ជប៉ុនដាក់ប្រព័ន្ធការពារមីស៊ីលនៅក្រុងមួយចំនួន

ជប៉ុន​បាន​រៀប​ចំ​ប្រព័ន្ធ​ការ​ពារ​មីស៊ីល​នៅ​តាម​ទី​ក្រុង​មួយ​ចំនួន​ដែល​យល់​ថា ​អាច​មាន​គ្រោះថ្នាក់​ បន្ទាប់​ពី​កូរ៉េ​ខាង​ជើង​បាន​គំរាម​បាញ់​មីស៊ីល​ឆ្លង​កាត់​ប្រទេស​នេះ ​សំដៅ​កម្ទេច​មូលដ្ឋាន​ទ័ព​អាកាស​របស់​អាមេរិក​នៅ​កោះ​Guam។​

ភាព​តាន​តឹង​រវាង​រដ្ឋ​អំណាច​ទី​ក្រុង​វ៉ាស៊ីនតោន​ និង ​ទីក្រុង​ព្យុង​យ៉ាង​កាន់​តែ​ឡើង​ខ្លាំង​ ខណៈ​វោហា​សាស្ត្រ​របស់​មេដឹក​នាំ​នៃ​ប្រទេស​ទាំង​ពីរ​នៅ​តែ​បន្ត​គំរាម​គ្នា​ទៅ​វិញ​ទៅ​មក​។​ លោក​ត្រាំ ព្រ​មាន​ថា​ នឹង​មាន​ការ​វាយ​ប្រហារ​ខ្លាំង​ក្លា​បើ​សិន​ជា ​កូរ៉េ​ខាង​ជើង​ធ្វើ​សកម្មភាព​ណា​មួយ​ប៉ះពាល់​ដល់​អាមេរិក​។​

រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​ជប៉ុន​បាន​បញ្ជាក់​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា​ ពេល​នេះ​ ពួក​គេ​កំពុង​រៀប​ចំ​ ប្រព័ន្ធ​ការពារ​មីស៊ីល​នៅ​ក្រុង​មួយ​ចំនួន​ដូចជា Ehime,  Shimane, Hiroshima និង​នៅ​ Kochi ជា​ទី​ក្រុង​នៅ​ភាគ​ខាង​លិច​របស់​ជប៉ុន​។​

ទូរទស្សន៍​រដ្ឋ​ជប៉ុន​ក៏​បាន​បង្ហាញ​ពី​រូបភាព​ ដែល​កង​ទ័ព​កំពុង​រៀប​ចំ​សព្វាវុធ​ផ្សេងៗ​ទៀត​ ដើម្បី​ទប់​ការ​ផ្ទុះ​អាវុធ​ណា​មួយ​កើត​ឡើង​។​

ជប៉ុន​បាន​បញ្ជាក់​ហើយ​ថា​ បើ​សិន​ជា​កូរ៉េ​ខាង​ជើង​បាញ់​មីស៊ីល​ឆ្លង​កាត់​ប្រទេស​ជប៉ុន​ ឆ្ពោះ​ទៅ​កាន់​កោះ​ Guam ​របស់​អាមេរិក​នោះ​ គឺ​ជប៉ុន​នឹង​បាញ់​ទម្លាក់​។​

រដ្ឋាភិបាល​ជប៉ុន​បញ្ជាក់​ថា​ ពួក​គេ​រៀប​ចំ​ប្រព័ន្ធ​ការ​ពារ​មីស៊ីល​ឲ្យ​ហើយ​នៅ​តាម​បណ្តា​ទី​ក្រុង​នៅ​ភាគ​ខាង​លិច​ នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ​។​ នេះ​បើ​តាម​សារ​ព័ត៌មាន​Kyodo​របស់​ជប៉ុន​។

រដ្ឋាភិបាល​ជប៉ុន​បញ្ជាក់​ថា​ បើ​កូរ៉េ​ខាង​ជើង​ពិត​ជា​ធ្វើ​សកម្មភាព​លើក​នេះ​ ទៀត​ នឹង​មិន​អាច​អត់​ឱន​ឲ្យ​បាន​ចំពោះ​ការ​បង្ក​ជម្លោះ​នេះ​ទេ​។​

កាល​ពី​ឆ្នាំ​២០០៩​ កូរ៉េ​ខាងជើង​ធ្លាប់​បាញ់​រ៉ុក្កែត​ ហោះ​រំលង​ប្រទេស​ជប៉ុន​ម្តង​រួច​ទៅ​ហើយ​ ប៉ុន្តែ​ពេល​នោះ​ មិន​មាន​ការ​បាញ់​ទម្លាក់​ទេ ​គឺ​ការ​បាញ់​របស់​កូរ៉េ​ខាង​ជើង​បាញ់​ទទួល​បាន​ជោគជ័យ​។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ