នៅទីបំផុតការប្រកួតដែលដ៏ស្វិតស្វាញដែលបានធ្វើឡើងនៅប៉ុស្ដិ៍លេខ៥ក្នុងព្រឹត្តិការណ៍ប្រកួតជម្រុះជើងឯកកាលពីថ្ងៃទី៧ តុលា កីឡាករ ទី ពន្លែត គឺជាអ្នកទម្លាក់កីឡាករជើងខ្លាំងវ័យក្មេង ភួង ណាំហុង ក្នុងវគ្គឡើងទៅ១៦នាក់ បើទោះជាការប្រកួតទាំងមូលគេមើលទៅកីឡាករ ភួង ណាំហុង វាយចេញបានច្រើន។ ក្នុងនោះសម្រាប់កីឡាករមួយគូទៀត កីឡាករជើងចាស់ ង៉ែត្រ រដ្ឋា ក៏ជាអ្នកទម្លាក់គូប្រកួតហើយបានឡើងទៅកាន់វគ្គ១៦នាក់ក្នុងពេលខាងមុខផងដែរ ក្រោយបញ្ចប់ការប្រកួតចំនួន៣ទឹក។
លោក សេង កដិកា អ្នករៀបចំកម្មវិធីបានបង្ហាញការចាប់អារម្មណ៍ខ្លាំងជាងគេរវាងការប្រកួតកីឡាករ ទី ពន្លែត មកពីក្លិបអង្គរមានជ័យខេត្តសៀមរាប និងកីឡាករ ភួង ណាំហង មកពីក្លិបរស្មីកុមារកំព្រា ជាងការប្រកួតមួយគូទៀត ដោយសារតែគូនេះគឺកីឡាករអ្នកវាយចេញច្រើនបានក្លាយជាអ្នកចាញ់ ហើយកីឡាករដែលបែកឈាមហូរច្រើនគួរសមពេញមុខ និងដងខ្លួន បានក្លាយជាអ្នកឈ្នះ។ លោកបានពន្យល់ថាហេតុផលដែលកីឡាករ ភួង ណាំហង បានប្រកួតចេញច្រើនតែមិនបានទទួលជ័យជម្នះ គឺដោយសារតែគេប្រកួតចេញមិនប្រើបច្ចេកទេស ដោយលោកបានហៅការវាយចេញច្រើននោះថា ជាការវាយចេញរបៀបកូនក្មេង។
លោកថាធៀបនឹងការប្រកួតចំនួន៣ទឹក ដែលបានធ្វើឡើងនៅសង្វៀនប៉ុស្ដិ៍លេខ៥កាលពីថ្ងៃសៅរ៍នោះ កីឡាករបង្គោលខៀវ ភួង ណាំហង វាយចេញបានរហូតដល់៦០ទៅ៨០ភាគរយ ដោយក្នុងទឹកទី៣ គេវាយបានល្អព្រោះតែជំហររឹងមាំជាងគូប្រកួតនោះផង។
ប៉ុន្តែបើក្រឡេកទៅមើលលទ្ធផលពិន្ទុលោកថាត្រូវចំគោលដៅតិចណាស់ ដោយការវាយចេញម្ដងៗ គឺមិនមែនជាបច្ចេកទេសរបស់កីឡាករនោះផង។ លោកថាកីឡាករបង្គោលក្រហម ទី ពន្លែត មើលទៅជំហរខ្សោយជាង
ហើយសន្ទុះវាយចេញក៏តិចភាគរយជាងដៃគូដូចគ្នា តែការវាយចេញមួយស្នៀតៗរបស់គេ គឺត្រូវចំកន្លែងផ្ដល់ពិន្ទុ ជាពិសេសមួយដៃៗដែលគេមានឱកាសវាយត្រូវគូប្រកួត។
លោកថាការប្រកួតជម្រុះនៅលើសង្វៀន មិនមែនអោយតែអាចវាយចេញបានច្រើន ក៏ឈ្នះការប្រកួតនោះទេ គឺគណកម្មការត្រូវការផ្ដល់ពិន្ទុដោយផ្អែកលើបច្ចេកទេសនិងកន្លែងវាយត្រូវចំកន្លែងអោយពិន្ទុ។ អ៊ីចឹងហើយទើបលោកយល់ថាជ័យជម្នះរបស់កីឡាករបង្គោលក្រហម ទី ពន្លែត ក្រោយការបញ្ចប់៣ទឹក គឺជារឿងត្រឹមត្រូវ
ដែលលោកបញ្ចាក់អ្នកមិនស្គាល់ពីរបៀបផ្ដល់ពិន្ទុពិតជាគិតថាកីឡាករបង្គោលខៀវ ភួង ណាំហង គួរតែឈ្នះច្រើនជាង។ យ៉ាងណាមិញ លោកថាកីឡាករអ្នកឈ្នះទទួលបានជ័យជម្នះដោយមិនសូវមានការលើកសរសើរដោយសារតែគេទម្រាំវាយត្រូវមួយដៃៗទៅលើគូប្រកួត ដែលជាកន្លែងត្រូវអោយពិន្ទុនោះ គឺត្រូវកីឡាករម្ខាងទៀតវាយត្រូវឡើងចង់ទក់សាច់។
លោកសរសើរថា កីឡាករ ភួង ណាំហុង ក្លាហាននិងហ៊ានតស៊ូ ហើយបើគេចេះប្រើបច្ចេកទេសបានល្អបន្តិច
គឺពិតជាឡើងកូដមិនពិបាកនោះទេ ដោយសារតែគេមានជំហររឹងមាំ ហើយមិនទុកកម្លាំងនៅស្ងៀមពេញរយៈពេល៣ទឹក ដោយស្ទុះវាយចូលរហូត។
លោកចង់ឃើញកីឡាករដែលឡើងប្រកួតលើរេញមានការតស៊ូដូចគ្នានឹងការប្រកួតរបស់កីឡាករ ភួង ណាំហុង
ដោយលោកនិយាយថាបើឈ្នះដោយគ្រាន់តែប្រើពាក្យថាដោយសារបច្ចេកទេសដូចជាករណី កីឡាករ ទី ពន្លែត ក៏មិនសូវល្អមើលដែរ។
លោកនិយាយថា «ទី ពន្លែត បានឡើងវគ្គ១៦នាក់ដោយសារតែវាយត្រូវបច្ចេកទេសបានច្រើនជាងគូប្រកួត តែមើលទៅឈ្នះអត់ល្អមើលទេ ដោយសារតែគូនេះគេសរសើរកីឡាករម្ខាងទៀតច្រើនជាង!»។
លោកថាការប្រកួតឈ្នះរបស់ ទី ពន្លែត បើបណ្ដោយអោយតែគូប្រកួតស្ទុះវាយចូលមុន ហើយទើបឆ្លៀតឱកាសថែមថយតាមក្រោយតែអ៊ីចឹង គឺពិតជាពិបាកឡើងទៅកាន់វគ្គ៨នាក់ ដែលនឹងតម្រូវអោយកីឡាករអ្នកឈ្នះទាំង១៦នាក់ធ្វើការប្រកួតជម្រុះគ្នា។ ប៉ុន្តែលោកជឿជាក់ថាកីឡាកររូបនេះ ពិតជាមានការផ្លាស់ប្ដូរ និងប្រឹងប្រែងហ្វឹកហាត់បង្កើនកម្លាំងអោយច្រើនជាងនេះ ដើម្បីអាចមានសន្ទុះខ្លាំងក្លាក្នុងការប្រកួតចេញ។
លោកថាការប្រកួតដែលមិនសូវមានកម្រិតវាយចេញបានច្រើន គឺអាចបណ្ដាលមកពីកម្លាំងស៊ុហ្វមិនដល់ អ៊ីចឹងហើយទើបលោកទទូចអោយកីឡាករ ទី ពន្លែត កែប្រែកម្លាំង និងជំហរសម្រាប់ការប្រកួត ដើម្បីកុំអោយឆាប់ហត់
ដោយគ្រាន់តែការប្រកួតកំណត់តែ៣ទឹក។ លោកថាការប្រកួតមួយគូរនេះ លោកមានការពេញចិត្តជាងគេ ជាពិសេសក្នុងទឹកទី១ បើទោះជាកីឡាករ ទី ពន្លែត ដែលបានទទួលជ័យជម្នះ ចាញ់ប្រៀបក្នុងការវាយចេញ។
លោកអះអាងថានេះជាជ័យជម្នះរបស់កីឡាករ២រូបក្នុងសប្ដាហ៍ទី៦ ដោយមានន័យថាតាំងពីប៉ុស្ដិ៍លេខ៥បើកការប្រកួតជម្រុះជើងឯកក្នុងប្រភេទទម្ងន់៦៥គីឡូក្រាមនៅសង្វៀនព្រែកកំពិស គឺប៉ុស្ដិ៍លេខ៥ជម្រើសបានអ្នកអង្គុយកៅអី១៦នាក់បាន១២នាក់ហើយ ដែលមានន័យថានៅសល់តែ២សប្ដាហ៍ទៀតទេគឺការប្រកួតក្នុងជុំទី១ត្រូវបញ្ចប់ ហើយកីឡាករអ្នកឈ្នះទាំង១៦នាក់ នឹងបន្តការប្រកួតជម្រុះទៀតដើម្បីយកតែ៨នាក់។
ការប្រកួតក្នុងព្រឹត្តិការណ៍នេះ លោកថាធ្វើឡើងរៀងរាល់ថ្ងៃសៅរ៍ម៉ោង៥ល្ងាច នៅព្រែកកំពិស ដោយកីឡាករដំបូងៗគឺមានសរុបចំនួន៣២រូបហើយកំណត់អោយពួកគេចាប់គូគ្នាប្រកួតចាញ់ធ្លាក់ៗ។ លោកថាការប្រកួតដណ្ដើមជើងឯកមួយនេះ មានភាពស្វិតស្វាញ ហើយលោកក៏នឹងសរសើរចំពោះកីឡាករដែលមានឱកាសបានឡើងទៅកាន់វគ្គ១៦នាក់ផងដែរ ក្នុងពេលដែលលោកប្រកាសថាទម្រាំតែការប្រកួតនេះឈានដល់ជម្រើសបាន៤នាក់ គឺពិតជាកាន់តែល្អមើល៕