ប្រជាពលរដ្ឋមួយចំនួនរស់ផ្លូវជាតិលេខ៧ ស្ថិតនៅភូមិមួយ ក្នុងខេត្តក្រចេះ បានត្អូញត្អែពីការប៉ះពាល់សុខភាព ដោយថាបណ្តាលមកពីដីហុយ។
ឈរលក់ដូរក្បែរចិញ្ចើមផ្លូវ នៅភូមិសំបុក ខេត្តក្រចេះ អ្នកស្រី ជា សាន បានឲ្យដឹងថា ផ្លូវជាតិលេខ៧ ត្រូវបានអាជ្ញាធរឈូសឆាយជិត៥ឆ្នាំ ដោយមានទទឹងប្រហែល៦ម៉ែត្រ បណ្តោយប្រហែលជិត១០គីឡូម៉ែត្រ ជាប់ផ្លូវកៅស៊ូចាស់ ខណៈបច្ចុប្បន្ននេះអាជ្ញាធរមិនទាន់ក្រាលកៅស៊ូនៅឡើយ។ ករណីនេះ អ្នកស្រីថា ពេលធ្វើដំណើរនៅរដូវស្សាកន្លែងខ្លះមានផុក និងរដូវប្រាំដី ហុយធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋនៅតំបន់នោះជាដើម។
អ្នកស្រីនិយាយថា «ពេលហ៊ុយប៉ះពាល់ក្មេងៗ ក៏វាឈឺច្រើនដែរ វាក្អក ផ្តាសសាយរាប់ខែ មនុស្សចាស់ក៏ ផ្តាសសាយដែរ មិនថាក្មេងទេ វាហុយ ខែហុយ វាហុយរហូតទាល់ភ្លៀងវិញ ពេលភ្លៀងវាផុកខ្លះ កន្លែងដុំៗ»។
គ្រូពេទ្យឯកជនមួយកន្លែងរស់នៅឃុំសំបូរ លោកស្រី ប៊ុន ស៊ូហ៊ាន បានរៀបរាប់ថា អ្នកជំងឺនៅក្នុងភូមិភាគច្រើនបានទៅព្យាបាលនៅផ្ទះគាត់ ដោយខ្លះ ក្អក ក្តៅខ្លួន រលាកបំពុងក សួត និងជំងឺហឺត ជាដើម។
អ្នកស្រីបន្តថា ដើម្បីកាត់បន្ថយកុំឲ្យប្រជាពលរដ្ឋនៅតំបន់នោះមានជំងឺបែបនេះទៀត លុះត្រាតែអាជ្ញាធរពាក់ព័ន្ធពន្លឿនធ្វើផ្លូវក្រាលកៅស៊ូឲ្យស្អាត។
អ្នកស្រីនិយាយថា «មានសំណូមពរឲ្យគេធ្វើឲ្យលឿនដែរ ផ្លូវហ្នឹងកាលពីមុនវានៅផ្លូវកៅស៊ូតូចមែន ប៉ុន្តែវាងាយស្រួលជាងឥឡូវៗផ្លូវធំបែរជាដីហុយវាលំបាកដែរ»។
ប្រធានមន្ទីរសារធារណការនិងដឹកជញ្ជូនខេត្តក្រចេះ លោក ស្រេង ស្រស់ បានឲ្យដឹងថា អាជ្ញាធរឈូសឆាយ ផ្លូវនោះ ដោយមិនទាន់ក្រាលកៅស៊ូ ដោយថាខ្វះថវិកា។ ករណីនេះលោកថា ក្រុមការងាររបស់លោកនឹងប្រជុំពីគម្រោងប្រចំាឆ្នាំនៅខែ៨ខាងមុខ ដើម្បីធ្វើស្នើទៅស្ថាប័នពាក់ព័ន្ធជាពិសេសក្រសួងសាធារណការនិងដឹកជញ្ជូន ពន្លឿនធ្វើផ្លូវជូនប្រជាពលរដ្ឋឲ្យបានឆាប់។
លោកនិយាយថា «យើងលើកច្រើគម្រោងណាស់ ច្រើនទីតំាង លើកគម្រោង៤ទៅ១០ យើងនឹងស្នើទៀតនៅខែ៨ ហើយអនុម័តប្រហែលជាខែ១២ ព្រោះតម្រូវការច្រើន ហើយថវិកាវាមានកម្រិតប្រចំាឆ្នាំ វាពិបាកនៅតម្រូវការឲ្យទាន់ពេលដល់ពួកគាត់ ដល់ថ្នាក់ដឹកនាំជួយសម្រេច»។
មន្ត្រីស៊ើបអង្កេតដីធ្លី និងសិទ្ធិមនុស្សនៅសមាគមការពារសិទ្ធិមនុស្សអាដហុកប្រចំាខេត្តក្រចេះ លោក ប៊ី វ៉ាន់នី យល់ថា បើស្ថាប័នរដ្ឋមិនបំរើសេវាជូនប្រជាពលរដ្ឋឲ្យស្របតាមយុទ្ធសាស្ត្រចតុកោណរបស់រដ្ឋាភិបាលទេ នោះនឹងធ្វើឲ្យពលរដ្ឋអស់ជំនឿលើការដឹកនាំរបស់បក្សកាន់អំណាច។
លោកយល់ថា «វាអាចធ្វើឲ្យប៉ះពាល់ដល់មុខមាត់រដ្ឋាភិបាល វាខុសពីអ្វីដែលជាគោលនយោបាយរបស់សម្តេចនាយករដ្ឋមន្ត្រីដែលគាត់លើកឡើង ហើយទាក់ទងមន្ត្រីត្រូវតែបំរើរាស្ត្រ មិនមែនយើងធ្វើអ្វីមួយដោយគ្មានការទទួលខុសត្រូវទេ ហើយវាខុសពីអ្វីនៅក្នុងយុទ្ធសាស្ត្រចតុកោណរបស់រដ្ឋាភិបាល ក្នុងកំណែទម្រង់សាធារណៈរបស់រដ្ឋ ដែលរដ្ឋាភិបាលតែងតែលើកឡើង ទាក់ទិនទៅនឹងការបំរើសេវាសាធារណៈ ត្រូវបំរើដោយមានឆន្ទៈ ត្រូវបំរើដោយមានតម្លាភាព និងយកចិត្តទុកដាក់ដល់ផលប្រយោជន៍ប្រជាពលរដ្ឋនៅមូលដ្ឋាន»។
កញ្ញា ឆោម ស្រីលក្ខណ៍ បានអះអាងប្រហាក់ប្រហែលគ្នាថា ផ្លូវជាតិលេខ៧ ស្ថិតនៅភូមិសំបុក ឃុំសំបុក ស្រុកសំបូរ ខេត្តក្រចេះ ត្រូវបានឈូសផ្លូវចាប់តំាងពីឆ្នាំ២០១៣ ពោលគិតមកដល់បច្ចុប្បន្ន មានរយៈពេលជិត៥ឆ្នាំហើយ មិនទាន់ក្រាលកៅស៊ូនៅឡើយ។ ករណីនេះកញ្ញាថា ធ្វើឲ្យប៉ះពាល់សុខភាពពួកគេរាប់រយគ្រួសារនៅតំបន់នោះ៕