងណាមិញ មតិខ្លះលើកឡើងថា ដោយសារទទួលបានការអប់រំពីប្រទេសបារាំង សម្តេចតាប្រាកដជាបានជ្រាបពីព្រឹត្តិការណ៍បដិវត្តន៍បារាំងឆ្នាំ១៧៨៩ ដែលបានផ្តួលរំលំរបបរាជាធិបតេយ្យ កាត់ក្បាលស្តេចបារាំងល្វីទី១៦ ជាមូលហេតុមួយញ៉ាំងឱ្យសម្តេចតាខ្លាចកើតឡើងចំពោះទ្រង់ដូចគ្នា ទើបទ្រង់ស្អប់និងកម្ទេចគណបក្សប្រជាធិបតេយ្យ ដែលទ្រង់ហៅក្រុមនេះថា ‘ដេម៉ូៗ ឬអាពួកប្រជាធិបតេយ្យ’ (Democrat) នោះ។ យ៉ាងណាក៏ដោយ ទំនាយនេះដូចជាពុំបានប្រាប់ពីអ្នកបង្កទេ គ្រាន់តែទាយពីព្រឹត្តិការណ៍អាក្រក់ដែលនឹងកើតឡើងប៉ុណ្ណោះ ហើយពិតជាមានមហន្តរាយចេញរដ្ឋប្រហារមែនក្នុងរជ្ជកាលព្រះអង្គ។
ជារួម ទោះមានហេតុផលអ្វីក៏ដោយ ទីបំផុត មិនថាពួកប្រជាធិបតេយ្យ ឬ ពួកកុម្មុយនិស្តនោះទេ សុទ្ធតែត្រូវសម្តេចតាតាមឈ្នានីស ចុងក្រោយ គ្មានក្រុមណាមួយឈរខាងព្រះអង្គនោះទេ ពួកខ្មែរក្រហមរណបចិនផ្តួលរំលំរបបសាធារណរដ្ឋខ្មែរ ហើយមិនបានផ្ទេរអំណាចជូនទ្រង់ឡើយ ពួកសាធារណរដ្ឋប្រជាមានិតរណបវៀតណាម ក៏ធ្វើដាក់ទ្រង់អ៊ីចឹងដូចគ្នា ទោះបីទ្រង់បានទោរទៅកុម្មុយនិស្តចិន និងធ្លាប់ជួយវៀតណាមក្តី។
និយាយពីការបំបែកពួកកុម្មុយនិស្តនិងពួកប្រជាធិបតេយ្យរបស់សម្តេចតា, សម្តេចនាយកក៏បានផ្តួលរំលំនិងបំបែកបំបាក់ខ្មែរក្រហមដូចគ្នាញ៉ាំងឱ្យមេខ្មែរក្រហម អៀង សារី នៅឆ្នាំ១៩៩៦ ដឹកនាំកងទ័ពខ្មែរក្រហមមួយចំនួនចុះចូលនឹងរដ្ឋាភិបាល ឬបើពោលឱ្យត្រូវគឺ ចុះចូលនឹងគណបក្សប្រជាជន, មិនមែនបំបែកតែគណបក្សហ៊្វុនស៊ិនប៉ិច និងប៉ុនប៉ងបំបែករំលាយតែគណបក្សសង្គ្រោះជាតិនោះទេ។ អ្នកអះអាងថា ខ្មែរមិនគួរឈ្លោះនឹងខ្មែរ ហាក់ដូចជាឱ្យតម្លៃលើកត្តាជាតិសាសន៍ពេកហើយ ព្រោះជាតិសាសន៍ដូចគ្នាមិនប្រាកដថាមិនឈ្លោះគ្នានោះទេ ភស្តុតាងប្រវត្តិសាស្ត្រខ្មែរឆ្លុះបញ្ចាំងផ្ទុយស្រឡះ, បើពោលឱ្យអាក្រក់ស្តាប់ដើម្បីឱ្យស៊ីនឹងទស្សនៈអវិជ្ជមានដែលខ្មែរមើលទៅកាន់គ្នា គឺថា ខ្មែរខាំគ្នាឯងដរាបមកយ៉ាងហោចណាស់ក៏តាំងពីសង្គមរាស្ត្រនិយមមកទល់ឥឡូវដែរ បើមិនរាប់សម័យអាណានិគមនិយមបារាំង, ទស្សនៈថា ខ្មែរជាពូជសាសន៍ចេះស្រឡាញ់គ្នា ប្រហែលជាត្រឹមត្រូវតែចំពោះរាស្ត្រសាមញ្ញតែប៉ុណ្ណោះ ឥស្សរជនខ្មែរវិញខាំគ្នាដណ្តើមអំណាចពីគ្នាតាំងពីទឹកដីធំធេង រហូតដល់ប៉ុនមេដៃ ក៏នៅតែខាំគ្នា។
ផលប្រយោជន៍ចេញពីការរក្សាគម្លាតពីខ្មែរក្រហម គ្មាននរណាយល់ច្បាស់ជាងគណបក្សប្រជាជននោះទេ គណបក្សកាន់អំណាចព្យាយាមលុបបំបាត់សាវតានេះ មិនចង់ឮគេរំឭកថា ខ្លួនជាអតីតខ្មែរក្រហមរត់ចោលជួរចូលដៃនឹងវៀតណាម, ផ្លាស់ប្តូរឈ្មោះគណបក្ស ពីគណបក្សប្រជាជនបដិវត្តន៍កម្ពុជា មកគណបក្សប្រជាជនកម្ពុជា ដើម្បីកុំឱ្យនៅជាប់ពាក់ព័ន្ធនឹងបដិវត្តន៍ខ្មែរក្រហម, ប៉ុន្តែ គណបក្សប្រជាជននៅតែចូលចិត្តហៅបក្សប្រឆាំងថា មានចរិតលក្ខណៈដូចខ្មែរក្រហម និងយកតាក់ទិចខ្មែរក្រហមមួយចំនួនមកប្រើទៅវិញ, ឧ. ឈ្លបស្តាប់និងដឹកនាំបែបចាត់តាំង, ធ្វើដូចជាស្អប់ខ្មែរក្រហមខ្លាំងណាស់អ៊ីចឹង ស្ទើរតែភ្លេចខ្លួនថាបានចូលរួមនឹងខ្មែរក្រហមផ្តួលរំលំរបបសាធារណរដ្ឋខ្មែរ នៅដំណាក់កាលដំបូងទៅហើយ, រហូតដល់ធ្លាប់បានលើកសំណើចង់ធ្វើច្បាប់ដាក់ទោសអ្នកមិនទទួលស្គាល់ថ្ងៃ៧មករា ឬសោកនាដកម្មនៅសម័យខ្មែរក្រហមទៅទៀត។ ឧបមាថា របបខ្មែរក្រហមនៅតែដឹកនាំប្រទេសមកទល់បច្ចុប្បន្ន គ្មានការលាយជម្រះពួកតំបន់បូព៌ា ប្រហែលជាក្រុមរត់ចោលជួរនៅតំបន់បូព៌ា មិនចាំបាច់រត់ទៅវៀតណាមទេ, ថាមិនត្រូវ បើខ្មែរក្រហមមិនបែកបាក់គ្នា វៀតណាមវាយមិនបែក យកទីក្រុងមិនបាននោះទេ, បុគ្គលមួយចំនួនក្នុងគណបក្សប្រជាជនដែលជាអតីតខ្មែរក្រហម នឹងអាចឡើងកាន់ការធំដដែលផងក៏មិនដឹង បើតាមសមត្ថភាពធ្វើនយោបាយនិងសមត្ថភាពបត់បែនរបស់ពួកគេ ដូចជា លោក ហ៊ុន សែន និង គាត ឈុន ជាដើម, រួចនឹងធ្វើច្បាប់មិនឱ្យប្រមាថខ្មោចមេបក្សកុម្មុយនិស្តខ្មែរ ប៉ុល ពត ផងក៏ថាបាន។ ដោយសារការដួលរលំនៃរដ្ឋាភិបាលមិនមែនប្រជាធិបតេយ្យជាច្រើននៅក្នុងទំព័រប្រវត្តិសាស្ត្រកម្ពុជា របបរាជាធិបតេយ្យ, របបសង្គមរាស្ត្រនិយម, របបសាធារណរដ្ឋខ្មែរ, របបកម្ពុជាប្រជាធិបតេយ្យ ដែលសុទ្ធតែមិនមែនរបបប្រជាធិបតេយ្យ (របបសាធារណរដ្ឋខ្មែរពិបាករាប់ចូលជាប្រជាធិបតេយ្យ ព្រោះភាពស្រពិចស្រពិលនៃការដឹកនាំប្រទេសនៅក្នុងស្ថានភាពសង្គ្រាមស៊ីវិល, ការបែងចែកអំណាចមិនច្បាស់លាស់, អំពើពុករលួយបក្សពួកនិយម, ជីវិតរបបនេះមានត្រឹមតែ៥ឆ្នាំ បូករួមនឹងរចនាសម្ពន្ធអំណាចដ៏សាំញ៉ាំ ពិបាកកំណត់ដាច់ស្រេច) ដូច្នេះគេពិបាកជឿថា របបឧកញ៉ាធិបតេយ្យរបស់សម្តេចនាយក ដែលវិវត្តពីរបបសង្គមនិយមសាធារណរដ្ឋប្រជាមានិតកម្ពុជា ក្រោមអាណានិគមវៀតណាមនឹងនៅតែគង់វង្សជានិរន្តរ៍ណាស់ ទោះគណបក្សសង្គ្រោះជាតិមិនមែនជាគូប្រជែងស្មើកម្លាំងនឹងគណបក្សប្រជាជនក៏ដោយ ក៏គ្មានកម្លាំងអ្វីស្មើកម្លាំងពលរដ្ឋ ឬអំណាចប្រជាជននោះដែរ។
អ្នកវិភាគជាច្រើនតែងបន្ទោសក្រុមអ្នកធ្វើរដ្ឋប្រហារសម្តេចតា ឯលោកនាយករដ្ឋមន្ត្រីក៏បានអះអាងជាច្រើនដងដែរថា វិបត្តិកម្ពុជាចាប់ផ្តើមនិងជះឥទ្ធិពលពីព្រឹត្តិការណ៍រដ្ឋប្រហារទម្លាក់សម្តេចតាឆ្នាំ១៩៧០។ តាមស្នាដៃ ‘ប្រវត្តិសាស្ត្រខ្មែរ’ របស់លោក ឆាណ្ឌល័រ បានឱ្យដឹងថា “នៅពេលសម្តេចព្រះសីហនុ បានយាងចេញពីស្រុកទេសដើម្បីវិស្សមកាលប្រចាំឆ្នាំរបស់ព្រះអង្គ នៅក្នុងខែមករា ឆ្នាំ១៩៧០ មានមនុស្សជាច្រើនបានបកស្រាយការយាងចេញដំណើរនេះថាជា ការលបរត់។” បើព្រះអង្គមិនបានចាកចេញពីប្រទេស ពេលស្រុកកំពុងមានអាសន្នធ្ងន់ទាំងក្នុងទាំងក្រៅប្រទេសបែបនេះ ក៏គ្មានរដ្ឋប្រហារកើតឡើងដែរ ក្នុងនោះរួមមានវិបត្តិនយោបាយទាក់ទងនឹងការលូកដៃក្នុងសង្គ្រាមវៀតណាម និងវិបត្តិសេដ្ឋកិច្ចសង្គមដែលកើតចេញពីកាស៊ីណូរដ្ឋ ធ្វើឱ្យពលរដ្ឋញៀនល្បែង ធ្លាក់ខ្លួនក្រ ធ្វើអត្តឃាត កើតចោរកម្ម គ្រួសារជាច្រើនក្ស័យធន។ល។ ដូច្នេះហើយ យ៉ាងហោចណាស់ ក៏ព្រះអង្គត្រូវទទួលខុសត្រូវមួយផ្នែកដែរចំពោះមុខប្រវត្តិសាស្ត្រក្រោមសម័យដឹកនាំរបស់ព្រះអង្គផ្ទាល់ បន្ទោសអាមេរិកឬពួកសាធារណរដ្ឋខ្មែរគ្រាន់តែជាការដោះសាយករួចខ្លួនប៉ុណ្ណោះ។ ប្រើប្រាស់ស្តង់ដារពីរ សម្តេចនាយកបន្ទោសអ្នកធ្វើរដ្ឋប្រហារសម្តេចតាថាជាអ្នកដុតបញ្ឆេះបញ្ហា តែលោកមិនបន្ទោសខ្លួនឯងដែលបានធ្វើរដ្ឋប្រហារកូនស្តេច ក្មេងវត្តទាត់ក្មេងវាំង នៅឆ្នាំ១៩៩៧ ធ្វើឱ្យកម្ពុជាត្រូវបានដាក់ឱ្យនៅដាច់តែឯង ដាច់ជំនួយ និងត្រូវបានគេពន្យារការចូលជាសមាជិកអាស៊ាននោះឡើយ។
អ្នកស្រឡាញ់ព្រះមហាក្សត្រនៅកម្ពុជា មើលគំរូប្រទេសថៃ ឃើញស្តេចគេមានអំណាច ក៏តាំងចង់ឱ្យស្តេចខ្មែរមានអំណាចដែរ នឹងអាចតទល់នឹងសម្តេចនាយកបាន។ នេះជាជម្រើសដ៏គ្រោះថ្នាក់មួយ ឧបមា បើកម្ពុជាមានទោសប្រមាថព្រះមហាក្សត្រដូចថៃ មានន័យថា ស្តង់ដារពីរ មហាក្សត្រប្រមាថប្រជារាស្ត្របាន រាស្ត្រប្រមាថស្តេចវិញមានទោសដោយមិនចាំបាច់គិតថា ការប្រមាថនោះត្រឹមត្រូវឬអត់, ទោសប្រមាថស្តេចនោះអាចនឹងត្រូវបកប្រែស្រេចចិត្តគ្មាននិយមន័យច្បាស់លាស់ ចង់ដាក់ទោសនរណាក៏បាន ស្របពេលតុលាការនិងក្រុមបឹ្រក្សារាជ្យសម្បត្តិក្រោមឥទ្ធិពលបក្សកាន់អំណាច បទប្រមាថព្រះមហាក្សត្រនឹងក្លាយជាឧបករណ៍នយោបាយថ្មីមួយទៀតសម្រាប់ឱ្យបក្សនេះត្រេះលេង។ មានការបកប្រែច្រលំខ្លឹមសារនៃរដ្ឋធម្មនុញ្ញ មាត្រា២៣ ដែលថា ‘‘ព្រះមហាក្សត្រទ្រង់ជាមេបញ្ជាការកំពូលនៃកងយោធពលខេមរភូមិន្ទ។ អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទត្រូវបានតែងតាំងឡើងដើម្បីបញ្ជា កងយោធពលខេមរភូមិន្ទនេះ” បានសេចក្តីថា គឺអគ្គមេបញ្ជាការជាអ្នកបញ្ជា មិនមែនព្រះមហាក្សត្រក្នុងនាមជាមេបញ្ជាការកំពូលជាអ្នកបញ្ជាទេ, រដ្ឋធម្មនុញ្ញកម្ពុជាផ្តល់អំណាចតិចតួចណាស់ជូនព្រះមហាក្សត្រ ច្រើនជាអំណាចនិមិត្តរូប ហើយក៏មិនទាស់ខុសណាស់ណាដែរ បើគេក្រលែតមើលអំណាចស្តេចនៅសម័យអតីតកាល មិនចាំមើលឯណាឆ្ងាយ ត្រឹមសង្គមរាស្ត្រនិយមក៏យល់មូលហេតុអ្វីដែលគេត្រូវកម្រិតអំណាចស្តេច ឬមិនឱ្យស្តេចមានអំណាចនយោបាយ។ របបរាជាធិបតេយ្យនិងប្រជាធិបតេយ្យ ជារបបផ្ទុយគ្នា មួយផ្តាច់ការប្រមូលផ្តុំអំណាចលើបុគ្គលម្នាក់ ផ្ទេរអំណាចតាមគ្រួសារខ្សែលោហិត គ្មានអាណត្តិច្បាស់លាស់ មួយទៀតបែងចែកអំណាចទៅតាមស្ថាប័ន ផ្ទេរអំណាចតាមការបោះឆ្នោត កំណត់ជាអាណត្តិ, គេមិនអាចតែងរដ្ឋធម្មនុញ្ញដោយប្រគល់អំណាចឱ្យមហាក្សត្រផង ឱ្យសភាផងនោះទេ។ នៅក្នុងកម្មវិធីតុមូលវីអូឌី ប្រធានបទ ‘ការផ្លាស់ប្តូរក្រោយឆ្នាំ២០១៨’ ថ្ងៃទី២៦ ខែកញ្ញា ២០១៥, លោក អ៊ូ វីរៈ បានពន្យល់ថាបើព្រះមហាក្សត្រខ្មែរមានអំណាចនយោបាយឬយោធា ឬនិយាយម្យ៉ាងទៀត ស្តេចក្តាប់យោធា នោះកម្ពុជានឹងក្លាយជារបបរាជាធិបតេយ្យ មិនមែនប្រជាធិបតេយ្យឡើយ។ ក្នុងរបបប្រជាធិបតេយ្យ អ្នកនយោបាយឬបក្ស ដែលឈ្នះឆ្នោតកាន់អំណាច បញ្ជាកងកម្លាំង បើខ្ចីសម្តីសេដ្ឋកិច្ចវិទូអាមេរិកាំង Joseph A. Schumpeter ប្រជាធិបតេយ្យគឺកាន់អំណាចដោយអ្នកនយោបាយ មិនមែនប្រជាជនទេ នៅក្នុងស្នាដៃ ‘មូលធននិយម សង្គមនិយម និងប្រជាធិបតេយ្យ’។ ផ្ទុយទៅវិញ បើយោធាសម្រេចចិត្តដោយខ្លួនឯង មិនស្ថិតក្រោមបញ្ជារដ្ឋាភិបាល ដែលកើតចេញពីក្រុមអ្នកនយោបាយឬបក្សឈ្នះឆ្នោត យោធាឯករាជ្យម្ចាស់ការទាំងស្រុងនឹងអាចបង្កជាចលាចល ព្រោះអាចបង្ក្រាបគណបក្សនយោបាយទាំងឡាយ ធ្វើរដ្ឋប្រហារ រួចឡើងកាន់អំណាចបង្កើតជារបបសឹកតែម្តង។ មូលហេតុដែលក្រុមយោធាមិនអាចឡើងកាន់អំណាច ព្រោះពួកគេគ្មានភាពស្របច្បាប់ ពុំបានឆ្លងកាត់ការបោះឆ្នោត, ពួកគេមិនខុសពីក្រុមអ្នកបច្ចេកទេស មន្ត្រីរដ្ឋបាល នគរបាល កងសន្តិសុខ នោះទេ គឺចូលបម្រើការរដ្ឋ តាមការប្រលងជ្រើសរើស មិនមែនបោះឆ្នោតជ្រើសរើសនោះទេ, ជារួម យោធាគឺជាអ្នកបច្ចេកទេស តែជាអ្នកបច្ចេកទេសខាងអំពើហិង្សា។ ដូចបានដកស្រង់មកជម្រាបជូនខាងលើស្រាប់ហើយ សម័យសង្គមរាស្ត្រនិយមដែលស្តេចកាន់អំណាចនយោបាយនិងត្រួតត្រាកងកម្លាំង មានការបង្ក្រាប វិបត្តិសង្គម សេដ្ឋកិច្ច នយោបាយ អ្វីខ្លះដែលបានកើតឡើង, ប៉ុនប៉ងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញចង់ផ្តល់អំណាចនយោបាយ និងយោធាដល់ព្រះមហាក្សត្រគឺចង់ប្រព្រឹត្តឆ្គងពីអតីតកាលម្តងទៀត។ (ចប់ភាគ១)
ដោយ ទេព រ៉ានិត