ការិយាល័យអ្នកនាំពាក្យគណបក្សខ្មែររួបរួមជាតិបានចេញសេចក្តីប្រកាសបញ្ជាក់ថា ការដែលសមត្ថកិច្ចចាប់ខ្លួនលោក ញឹក ប៊ុនឆៃ ប្រធានគណបក្សនេះ ពាក់ព័ន្ធគ្រឿងញៀនគឺជារឿងបុគ្គលមិនពាក់ព័ន្ធជាមួយគណបក្សនេះនោះទេ។
នៅក្នុងសេចក្តីថ្លែងការណ៍របស់គណបក្សខ្មែររួបរួមជាតិកាលពីថ្ងៃទី៩ខែសីហាបានបញ្ជាក់ថា សមត្ថកិច្ចចាប់ខ្លួនលោក ញឹក ប៊ុនឆៃ គឺជាទង្វើរបស់បុគ្គលមិនជាប់ពាក់ព័ន្ធជាមួយបក្សនេះទេ។ ក្នុងសេចក្តីថ្លែងការក៏បានប្រកាសច្រានចោលរាល់ការផ្សព្វផ្សាយណាដែលគណបក្សពាក់ព័ន្ធសកម្មភាពលោក ញឹក ប៊ុនឆៃដែលត្រូវចាប់ខ្លួននោះ។
លោក ញឹក ប៊ុនឆៃ អតីតមេដឹកនាំគណបក្សដែលចងសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី២៩ខែកក្កដា កន្លងទៅនេះ ដោយចោទថា ពាក់ព័ន្ធគ្រឿងញៀនកាលពី១០ឆ្នាំមុន ក្រោយសម្ព័ន្ធភាពបក្សទាំងពីរបានបែកបាក់។