ក្រុមប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនដឹកមុខគេនៅលើពិភពលោកចំនួន៧ បានព្រមព្រៀងគ្នាក្នុងការដាក់សម្ពាធឲ្យកាន់តែខ្លាំងបន្ថែមទៀតលើប្រទេសកូរ៉េខាងជើង ដើម្បីអនុវត្តតាមសេចក្តីសម្រេចដំណោះស្រាយរបស់អង្គការសហប្រជាជាតិ។
នៅក្នុងកិច្ចប្រជុំកម្រមួយរបស់ប្រទេស G7 ធ្វើឡើងដាច់ដោយឡែកពីប្រទេស G20 ដែលបានលើកឡើងពីដំណោះស្រាយផ្នែកហិរញ្ញវត្ថុ និងការដាក់សម្ពាធបន្ថែមលើកូរ៉េខាងជើង ដោយចោទថា ប្រទេសនេះព្យាយាមបង្កបញ្ហាអសន្តិសុខ តាមរយៈកម្មវិធីអាវុធនុយក្លេអ៊ែ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
G7 គឺជាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនខ្លាំងលើពិភពលោកទាំង៧ រួមមាន សហរដ្ឋអាមេរិក ជប៉ុន អាល្លឺម៉ង់ អ៊ីតាលី ចក្រភពអង់គ្លេស បារាំង និងប្រទេសកាណាដា។ ប្រទេសទាំង៧នេះ គ្រប់គ្រងលើទ្រព្យសម្បតិ្តប្រមាណ៦៤%នៃទ្រព្យសម្បត្តិទូទាំងពិភពលោក៕