ក្រុមយុវជនដល់ទៅ ១៤នាក់ ត្រូវបានសមត្ថកិច្ចក្រុងប៉ោយប៉ែតចាប់ខ្លួន កាលពីរសៀលថ្ងៃទី០៤ ខែសីហានេះ ដោយសង្ស័យថា ប្រើប្រាស់គ្រឿងញៀននៅក្នុងព្រៃ។ នេះដោយយោងតាមសេចក្ដីរាយការណ៍របស់គេហទំព័រនគរបាលជាតិ។
សេចក្ដីរាយការណ៍នោះ បានដកស្រង់សម្ដីអធិការនគរបាលក្រុងប៉ោយប៉ែត លោក ធិន ស៊ិនដេត បាននិយាយថា កម្លាំងនគរបាលរបស់លោក បានឆ្មក់ចូលបង្ក្រាបក្រុមយុវជនទាំង ១៤នាក់ ក្រោយពីទទួលបានដំណឹងថា ក្រុមយុវជនទាំងនោះ បានសម្ងំប្រើប្រាស់គ្រឿងញៀននៅក្នុងព្រៃមួយកន្លែង។
មន្ត្រីនគរបាលរូបនេះ បញ្ជាក់ថា ជនសង្ស័យប្រើប្រាស់គ្រឿងញៀនទាំងនោះ ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់។
បើតាមរបាយការណ៍របស់សមត្ថកិច្ច មនុស្សដល់ទៅ ៨០នាក់ ក្នុងនោះមានស្រី ៧នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀននៅទូទាំងប្រទេសកាលពីថ្ងៃទី០៤ ខែសីហានេះ។
របាយការណ៍នគរបាលជាតិ បានឲ្យដឹងថា ជនសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀនជាង ៨ពាន់នាក់ហើយ ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅក្នុងរយៈពេល ៥ខែដំបូងដើមឆ្នាំនេះ។
បញ្ហាគ្រឿងញៀន ត្រូវបានរកឃើញក្នុងការស្ទង់មតិមួយកាលពីឆ្នាំមុនថា ជាចំណុចខ្សោយធំមួយរបស់រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៕