ការប្រកួតក្នុងសប្ដាហ៍ទី៤នៅក្នុងព្រឹត្តិការណ៍ប្រដាល់ដណ្ដើមជើងឯកនៅប៉ុស្ដិ៍លេខ៥កាលពីល្ងាចថ្ងៃទី២៣ កញ្ញា បានធ្វើអ្នកស្នេហាវិស័យប្រដាល់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារកីឡាករជើងខ្លាំង ធា នុរាជ ដែលកាលពីមុនមានឈ្មោះដើមថា សូយ ភារម្យ ហើយក៏ជាកីឡាករល្បីឈ្មោះមួយរូបផងស្រាប់តែមកធ្លាក់ក្នុងជុំទី១ក្នុងវគ្គប្រកួតចាញ់ធ្លាក់ក្រោមដៃកីឡាករវ័យក្មេងជាគូប្រកួត។
ការបរាជ័យរបស់លោកមិនត្រឹមតែធ្វើអោយកីឡាកររូបនេះបាត់បង់ឱកាសឡើងប្រកួតក្នុងវគ្គបន្ទាប់របស់ប៉ុស្ដិ៍លេខ៥ប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវបាក់មុខមិនតិចដែរ ក្នុងពេលដែលលោកមានប្រវត្តិវាយឈ្នះទាំងកីឡាកររបរទេសរាប់មិនអស់ផង ស្រាប់តែឡើងប្រកួតចាញ់ឆ្លាក់ត្រឹមជុំទី១សោះ ក៏ធ្លាក់ហាលអាវ។
យោងតាមលទ្ធផលដែលបានស្ដែងឡើងការបរាជ័យរបស់កីឡាករ ធា នុរាជ មិនមែនជារឿងស៊យ ឬជារឿងភ្លាត់ស្នៀតនោះទេ តែជារឿងបច្ចេកទេស១០០ភាគរយតែម្ដង ក្នុងពេលដែលកីឡាករជាគូប្រកួតរបស់លោកហាក់មានបច្ចេកទេសល្អជាងក្នុងការវាយលុក។ លោកប្រកួតជាមួយកីឡាករ គឹម វាសនា មកពីក្លិបកងពលតូចឆ័ត្រយោង៩១១ ដែលកីឡាកររូបនេះក្រៅពីមិនសូវមានអ្នកស្គាល់ ក៏មានប្រវត្តិប្រកួតបានតិចជាងលោកដល់ទៅពាក់កណ្ដាលផងដែរ ទើបអ្នកណាៗក៏ចង់ស្រឡាំងនៅពេលការប្រកួតជាក់ស្ដែងស្រាប់តែសិស្សច្បងល្បីឈ្មោះ ទៅមិនរួចជាមួយកីឡាករជំនាន់ក្រោយ។
ឆ្លងកាត់ការប្រកួតបានច្រើនជាង៩០ដង កីឡាករ ធា នុរាជ ហាក់វាយមិនបែកទៅលើគូប្រកួតនោះឡើយ ជាពិសេសនៅពេលដែលលោកខំប្រឹងបញ្ចេញក្បាច់នាគវ័ធកន្ទុយ ប៉ុន្តែត្រលប់មកវិញរមែងទទួលបានការវាយបកពីសំណាក់កីឡាករ គឹម វាសនា ដែលភាគច្រើនគេចផុតពីស្នៀតដ៏សាហាវនោះ។ មានការលើកឡើងថានាគលេងទឹករបស់លោក បាក់មុខសម្រាប់ការប្រកួតជម្រុះនោះយ៉ាងខ្លាំង ដោយសារតែក្រៅពីធ្វើអីមិនកើតទៅលើគូប្រកួតហើយនោះ ក៏ត្រូវគូប្រកួតទាត់សង និងឡើងជង្គង់ផង ក្នុងពេលដែលក្បាច់នាគវ័ធកន្ទុយរបស់លោកបាត់ជំហរ។ ពេញរយៈពេល៣ទឹក គេឃើញកីឡាករ ធា នុរាជ ប្រឹងបញ្ចេញក្បាច់ប្លែកៗដើម្បីវាយសំឡុតគូប្រកួតយ៉ាងខ្លាំង ប៉ុន្តែលទ្ធផលគឺមានតិចណាស់ដែលស្នៀតទាំងនោះវាយត្រូវចំគូប្រកួត។
ក្រឡេកទៅមើលកីឡាករ គឹម វាសនា លោកហាក់មិនប្រើការវាយសម្រុកខ្លាំងទៅលើរៀមច្បងនោះទេ ប៉ុន្តែលោកពូកែខាងគេចហើយឆ្លាតខាងវាយសង ទើបធ្វើអោយការប្រកួតដែលបានធ្វើឡើងគឺលោកឈ្នះពេញ២ទឹកតែម្ដង ក្នុងចំណោម៣ទឹកដែលកំណត់កាត់ក្ដី។
លោកសេង កដិកា អ្នករៀបចំការប្រកួតនៅប៉ុស្ដិ៍លេខ៥បានបង្ហាញការភ្ញាក់ផ្អើល នៅពេលបញ្ចប់ការប្រកួតស្រាប់តែកីឡាកររៀមច្បង ធា នុរាជ ក្លាយជាអ្នកចាញ់ទៅវិញ។ លោកថារវាងកីឡាករទាំងពីរ បើនិយាយពីបទពិសោធន៍គឺខុសគ្នាពាក់កណ្ដាល ប៉ុន្តែមកពីកីឡាករខុសជំនាន់ទាំងពីរមានគីឡូប៉ុនគ្នា និងហ៊ានប្រកួតគ្នា ទើបខាងគណកម្មការសម្រេចចិត្តដាក់អោយប្រកួតក្នុងការដណ្ដើមជើងឯករួមគ្នា។
លោកថាការប្រកួតក្នុងសប្ដាហ៍ទី៤កាន់តែមានសមាសភាពកីឡាករខ្លាំងៗ និងល្បីឈ្មោះនៅក្នុងពិភពប្រដាល់បង្ហាញខ្លួនច្រើនឡើង ដោយសារតែក្នុងចំណោមកីឡាករចំនួន៣២រូបដែលខាងគណកម្មការជ្រើសអោយឡើងប្រកួតគ្នា គឺមានលាយលំទាំងកីឡាករល្បីៗនៅក្នុងពិភពប្រដាល់ និងកីឡាករវ័យក្មេងមួយៗ។ យ៉ាងណាមិញ លោកថាបើទោះជាក្នុងចំណោមសមាសភាពដែលចូលរួមប្រកួតប្រជែង មានកីឡាករមួយចំនួនវ័យក្មេង និងមានបទពិសោធន៍តិចជាងកីឡាករៗជើងចាស់ តែលោកប្រកាសថាគឺសុទ្ធតែជាកីឡាករដែលមានសមត្ថភាព ដូចជាករណីកីឡាករ គឹម វាសនា និងកីឡាករជើងចាស់ ធា នុរាជ ប៉ះគ្នា ហើយចុងក្រោយកីឡាករ គឹម វាសនា ជាអ្នកទម្លាក់កីឡាកររៀមច្បងអោយធ្លាក់ហាលអាវជាដើម។
លោកថាកីឡាករល្បីឈ្មោះ ហើយឆ្លងកាត់ការប្រកួតបានច្រើន មិនប្រាកដថាអាចមើលស្រាលកីឡាករវ័យក្មេង ដែលទើបឈានឡើងបានទេ ដោយសារតែក្នុងពេលប្រកាសជ្រើសរើសគឺលោក និងគណកម្មការសុទ្ធតែបានកត់សម្គាល់ពីបច្ចេកទេស និងភាពក្លាហានរបស់កីឡាករទាំង៣២រូប។
លោកថានេះព្រឹត្តការណ៍ដែលប៉ុស្ដិ៍លេខ៥ បានប្រកាសធ្វើឡើងនៅរៀងរាល់ល្ងាចថ្ងៃសៅរ៍ នៅសង្វៀនព្រែកកំពិស ខណៈដែលរូបមន្តដែលបានធ្វើឡើងក៏ត្រូវលោកប្រកាសថាមិនមានប៉ុស្ដិ៍ផ្សេងធ្វើបាន ដោយសារតែការប្រកួតម្ដងៗគឺត្រូវការជ្រើសរើសកីឡាករដែលមានសមត្ថភាព និងគីឡូអោយត្រូវគ្នារហូតដល់៣២រូបមកពីក្លិបផ្សេងគ្នា ហើយតម្រូវអោយប្រកួតចាប់គូគ្នាប្រកួតចាញ់ធ្លាក់ៗ ដែលលោកបានហៅរូបមន្តរបៀបនេះថាចំណាយធនធានកីឡាករច្រើន និងមិនផ្ដល់ឱកាសអោយកីឡាករដែលចាញ់មួយលើកបានបន្ត។
លោកនិយាយថាប្រកួតក្នុងរូបមន្តនេះ ធ្វើអោយលោកពេញចិត្តលទ្ធផល ដោយសារតែកីឡាករម្ខាងៗសុទ្ធតែប្រឹងប្រកួតអស់ដៃ ដែលអាចនិយាយបានថាអ្នកចាញ់ធ្លាក់ និងអ្នកបានឡើង ធ្វើអោយអ្នកគាំទ្រអស់ចិត្តមិនខុសគ្នា។ លោកថាឆ្លងផុតការប្រកួតសប្ដាហ៍ទី៤ គឺក្នុងចំណោមសមាសភាពទាំង៣២រូប បានឡើងទៅវគ្គទី២ចំនួន៨រូប និងធ្លាក់៨រូបហើយ បន្ទាប់ពីសមាសភាពចំនួនពាក់កណ្ដាលបានឡើងប្រកួតគ្នា។ លោកថានៅសល់តែ៤សប្ដាហ៍ទៀតប៉ុណ្ណោះ ការប្រកួតក្នុងជុំទី១នៅត្រូវបញ្ចប់ហើយកីឡាករដែលបានឡើងចំនួន១៦នាក់ នឹងបន្តប្រកួតគ្នាចាញ់ធ្លាក់ៗបែបហ្នឹងបន្តទៀត ដើម្បីជម្រើសយកតែ៨នាក់ក្នុងជុំទី៣ និងបន្តប្រកួតគ្នាចាញ់ធ្លាក់បែបហ្នឹងបន្តទៀត រហូតនៅសល់តែម្នាក់ ដើម្បីអោយក្លាយជាម្ចាស់ពាន។
ក្រៅពីកីឡាករ គឹម វាសនា នៅក្នុងការប្រកួតកាលពីថ្ងៃសៅរ៍ទី២៣ កញ្ញា កីឡាករ រិន សារដ្ឋ មកពីក្លិបកងទ័ពជើងទឹក ក៏ឈ្នះការប្រកួតហើយបានឡើងអង្គុយកៅអី១៦នាក់ក្នុងជុំទី១នោះផងដែរ៕