លោក ហ៊ុន សែន បន្ដវាយប្រហារអាមេរិក មុនទៅចិន

នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន កាលពីពេលកន្លងទៅ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បន្តវាយប្រហារដោយពាក្យសម្តី និងចោទប្រកាន់ទៅលើអាមេរិកថា ជាមេខ្លោងនៅពីក្រោយការជំរុញឲ្យមានការផ្តួលរំលំមេដឹកនាំកម្ពុជាចប្ចុប្បន្ន។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បន្តវាយប្រហារដោយពាក្យសម្តី និងចោទប្រកាន់ទៅលើអាមេរិកថា ជាមេខ្លោងនៅពីក្រោយការជំរុញឲ្យមានការផ្តួលរំលំមេដឹកនាំកម្ពុជាចប្ចុប្បន្ន។

ការលើកឡើងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្វើឡើងមុនពេលលោកចាកចេញពីកម្ពុជា ទៅចូលរួមពិព័រណ៍ចិន-អាស៊ាន និងជួបថ្នាក់ដឹកនាំចិននៅថ្ងៃនេះ។

ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតពេទ្យនៅរាជធានីភ្នំពេញនៅថ្ងៃទី១១ខែកញ្ញាឆ្នាំ២០១៧ លោក ហ៊ុន សែន លើកឡើងថា មានស្ថានទូតខ្លះកំពុងតាំងខ្លួនធ្វើជាឪ ជាម៉ែរបស់កម្ពុជា និងចោទស្ថានទូតនោះថា ជាក្រុមបំផ្លាញ និងជាមេខ្លោងរបស់ក្រុមប្រឆាំងនៅកម្ពុជា ដែលការលើកឡើងនេះ ទំនងសំដៅទៅលើស្ថានទូតអាមេរិក។

លោកបន្ថែមថា៖ «ស្ថានទូតខ្លះ កំពុង(ធ្វើ) ជាឪ ជាម៉ែ របស់ប្រទេសកម្ពុជា គេមិនមែនតំណាងឲ្យរដ្ឋមួយទេ ពិតមែនជាស្ថានទូត ប៉ុន្តែជាសម្តីរបស់អគ្គរដ្ឋទូត រឿងអីហ្វេសប៊ុកបង្ហោះត្រីមួយ រួចហើយទៅអីណាផ្សេង បកស្រាយទៅណាផ្សេង។ តើគេមកកម្ពុជា គេធ្វើម៉ែឪកម្ពុជា ឬយ៉ាងម៉េច? គ្រាប់បែកជាងពីរលានតោណ មិនទាន់បានដោះស្រាយចប់ទេ ហើយវាយឯង ហើយទារលុយឯងទៀត វាឆ្ងាញ់អារឿងហ្នឹង ហើយក្រុម ហ្នឹងហើយជាក្រុមបំផ្លាញ ហើយជាមេខ្លោង ហើយកូនជឹងរបស់គេ គឺនៅនឹងកម្ពុជា»។

អ្នកនាំពាក្យស្ថានទូតអាមេរិចប្រចាំកម្ពុជា លោក Arend Zwartjes សុំមិនធ្វើអធិប្បាយលើរឿងនេះ។

អ្នក​វិភាគ​នយោបាយ​កម្ពុជា លោក​បណ្ឌិត មាស នី មានប្រសាសន៍ថា ការដែលមេដឹកនាំខ្មែរព្យាយាមវាយប្រហាអាមេរិចមុនចេញទៅជួបមេដឹកនាំកុម្មុយនិស្តចិននេះ មិនមែនជាលើកទី១នោះទេ ហើយថាការលើកឡើយរបស់លោក ហ៊ុន សែន នេះគ្រាន់តែចង់បានជំនួយណាមួយ ពីចិនប៉ុណ្ណោះ។

លោក មាស នី បន្តថា បើតាមរដ្ឋធម្មនុញ្ញកម្ពុជា ត្រូវរាប់រកគ្រប់ប្រទេសមហាអំណាច ដោយមិនអាចលំអៀងទៅខាងណាមួយបានឡើយ។

លោកបន្ថែមថា៖ «ពេលខ្លះ សារភាពក្តុងក្តាំង ជាមួយអាមេរិក គឺដើម្បីឲ្យមហាមិត្តចិនពេញចិត្ត ហើយអាច ទទួលបានលុយរាប់រយលានដុល្លារអាមេរិក ពីមិត្តចិន ដើម្បីយកមកបង្គ្រប់ថវិកាជិតសម្រាប់ប្រើឆ្នាំ២០១៨។ បើយើងមើលក្នុងរដ្ឋធម្មនុញ្ញប្រទេស យើងជាប្រទេសមួយឯករាជ្យអព្យាក្រឹត្យបានន័យថាន័យថា យើងត្រូវរាប់រកទៅខាងប្រទេសមហាអំណាចទាំងអស់ កាលណាបាត់បង់ទំនាក់ទំនងមហាអំណាមួយនោះ អាហ្នឹង វាចោទជាសំនួរថា តើគោលនយោបាយការបរទេសរបស់យើងហ្នឹង វាស្ថិតនៅក្រោមបរិបទរដ្ឋធម្មនុញ្ញយើងអត់? នៅពេល ដែលយើងបរាជ័យ មិនបានរក្សារទំនាក់ទំនងឲ្យបានស្មើភាពគ្នា ហើយយើងបែរជាទៅឱបតែមហាអំណាចចិនតែមួយអញ្ចឹង»។

លោក ហ៊ុន សែន នៅថ្ងៃនេះ ក៏បានរំលឹកដែរថា អាមេរិក ជាអ្នកនៅពីក្រោយការធ្វើរដ្ឋប្រហារ លន់ នល់ ក្នុងការផ្ដួលរំលំរបបគ្រប់គ្រងសម្ដេច នរោត្តម សីហនុ ហើយថា អាមេរិក បានទំលាក់គ្រាប់បែករាប់លានគ្រាប់មកលើកម្ពុជា ប៉ុន្តែលោក ហ៊ុន សែន ហាក់មិនបានរំលឹកថា ចិននៅពីក្រោយរបបខ្មែរក្រហម ដែលជំរុញឲ្យមានការសម្លាប់ពលរដ្ឋខ្មែររាប់លាននាក់នោះទេ៕

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។