អ្នកវិភាគធ្លាប់និយាយថា គណបក្សប្រឆាំង ត្រូវបានគេគូសវាសឲ្យដើរលើផ្លូវដ៏តូចសង្អៀត និងប្រកបដោយគ្រោះថ្នាក់មួយ ទៅកាន់ការបោះឆ្នោតជាតិឆ្នាំ២០១៨ តាមរយៈវិសោធនកម្មច្បាប់គណបក្សនយោបាយជាលើកទី២ ដែលស្នើឡើងដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
វិធានការថ្មីមួយទៀត ដែលសាធារណជនរិតភ្ជាក់ផ្អើលនៅសប្តាហ៍នេះ គឺសារគំរាមកំហែងដល់សារព័ត៌មានឯករាជ្យនោះ គឺការដែលរដ្ឋាភិបាល គំរាមបិទ កាសែតខេមបូឌា ដេលី។
អគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃទី៤ខែមេសា បានព្រមានចាត់វិធានការ កាសែត ខេមបូឌា ដេលី ដោយថា ក្នុងរយៈពេល៣០ថ្ងៃ បើអ្នកគ្រប់គ្រងកាសែតនេះ មិនព្រមទៅបង់ពន្ធ ដែលថា ជំពាក់រដ្ឋ១០ឆ្នាំមកនេះ ចំនួនជាង ៦លានដុល្លារនោះ។
ជាងនេះទៅទៀត សារព័ត៌មាន Fesh News ដែលគេថា ស្ថិតនឹងរដ្ឋាភិបាល បានស្រង់សម្តី ប្រតិភូរាជរដ្ឋាភិបាល នឹងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក គង់ វិបុល មកចុះផ្សាយថា «កាសែត Cambodia Daily អាចនឹងបិទទាំងស្រុង និងរឹបអូសយកទ្រព្យសម្បត្តិ ប្រសិនបើឱសានវាទនៃការកំណត់ របស់អគ្គនាយកដ្ឋានពន្ធដារ ចូលមកដល់នៅថ្ងៃទី០៤ខែកញ្ញាឆ្នាំ២០១៧ »។
តើការព្រមាននេះ ជាសារគំរាមដល់អ្នកសារព័ត៌មានឯករាជ្យផ្សេងទៀត ឬទេ?
នាយកប្រតិបត្តិសម្ព័ន្ធគនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ នៅមិនទាន់ជឿលើការចោទប្រកាន់នេះ ទាំងស្រុងនៅឡើយទេ ដោយលោកដាក់ការសង្ស័យថា កាសែត ដេលី ជាស្ថាប័នអន្តរជាតិ មិនគួឲ្យជឿ ពីការឆកល្វែងការបំពេញកាតព្វកិច្ចបង់ពន្ធ រហូតដល់ទៅ១០ឆ្នាំនោះទេ បើខ្លួនពិតជាស្ថាប័នរកប្រាក់ចំណេញមែននោះ។
លោក សន ជ័យ លើកឡើងទៀតថា បើសិនជាកាសែតនោះ ពិតជាបានខកខានបង់ពន្ធជាប់គ្នារហូត១០ឆ្នាំពិតមែន លោកថា វាពិតជាឆ្លុះបញ្ចាំងឲ្យឃើញថា ស្ថាប័នពន្ធដារ និង មន្ត្រីពន្ធដារ ពិតជាអសមត្ថភាពក្នុងការប្រមូលពន្ធ ដោយថា ជាទូទៅ បើស្ថាប័នណាមួយ ខកខានទៅបង់ពន្ធ១ឆ្នាំ ឬ២ឆ្នាំ លោកថាក្រសួងសមី ត្រូវជូនដំណឹង រំឭកឲ្យម្ចាស់សហគ្រាសនោះ ចូលខ្លួនទៅបំពេញកាតព្វកិច្ចបង់ពន្ធ មិនគួរទុកដល់១០ឆ្នាំដូចករណីនេះទេ។
មួយវិញទៀត លោក សន ជ័យ ថា នាយកដ្ឋានពន្ធដារ មានសិទ្ធិត្រឹមប្រមូលពន្ធ តែការបិទដំណើរការផ្សាយរបស់កាសែតនេះ លោកថា ជាចំណាត់ការរបស់ក្រសួងព័ត៌មាន ឬ ស្ថាប័នតុលាការ។
លោក សន ជ័យ ចាត់ទុកការព្រមាន របស់អគ្គនាយកពន្ធដារនេះ ថា ជាការខុសឆ្គងមួយ និងថា បានចាប់កំហុសទុកមុននេះ ហាក់បានរំលោភលើស្ថាប័នជំនាញពីរផ្សេងទៀតខាងលើ។
លោកថា៖ «បើសិនជាគេបិទ គេហៅថា ជារូបវន្តបុគ្គល ដែលតំណាងឲ្យសហគ្រាស ដែលខេមបូឌា ដេលី ដែលជា ស្ថាប័ននីតិបុគ្គលហ្នឹង គេអាចប្តឹងតវ៉ាផ្លូវច្បាប់ទៅតុលាការ អីជាដើម អាហ្នឹងធ្វើតាមផ្លូវច្បាប់។ប៉ុន្តែរឿងពន្ធ វាជាររឿងមួយផ្សេង។ ខ្ញុំដូចជា មិនបានឃើញច្បាប់ពន្ធ ឈានទៅបិទ ឬ បើកសហគ្រាសណាមួយទេ»។
នាយកវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាផ្នែកព័ត៌មាន លោក មឿន ឈានណារិទ្ធ លើកឡើងថា កាសែតខេមបូឌា ដេលី ធ្លាប់ចុះផ្សាយចំនុចខ្វះខាត របស់អាជ្ញាធរថ្នាក់ក្រោមជាតិ រួមទាំង ចំនុចរសើបរបស់រដ្ឋាភិបាល។ លោកថា ការព្រមាន កាសែត ដេលី ជាផ្នែកមួយគំរាមដល់សារព័ត៌មានដទៃទៀត ដែលបានចូលរួមផ្សព្វផ្សាយ ដោយឆ្លុះបញ្ចាំងពីការពិតក្នុងសង្គម ជំរុញឲ្យមានអភិបាលកិច្ច តាមបែបប្រជាធិបតេយ្យ។
លោកថា៖ «កាសែតប្រៀបបានជាសវនករ ឫជាក្រុមហ៊ុនសវនកម្ម ដែលផ្តល់សេវា ដោយមិនគិតកម្រៃដើម្បីជួយកែលម្អចំពោះការជួយបំពេញការងារ ចំពោះមន្ត្រីរាជការ ក្រសួងមន្ទីរ និងស្ថាប័នផ្សេងៗ របស់រដ្ឋ នៅពេលដែលកាសែតមើលឃើញថា មន្ត្រីណាម្នាក់នៅក្នុងជួររដ្ឋាភិបាល គាត់ធ្វើការមិនបានល្អ ស្ថាប័នណាមួយ ធ្វើមិនបានល្អ ដូចជាមានអំពើពុករលួយសារព៍ត៌មានចុះផ្សាយវាហាក់ដូចជាជួយ ដល់រដ្ឋាភិបាលដើម្បីឲ្យគាត់កែលម្អ នូវការផ្តល់សេវាកាន់តែល្អជូនសាធារណជនកាន់តែប្រើសើ»។
លោក មឿន ឈានណារិទ្ធ លើកឡើងដែរថា បើកាសែត រិះគន់រដ្ឋាភិបាលមួយនេះ ត្រូវបានគេបញ្ជាឲ្យបិទដូចការគំរាមមែន លោកថា រដ្ឋាភិបាលទៅវិញទេ ជាអ្នកខាតប្រយោជន៍ ដោយថា ពេលនេះ ពលរដ្ឋភាគច្រើន កំពុងចាប់អារម្មណ៍និងឲ្យតម្លៃ ទៅលើប្រព័ន្ធផ្សព្វផ្សាយ ដែលហ៊ានឆ្លុះបញ្ចាំងការពិតក្នុងសង្គម។
លោកថា៖ «ខ្ញុំគិតថា បើសិនជាមានចំណាត់ការទៅលើស្ថាប័នសារព័ត៌មាន ទោះបីអង្គភាពសារព័ត៌មានហ្នឹង មានការរិះគន់ សរសេរព័ត៌មានបែបរសើប ចម្រូងចម្រាសអំពីស្ថាប័ន ឬក៏បុគ្គលណា ម្នាក់ក្នុងជួររដ្ឋាភិបាលក្តី វាជាការខាតបង់។ ខាតបង់ទី១ ខាតបង់ចំពោះរដ្ឋាភិបាលខ្លួនឯង ហើយទី២ វាខាតបង់ដល់សង្គមទាំងមូល ដោយសារយើមិនមានព័ត៌មានឲ្យបានគ្រប់គ្រាន់»។
ប៉ុន្តែប្រធានក្លឹបអ្នកកាសែតកម្ពុជាលោក ប៉ែន បូណា វិញ លើកឡើងថា វិធានការនេះ មិនមែនជារូបភាពគំរាមកំហែងដល់សេរីភាពសារព័ត៌មានទេ ដោយលោកថា ជាវិធានការជំរុញឲ្យគ្រប់គ្នាត្រូវគោរពច្បាប់។
លោកថា៖ «ឥឡូវនេះ ខ្ញុំមិនដឹងថា អាជ្ញាធរមានសមត្ថកិច្ច ខាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុមានចំណាត់ការយ៉ាងម៉េចទេ។ ក៏ប៉ុន្តែ បើសិនជាមានចំណាត់ការអីអញ្ចឹងមែន ខ្ញុំក៏សូមអំពាវនាវថា ឲ្យស្ថាប័នសារព័ត៌មានយើងទាំងអស់ ដែលបើកពាណិជ្ជកម្ម នៅស្រុកខ្មែរយើងនេះ យើងគួតែគោរពតាមបែបបទនៃការបង់ពន្ធ ឬក៏គោរពច្បាប់ ដើម្បីចៀសវាងមានបញ្ហា។ ទី២ ទៀត បើមានចំណាត់ការអីអញ្ចឹងមែន កុំឲ្យសារព័ត៌មានដទៃទៀត លោកមានអារម្មណ៍ថា ជាការបិទសិទ្ធិសេរីភាពនាំឲ្យមានការភ័យខ្លាចអី ពីព្រោះនេះ ជាលក្ខណផ្លូវច្បាប់ ជាលក្ខណបច្ចេកទេសទេ មិនទាក់ទងនឹងសេរីភាពសារព័ត៌មានទេបាទ»។
នៅសប្តាហ៍មុននេះ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏បានចេញលិខិតស្នើឲ្យក្រសួងព័ត៌មានចាត់វិធានការទៅលើប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិមួយចំនួនទៀត មានវិទ្យុអាស៊ីសេរី RFA វិទ្យុសំឡេងសហរដ្ឋអាមេរិក VOA ដែលមាននិន្នាការរិះគន់រដ្ឋាភិបាល ដោយចោទថា វិទ្យុទាំងពីរនេះ កំពុងប្រតិបត្តិការខុសច្បាប់ មិនបានចុះបញ្ជី និង បង់ពន្ធចូលរដ្ឋ។
បន្ថែមពីនេះទៀត ក៏មានសារគំរាមវាយឲ្យបាក់ធ្មេញ បើហ៊ាននិយាយពាក្យថា ដូរមិនដូរ វាយក្បាលនិងគល់ឫស្សី បើហ៊ានតវ៉ាប្រឆាំងលទ្ធផលបោះឆ្នោត និងសារគំរាមពីសង្គ្រាមជាដើម បើគណបក្សប្រជាជនចាញ់ឆ្នោត។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក សូ ចន្ថា លើកឡើងថា បើគេពិនិត្យទៅលើសារគំរាមផ្នែកនយោបាយ គំរាមក្រុមអង្គការសង្គមស៊ីវិល និងគំរាមកាសែតដេលីនៅពេលនេះ លោកវិភាគថា រដ្ឋាភិបាលទំនងជាចង់បិទខ្ទប់ សំឡេងអ្នករិះគន់ មុនការបោះឆ្នោតមកដល់ បារម្ភពីការបាត់បង់សំឡេងគាំទ្រនៅថ្ងៃបោះឆ្នោត។
ប៉ុន្តែលោក សូ ចន្ថា វិភាគថា វិធានការនេះ ហាក់បានជួយឃោសនារកប្រជាប្រិយភាពឲ្យគណបក្សប្រឆាំងទៅវិញទេ បើវិធានការ របស់រដ្ឋាភិបាលនោះ មិនបានផ្តល់យុត្តិធម៌ឲ្យអ្នកដែលរងការចោទប្រកាន់ ហើយ បង្កឲ្យអ្នករងគ្រោះ កាន់តែច្រើនទៅៗនោះ។
លោកថា៖ «មុនការបោះឆ្នោត ហើយមានយុទ្ធនាការបង្ក្រាប ឬក៏មានការគំរាមកំហែង ឬក៏ការគំរាមបិទនូវស្ថាប័នអង្គការសង្គមស៊ីវិល ឬស្ថាប័នសារព័ត៌មានឯករាជ្យផ្សេងៗ នោះ វានឹងនាំឲ្យពលរដ្ឋកម្ពុជាកាន់តែមើលឃើញពីភាពភ័យខ្លាច របស់បក្សកាន់អំណាច ចំពោះការបោះឆ្នោតនៅពេលខាងមុខ ហើយពេលនោះហើយពលរដ្ឋអាចនឹងមើលឃើញពីភាពមិនល្អ ឬការយល់ឃើញមិនល្អ របស់បក្សកាន់អំណាច អញ្ចឹងប្រជាប្រិយភាពនឹងបន្តចុះ មិនអាចកើនឡើងបានទេបាទ»។
បើទោះបីជាអ្នកវិភាគថា បក្សកាន់អំណាចបានធ្វើច្បាប់ដ៏ចម្រូងចម្រាស ចង្អុលទិសឲ្យបក្សប្រឆាំង ដើរលើផ្លូវដ៏តូចចង្អៀត និងបង្រួមលំហូរ ប្រជាធិបតេយ្យ មុនការបោះឆ្នោតមកដល់នោះក៏ដោយ ប៉ុន្តែ គេសង្កេតឃើញ មេដឹកនាំបក្សកាន់អំណាច លោកនាយក ហ៊ុន សែន បានប្រកាសពីគម្រោងធ្វើដំណើរទៅកាន់រោចចក្រ ដើម្បីជួបកម្មករ បានប្រកាស ឲ្យតម្លើងប្រាក់ខែ ដល់មន្ត្រីរាជការ គ្រូបង្រៀន ប្រកាស ឲ្យឈប់យកតម្លៃធ្វើឯកសារមួយចំនួននៅថ្នាក់ក្រោមជាតិ និងប្រកាស ឲ្យតម្លើងប្រាក់ឈ្នួលទាបបំផុត១៦៨ដុល្លារក្នុង១ខែ ដល់កម្មករសម្រាប់ឆ្នាំ២០១៨ជាដើម។
ទោះជាយ៉ាងណា អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជាលោក ស្រី រ៉ូណាស្មីត បានវាយតម្លៃថា ការធ្វើវិសោធនកម្មច្បាប់គណបក្សនយោបាយ ការគំរាមកំហែង ក្រុមអង្គការសង្គមស៊ីវិល សារគំរាមប្រើគល់ឫស្សី វាយបង្ក្រាបក្រុមអ្នកតវ៉ា មាននិន្នាការប្រឆាំង នីតិវិធីឃុំខ្លួនជនសង្ស័យ មុនជំនុំជម្រះ លោកស្រីថា ជាសញ្ញាណមួយបង្ហាញថា កម្ពុជាកំពុងដើរទៅរករបត់ដ៏គ្រោះថ្នាក់មួយ សម្រាប់ការធានាភាពត្រឹមត្រូវ និងយុត្តិធម៌ ការបោះឆ្នោត ឆ្នាំ២០១៨ខាងមុខ៕