តំណាងពិសេសអង្គការសហប្រជាជាតិ ហៅចេតនា ចង់រំលាយគណបក្សប្រឆាំងដ៏ធំនៅកម្ពុជា ថាប៉ះពាល់ធ្ងន់ធ្ងរ ដល់សិទ្ធិពលរដ្ឋដែលជាម្ចាស់ឆ្នោត និងក្រើនរំឮកឲ្យបក្សកាន់អំណាច ងាកមកអនុវត្តយន្ដការតាមបែបប្រជាធិបតេយ្យ។
ក្ដីបារម្ភរបស់តំណាងពិសេសនៃអង្គការសហប្រជាជាតិ គឺបន្ទាប់ពីក្រសួងមហាផ្ទៃ ប្ដឹងសុំរំលាយគណបក្សសង្គ្រោះជាតិ ទៅតុលាការកំពូល។ ហើយស្របពេល ដែលរដ្ឋាភិបាលរបស់លោក ហ៊ុន សែន បានស្នើសុំធ្វើវិសោធនកម្មច្បាប់មួយចំនួន ដើម្បីដកហូតអាសនៈទាំង៥៥ របស់គណបក្សប្រឆាំង ឲ្យទៅគណបក្សផ្សេង ដែលគ្មានអាសនៈក្នុងរដ្ឋសភា។
ក្នុងសេចក្តីថ្លែងការណ៍ ចុះផ្សាយកាលថ្ងៃទី១២ខែតុលា តំណាងពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សប្រចាំកម្ពុជា លោកស្រី រ៉ូណា ស្មីត បានហៅចេតនា ចង់រំលាយគណបក្សសង្គ្រោះជាតិ ដែលមានអ្នកគាំទ្រជិតពាក់កណ្ដាលប្រទេសនោះថា ជាការប៉ះពាល់សិទ្ធិនយោបាយ និង សិទ្ធិមូលដ្ឋានរបស់ពលរដ្ឋ និងថា ជាការដើរថយក្រោយ នៃអនាគតលទ្ធិប្រជាធិបតេយ្យ របស់កម្ពុជា។
លោកស្រី រិះគន់ថា ករណីនេះ នឹងធ្វើឲ្យប៉ះពាល់ដល់សិទ្ធិពលរដ្ឋម្ចាស់ឆ្នោត ដោយលោកស្រីថា លទ្ធិប្រជាធិបតេយ្យពិតប្រាកដ គឺផ្ដោតទៅលើសំឡេង និងជម្រើស ដែលពលរដ្ឋចង់បាន។ តំណាងពិសេសរូបនេះ ទទូចឲ្យរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឲ្យបក្សប្រឆាំង ធ្វើសកម្មភាពដោយសេរី និងគ្មានការភ័យខ្លាច នៅមុនការបោះឆ្នោត ឆ្នាំ២០១៨។
លោកស្រីមានប្រសាសន៍ តាមរយៈសេចក្តីថ្លែងការណ៍ថា៖ «ដើម្បីឲ្យប្រជាពលរដ្ឋកម្ពុជា អាចចូលរួមក្នុងការជជែកដេញដោលផ្នែកនយោបាយ ដោយបើកចំហរមួយ គឺត្រូវតែមានគណបក្សប្រឆាំង និងដែលដំណើរការដោយគ្មានការភ័យខ្លាច ឬការបំភិតបំភ័យ។ លទ្ធិប្រជាធិបតេយ្យ គឺនិយាយអំពីសំឡេង និងជម្រើស។ ប្រសិនបើការកែច្បាប់ទាំងនោះ ត្រូវបានគេអនុវត្តនាពេលអនាគតមែន វានាំឲ្យមានចម្ងល់ អំពីតំណាងផ្នែកនយោបាយរបស់ពលរដ្ឋកម្ពុជាមួយភាគធំ»។
លោកស្រី រ៉ូណា ស្មីត រិះគន់ទៀតថា បើសិនសេចក្ដីស្នើច្បាប់ ដើម្បីដកហូតអាសនៈរបស់បក្សប្រឆាំង ត្រូវបានគេអនុវត្តមែន លោកស្រីថា នឹងមានចម្ងល់ជាច្រើន ចោទសួរពីភាពស្របច្បាប់ នៃតំណាងរាស្ដ្ររបស់ពលរដ្ឋខ្មែរ។ លោកស្រីក៏ទទូចឲ្យគោរពសិទ្ធិនយោយ និងសិទ្ធិមូលដ្ឋានផ្សេងទៀត ដោយថា ដើម្បីធានាដំណើរការបោះឆ្នោតល្អប្រសើរមួយនាឆ្នាំក្រោយ។
នៅថ្ងៃសុក្រទី១៣ខែតុលានេះដែរ ក្រុមសមាជិកសភាអាស៊ាន ធ្វើការផ្នែកសិទ្ធិមនុស្ស ហៅកាត់ថា APHR បានចេញសេចក្ដីថ្លែងការណ៍ ថ្កោលទោសការចង់រំលាយគណបក្សប្រឆាំងនេះ ដោយថា កម្ពុជា កំពុងវិលទៅរករបបដឹកនាំ ដែលមានគណបក្សតែមួយ គ្រប់គ្រងប្រទេស។ ពួកគេ ថា ការបោះឆ្នោតខាងមុខ នឹងមិនអាចជឿទុកចិត្តបានទេ ប្រសិនបើគ្មានគណបក្សប្រឆាំងចូលរួម។
អ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន ច្រានចោលការលើកឡើងទាំងនេះ ដោយលោកថា គណបក្សប្រជាជន មិនដែលចង់បានអាសនៈ របស់គណបក្សប្រឆាំងឡើយ។ ប៉ុន្ដែ លោកចោទថា គឺគណបក្សប្រឆាំងខ្លួនឯង ជាអ្នកប្រព្រឹត្តល្មើសនឹងច្បាប់ ទើបធ្លាក់ដល់ដំណាក់កាលនេះ។
លោកថា៖ «ហើយសួរលោកស្រី រ៉ូណា ស្មីត មើលថា តើបក្សប្រឆាំង ដែលអនុវត្តខុសច្បាប់ហ្នឹង តើវារំលោភអីអាហ្នឹង អាឡូវ យើងមើលជាក់ស្ដែងមើល គណបក្សប្រជាជន មានបង្កើតទោសឲ្យគណបក្សប្រឆាំងឯណា គឺគណបក្សប្រឆាំងធ្វើខ្លួនឯង យើងមើល កឹម សុខា នៅមិននៅ គាត់រាយការណ៍អំពីអំពើល្មើសរបស់គាត់ ឃុបឃិតជាមួយបរទេស គាត់ថា ខ្លួនឯង គាត់ធ្វើខ្លួនឯង ដូច្នេះ គាត់ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ដោយខ្លួនឯង វាមានតែបញ្ហាប៉ុណ្ណឹងទេ»។
មន្ត្រីផ្នែកច្បាប់នៃអង្គការខុមហ្វ្រែល លោក យឿង សុធារ៉ា មានប្រសាសន៍ថា រដ្ឋាភិបាល ត្រូវបង្កលក្ខណៈងាយស្រួល និងផ្ដល់សិទ្ធិសេរីភាព ដល់គ្រប់គណបក្សនយោបាយ ដែលចង់ប្រកួតប្រជែងគ្នា ទៅដឹកនាំរដ្ឋាភិបាល។ លោកថា បើស្ថានការណ៍នយោបាយ នៅតែបន្ដតានតឹងនៅមុនការបោះឆ្នោតដូចនេះ នោះលោកថា សហគមន៍អន្ដរជាតិ នឹងពិបាកទទួលលទ្ធផលបោះឆ្នោត។
រដ្ឋាភិបាលរបស់នាយករដ្ឋមន្ដ្រី លោក ហ៊ុន សែន ត្រូវបានមជ្ឈដ្ឋានទូទៅ មើលឃើញថា កំពុងធ្វើទុក្ខបុកម្នេញ លើគណបក្សប្រឆាំង ក្រោមលេសថា ជាការអនុវត្តច្បាប់ បន្ទាប់ពីការចាប់ខ្លួន ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ទាំងកណ្ដាលយប់ កាលពីថ្ងៃទី៣ខែកញ្ញាកន្លងទៅ។
សហគមន៍អន្តរជាតិ ដែលរួមមាន រដ្ឋាភិបាលប្រទេសអូស្ដ្រាលី សហគមន៍អឺរុប បារាំង អាល្លឺម៉ង់ សហរដ្ឋអាមេរិក និងអង្គការសិទ្ធិមនុស្សមួយចំនួនទៀត បានហៅការចាប់ខ្លួនលោក កឹម សុខា ថា ជាការគំរាមកំហែងផ្នែកនយោបាយ និងទទូចឲ្យដោះលែង លោក កឹម សុខា ជាបន្ទាន់ ដោយថា ដើម្បីធានាដំណើរការបោះឆ្នោត ដែលត្រូវតែមានភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌៕