សង្គមស៊ីវិលថា វប្បធម៌ហៃអើកំពុងយាយីវិស័យសិទ្ធិមនុស្ស

អង្គការសង្គស៊ីវិលមួយចំនួនបង្ហាញការព្រួយបារម្ភថា វប្បធម៌ហៃអើ គាំទ្រសម្តីបែបហិង្សា ហាក់កំពុង​យា​យីមក​លើវិស័​យ​សិ​​​ទ្ធិមនុស្ស ខណៈស្ថាប័នសិទ្ធិមនុស្សរបស់រដ្ឋាភិបាល បានការពារសម្តីរដ្ឋមន្ត្រីមួ​យរូប​ដែ​​​ល​និយា​យថានឹង «​ប្រើ​​​​គល់ឫស្សី​វា​​យ​ក្បាលក្រុ​ម​​​បា​តុករ» នោះ ថាជាការក្រើន​​រំឭកឲ្យគោ​រពច្បា​ប់។

ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាល លោក កែវ រ៉េមី កាលពីថ្ងៃអង្គារ បានប​ក​ស្រា​យប្រាប់ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជា​តិទទួលបន្ទុកសិទ្ធិមនុ​ស្ស​នៅកម្ពុជា​ លោ​​កស្រី​ រ៉ូណា ស្មីត ដូចនេះថា៖ «ចំនុចដែលសំខាន់បំផុតមិនមែនជាការគំរាមកំហែងទេ គ្រាន់តែជាការអប់រំមួ​យតាមផ្លូវច្បាប់។ ក៏​ប៉ុ​ន្តែ​គ្រាន់​ថាពាក្យសម្តីរបស់គាត់វាបង្ហាញនូវរូបភាពមួយក្នុងវិស័យសិទ្ធិមនុស្ស»។

ប៉ុន្តែសម្រាប់ប្រធានមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស លោក មឿន តុលា ហៅ​ការប​ក​ស្រា​យនេះថា ជាការបន្ទរតាមគ្នា ដើម្បីគេចចេញពី​ការទទួលខុ​សត្រូវ ក្នុងនា​មជាស្ថា​​​ប័​នឃ្លាំ​មើលកា​ររំ​លោ​​​​ភសិទ្ធិមនុស្សរបស់រដ្ឋាភិបាល។

លោកថា៖ «ពេលដែលគេមិនសប្បាយចិត្តរឿងអ្វីមួយ គេតវ៉ា ហើយយើងយកគល់ឫស្សីទៅវាយគេ អាហ្នឹ​ងវា​រំលោ​ភទៅលើធម្មនុញ្ញហើយ។ អញ្ចឹងបានខ្ញុំថាចង់បកស្រាយយ៉ាងម៉េចក៏ដោយ ខ្ញុំសំណូមពរ​ឲ្យ​រដ្ឋា​ភិបា​ល​ហ្នឹងគាត់ពិចារណាមកវិញថា ទី១ប្រជាពលរដ្ឋ គាត់មិន​មែនល្ងង់ដូចអ្នក​នយោបា​យមួ​យចំនួ​នគិ​ត​នោះទេ តា​ម​​ពិតប្រជាពលរដ្ឋគាត់យល់ច្បាស់ថាភាសាអ្វីជាភាសារអប់រំ ភាសារអ្វី​ជាភាសាគំរាម»។

លោក មឿន តុលា និយាយទៀតថា ការបកស្រាយបែបនេះ មិនបានជំរុញយន្តការគោរពសិទ្ធិមនុស្សតា​ម​ស្មា​រតីរដ្ឋធម្មនុញ្ញនោះទេ។ តែផ្ទុ​យ​​ទៅវិញ លោកថាស្ថាប័នការពារសិទ្ធិមនុស្ស របស់រដ្ឋាភិ​បាល​មួយ​នេះ​ ហា​ក់ជួយ​លា​ក់​បាំង​វប្បធម៌​បណ្តុះ​​ហិង្សា។

លោកថា៖ «យើងគួរគោរពរដ្ឋធម្មនុញ្ញយើងឲ្យបានភ្ជាប់ខ្ជាប់ខ្ជួនទាំងទង្វើដែលយើងធ្វើឡើងទាំងច្បាប់ផ្សេងៗដែលយើងអនុម័ត កុំឲ្យផ្ទុយទៅនឹងគោលការរដ្ឋធម្មនុញ្ញហ្នឹង។ ពីព្រោះរដ្ឋធម្មនុញ្ញជាច្បាប់កំពូល ព្រោះបើកាលណាយើងរំលោភរដ្ឋធម្មនុញ្ញ យើងរំលោភទៅលើព្រះមហាក្សត្រហើយ ពីព្រោះព្រះមហាក្ស​ត្រ ព្រះ​អ​ង្គ​​បានឡាយព្រះហស្តឲ្យប្រើប្រាស់»។

មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៅសមាគមអាដហុក លោក សឹង សែនករុណា បានបង្ហាញការ​ខកចិត្តទៅ​នឹង​កា​របកស្រាយរបស់លោក កែវ រ៉េមី នេះ ដោយលោកថា ភាសា​ប្រើ​គ​ល់ឫស្សី​វាយ​លើ​អ្នកតវ៉ា លោកថាមិ​នមែនជាភាសាអប់រំមនុស្សឲ្យគោរពច្បាប់ ឬឲ្យមនុស្សចេះរស់នៅក្នុងសង្គម តាមបែបសង្គម​ប្រជាធិ​បតេ​​យ្យ​ទេ។ លោ​កចាត់​ទុក​​ថា ការបកស្រាយបែបនេះ ហាក់បង្ហាញថា វប្បធម៌ហៃអើ កំពុង​យាយី​វិស័យសិទ្ធិ​មនុស្ស​នៅក​​​ម្ពុជា។

លោកថា៖ «ពីព្រោះនៅក្នុងផ្លូវច្បាប់មិនមានការចែងណាមួយដែលមានទណ្ឌកម្ម ដូចដែលគាត់បានលើកឡើងនោះទេ។ អញ្ចឹងយើងថាសាររបៀបនេះ វាបង្ហាញអំពីបែបហិង្សាទៅវិញទេ ពីព្រោះគ្មាននរណាម្នាក់និ​យាយភា​សារបែ​បនេះ ហើយថាជាភាសារដាស់តឿនទេ»។

លោក សឹង សែនករុណ ជំរុញឲ្យស្ថាប័នសិទ្ធិមនុស្សរបស់រដ្ឋាភិបាលមួយនេះ គួរជំរុញទៅអាជ្ញាធរ ឲ្យគោ​រ​​ព​រដ្ឋធម្មនុញ្ញនិង​កតិការសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិមនុស្ស និងសិទ្ធិនយោយបាយ ឲ្យបានពេលលេញ ជា​ជា​ង​និ​​យា​យកា​រពារ ហើយធ្វើមិនដឹងមិនឮពីការរំលោភបំពានសិទ្ធិមនុស្ស។

​នាយិកា​អង្គការ​យេនឌ័រ​និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា លោកស្រី ​រស់ សុភាព បានបង្ហាញទ​​ស្សនមិនទទួ​ល​យ​​កកា​​របកស្រាយរបស់លោក កែវ រ៉េមី នេះដែរ ដោយលោកស្រីថា ភាសាអប់រំនិងភា​សាគំ​រា​ម មាន​ន័យ​ខុ​ស​គ្នា។

លោកស្រី រស់ សុភាព លើកឡើងទៀតថា បើអ្នកនយោបាយនៅតែការពារគ្នា ដោយមិនហ៊ាន​និយាយកា​រពិ​តបែបនេះ លោកស្រីថា សាធារណជននឹងមើលឃើញថា ដំបងឫស្ស៊ី នៅតែជាឧបករណ៍មួយ ត្រូវបា​នអ្នកនយោបាយសម័យទំនើបនេះ យ​កមកប្រើប្រាស់ ដើ​ម្បីធ្វើទា​រុណកម្មមនុស្ស ដូច​របបប៉ុ​លពតដែរ។

លោកស្រីថា៖ «ហើយវាក៏បានរំឭកប្រជាពលរដ្ឋ រំឭកសង្គមយើងឲ្យនឹកឃើញពីសម័យប៉ុលពត ដែលយើ​ងអា​ចបង្ហាញពីសារជាតិថា យើងបានឆ្លងកាត់ពីសង្គមមួយ ដែល​ថាទោះបីយើ​ងគ្មានអាវុ​ធក្នុងការប្រើ​ប្រាស់​តាមវិទ្យាសាស្ត្រទំនើបបែបណាក៏ដោយ តែយើងនៅតែធ្វើទារុណកម្មមនុស្សបានដែរ តាមរយៈដំបងឫស្សី​​អីជាដើម ធ្វើឲ្យខ្ញុំព្រួយបារម្ភពីការប្រើអំពើហិង្សាតាំងពីសម័យនោះ រហូតបច្ចុប្បន្ន ទោះ​បីយើងមានតុ​លា​កា​រខ្មែរក្រហម»។

លោកស្រី រស់ សុភាព លើកឡើងទៀតថា ការបកស្រាយបែបនេះ នឹងធ្វើឲ្យសារធាណជន រឹតតែសង្ស័​យនិងចោទជាសំនួរថា តើស្ថាប័នសិទ្ធិមនុស្សរបស់រដ្ឋាភិបាលមួយនេះ បង្កើតឡើងដើម្បីអ្វីពិតប្រាកដ។

ទោះជាយ៉ាងណា លោក កែវ រ៉េមី បានការពារដែរថា សារនយោបាយដែល រងនូវការរិះ​គន់ថា បា​​ន​​​គំ​​​រា​​​ម​ដ​​ល់សេរីភាបបញ្ចេញមតិនេះ លោកថាជាការបារម្ភ របស់រដ្ឋាភិបាល ដើម្បីទប់ស្កាត់ កុំឲ្យកម្ពុជាធ្លាក់ ក្នុង​អណ្តា​​​លភ្លើង​ស​ង្គ្រាម ដូចប្រទេសមួយចំនួន ដែលកើតចេញពីការតវ៉ានេះ។

ប៉ុ​ន្តែ​សង្គមស៊ីវិល បានផ្តល់អនុសាសន៍ថា ដើម្បីទប់ស្កាត់កុំឲ្យប្រទេសកើតសង្គ្រាម ឬចលាចលសង្គម រដ្ឋាភិបាល​ត្រូ​វពន្យ​ល់ពលរដ្ឋឲ្យយល់ពីសិទ្ធិធ្វើបាតុកម្ម ស្របតា​មរដ្ឋ​ធម្មនុញ្ញ មិនត្រូវ​ប្រើសារគំ​​រា​​ម បង្ក្រាប ហើយភ្លេចគិតជំរុញយន្ត​ការធានាយុ​ត្តិធម៌​សង្គមនោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ