អ្នកជំនាញថា ការកែប្រែច្បាប់សារព័ត៌មាន នឹងជួយដល់អ្នកកាសែត

អ្នកជំនាញខាងផ្នែកសារព័ត៌មាន (swiftnewsdaily)

អ្នកជំនាញខាងផ្នែកសារព័ត៌មាន យល់ថាការធ្វើវិសោធនកម្មច្បាប់ស្តីពីរបបសារព័ត៌មាន នឹងជួយដល់អ្នកកាសែតគ្រប់រូប ជាពិសេសជួយដល់អ្នកដែលទើបតែប្រឡូកក្នុងវិស័យសារព័ត៌មាន ដោយអ្នកជំនាញថា ច្បាប់កាលពីឆ្នាំ១៩៩៥ នៅមានខ្វះចន្លោះច្រើន។

នាយកវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាសារព័ត៌មាន លោក មឿន ឈានណារិទ្ធិ យល់ឃើញបែបនេះ ស្របពេលដែលក្រសួងថា នឹងកែប្រែមួយចំនួនទៅលើច្បាប់ស្តីពីរបបសារព័ត៌មាន ដែលអនុម័តតាំងពីឆ្នាំ១៩៩៥។

អ្នកនាំពាក្យក្រសួងព័ត៌មាន លោក អ៊ុក គឹមសេង បានឲ្យដឹងថា ការធ្វើវិសោធនកម្មនេះ គឺផ្តោតសំខាន់ទៅលើការផ្សព្វផ្សាយព័ត៌មាននៅលើប្រព័ន្ធអ៊ីនធើណេតជាពិសេស ដោយលោកថាច្បាប់កាលពីឆ្នាំ១៩៩៥ គ្របដណ្តប់ទៅលើតែការផ្សព្វផ្សាយព័ត៌មាននៅលើទំព័រកាសែតនិងវិទ្យុទេ ដូច្នេះលោកថាច្បាប់នេះនឹងបន្ថែមចំណាត់ការទៅលើព័ត៌មានក្នុងប្រព័ន្ធអ៊ីនធើណេត។

លោកមានប្រសាសន៍ថា៖ «មានការចាំបាច់ ដែលត្រូវធ្វើវិសោធនកម្មច្បាប់ហ្នឹង ដែលតម្រូវឲ្យអ្នកសារព័ត៌មាន អនុវត្តទៅតាមច្បាប់ទំលាប់នៅក្នុងប្រទេស ព្រោះច្បាប់កាលពីឆ្នាំ១៩៩៥ យើងមិនបានគ្របដណ្តប់ឲ្យបានទូលំទូលាយទេ ច្បាប់ហ្នឹងនិយាយទាក់ទងតែព័ត៌មានដែលទាក់ទងទៅនឹងការផ្សាយលើក្រដាសអី…ប្រព័ន្ធផ្សព្វផ្សាយបែបថ្មីនោះ មានអ៊ីនធើណេតអីចឹង ចឹងហើយយើងត្រូវធ្វើវិសោធនកម្មច្បាប់ឲ្យទាន់សម័យកាល»។

លោកបន្តថា ច្បាប់នេះនឹងផ្តោតសំខាន់ទៅលើអ្នកសារព័ត៌មាននៅតាមបណ្តាញសង្គម ដោយលោកមានគោលបំណងឲ្យអ្នកសារព័ត៌មានទាំងនោះ បញ្ឈប់នូវរាល់ការផ្សព្វផ្សាយព័ត៌មានមិនពិត មិនអនុញ្ញាតឲ្យសរសេរព័ត៌មានដែលមានចេតនាក្នុងការបំផ្លាញ ទំលាក់កំហុសទៅលើអ្នកណាម្នាក់ ឬធ្វើឲ្យប៉ះពាល់ដល់ការអនុវត្តការងារក្នុងស្ថាប័នណាមួយឡើយ។

យ៉ាងណាមិញ អ្នកជំនាញខាងវិស័យសារព័ត៌មាន លោក មឿន ឈានណារឹទ្ធ លើកឡើងថា វិសោធនកម្មច្បាប់នេះល្អ ដោយហេតុថា ច្បាប់ស្តីពីរបបសារព័ត៌មានកាលពីឆ្នាំ១៩៩៥ គឺបង្កើតឡើងក្នុងសម័យអន្តរកាល និងមានចន្លោះប្រហោងច្រើន។ លោកថា ច្បាប់ថ្មីនេះ នឹងជួយដល់អ្នកសារព័ត៌មានជំនាន់ថ្មី ដោយលោកថា អ្នកសារព័ត៌មានទាំងនោះនៅមានចំណុចខ្វះខាតច្រើន។

លោកមានប្រសាសន៍ថា៖​ «នេះជាចំណុចសំខាន់ ដោយសារតែយើងមានភាពមិនប្រក្រតីខ្លះនៅក្នុងច្បាប់ស្តីពីរបបសារព័ត៌មានដែលរដ្ឋសភាអនុម័តកាលពីឆ្នាំ១៩៩៥… ចឹងយើងចង់ឲ្យមានការធ្វើវិសោធនកម្មច្បាប់នេះ ដើម្បីឲ្យយើងដឹងថាអ្វីដែលយើងអាចធ្វើបាន ហើយអ្វីដែលច្បាប់ហាមឃាត់យើង គេធ្វើទៅលើចំណុចណាដែលស្រពេចស្រពិល ដែលអ្នកសារព័ត៌មានមិនទាន់ដឹងថា មួយណាត្រូវគោរព មួយណាមិនគួរ»។

លោកមានប្រសាសន៍ថា ការធ្វើវិសោធនកម្មច្បាប់ស្តីពីរបបសារព័ត៌មាននេះ អាចជួយដល់អ្នកសារព័ត៌មានបានយ៉ាងច្រើនទៀតផង ដោយឲ្យពួកគេដឹងថាអ្វីដែលត្រូវសរសេរ និងអ្វីដែលមិនត្រូវសរសេរ។

លោកបន្តថា «អ្នកសារព័ត៌មានខ្លះ ជាពិសេសអ្នកដែលទើបតែចូលថ្មី ដែលគាត់អត់យល់ច្បាស់អំពីក្រមសីលធម៌វិជ្ជាជីវៈ អត់យល់ច្បាស់ពីច្បាប់នេះ សរសេរអ្វីដែលនាំឲ្យប៉ះពាល់ដល់សន្តិសុខជាតិ ស្ថេរភាពនយោបាយ និងប្រយោជន៍សាធារណៈ ផ្ទុយទៅវិញ វាជួយដល់អ្នកសារព័ត៌មានផងដែរ បើសិនជាអ្នកសារព័ត៌មានអត់យល់ច្បាស់ ហើយគាត់សរសេរខុសនឹងអ្វីដែលច្បាប់ហាមឃាត់ វាអាចមានទោសទ័ណ្ឌ»។

ច្បាប់ស្តីពីសេរីភាពសារព័ត៌មានកាលពីឆ្នាំ១៩៩៥ ចែងថា អ្នកសារព័ត៌មានគ្រប់រូប ត្រូវតែចៀសវាងរាល់ការសរសេរ ឬផ្សព្វផ្សាយព័ត៌មានណាដែលជម្រុញការរើសអើងពូជសាសន៍ វណ្ណៈ ពណ៌សម្បុរ ភាសា ជំនឿ សាសនា និន្នាការនយោបាយ ជាដើម។ ផ្ទុយទៅវិញ អ្នកសារព័ត៌មាន ត្រូវតែប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈឲ្យបានច្បាស់លាស់ និងគោរពទៅដល់ប្រភពព័ត៌មាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ