មេធាវី៖ លោក កឹម សុខា ប្រាប់ឲ្យមេធាវីចូលរួមសវនាការថ្ងៃស្អែក

អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា (FB: លោក កឹម សុខា)

មេធាវីការពារក្ដីឲ្យប្រធានគណបក្សសង្គ្រោះជាតិ បានប្រាប់វីអូឌី បន្ទាប់ពីជួបជាមួយ លោក កឹម សុខា ថា កូនក្ដីបានអនុញ្ញាតឲ្យពួកគាត់ចូលតតាំងក្ដីនៅតុលាការកំពូលនាថ្ងៃស្អែកនេះ បើទោះបីជាមិនមានវត្តមានរូបលោកក៏ដោយ។​

លោក សំ សុគង់ មេធាវីម្នាក់ ក្នុងចំណោមក្រុមមេធាវីការពារក្ដីទាំង៨នាក់របស់លោក កឹម សុខា ប្រាប់វីអូឌីនៅថ្ងៃចន្ទ ដើមសប្តាហន៍នេះថា ពួកគេ នៅថ្ងៃនេះ បានចូលទៅជួបកូនក្ដីនៅពន្ធនាគារត្រពាំងផ្លុង ហើយក្នុងជំនួបនោះ កូនក្ដីបាន ប្រាប់ពួកគេ ឲ្យទៅចូលរួមសវនាការនៅតុលាការកំពូលថ្ងៃស្អែក ទោះបីជាអវត្តមានលោក។

លោកមានប្រសាសន៍ថា «អ្វីដែល ឯកឧត្ដម [កឹម សុខា] ស្នើសុំមេធាវីការពារថា ឲ្យក្រុមមេធាវីនឹងទៅចូលរួមសវនាការ ដើម្បីការពារសិទ្ធិឯកឧត្ដម នៅចំពោះមុខតុលាការកំពូល ពាក់ព័ន្ធនឹងដីកាឃុំខ្លួន​ជាបណ្ដោះ អាសន្នហ្នឹង»។

លោកបន្តថា កាលពីសប្ដាហ៍មុន ពួកគាត់បានដាក់លិខិតទៅតុលាការ ដើម្បីស្នើសុំឲ្យនាំខ្លួន កូនក្ដីមកចូលរួមសវនាការ  ប៉ុន្តែមកដល់ពេលនេះ មិនទាន់មានឆ្លើយតបនៅឡើយ ខណៈ តុលាការនឹងបើកសវនាការនៅថ្ងៃស្អែកនេះ។

នៅពេល វីអូឌី សួរលោក សំ សុគង់ បន្ថែម ថាតើក្រុមមេធាវី គ្រោងធ្វើពហិកាដើរចេញពីបន្ទប់សវនាការដូចពេលមុនទេ បើគ្មានវត្តមានលោកកឹម​ សុខា លោកគ្រាន់តែឆ្លើយយ៉ាងខ្លីថា ករណីនេះ គឺនៅមិនទាន់សម្រេចនៅឡើយទេ។

នៅថ្ងៃនេះផងដែរ វីអូឌី បានព្យាយាមសុំការអត្ថធិប្បាយបន្ថែមពីអ្នកនាំពាក្យតុលាការកំពូល លោក នៅ មុនីជោគ ប៉ុន្តែមិនមានការឆ្លើយតបនោះទេ។ ទោះជាយ៉ាងណា អនុប្រធាន​អគ្គនាយកដ្ឋាន​ពន្ធនាគារ និង​ជា​អ្នក​នាំ​ពាក្យ លោក នុត សាវនា មានប្រសាសន៍ថា លោកមិនទាន់បានទទួលព័ត៌មានពីខាងតុលាការថា ត្រូវនាំយក លោក កឹម សុខា ដើម្បីចូលរួមសវនាការនៅឡើយ។

លោកថា៖ «ហ្នឹង យើងចាំតែអនុវត្តន៍តើ ខាងខ្ញុំ សំខាន់ឲ្យតែបានសេចក្ដីសម្រេចពីខាងស្ថាប័នតុលាការថា គេអនុញ្ញាតឲ្យតាមសំណើរហ្នឹង យើងអនុវត្តតាម»។

តុលាការ​កំពូល នៅថ្ងៃស្អែកទី៣១ខែតុលានេះ នឹងបើក​សវនាការ លើ​បណ្ដឹង​សាទុក្ខរបស់​ក្រុម​មេធាវី​ការពារក្តីឲ្យលោក កឹម សុខា ដែលពួកគេ ប្រឆាំង​ទៅ​នឹង​សេចក្ដី​សម្រេចរបស់​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍។

កាលពីថ្ងៃទី២៦ខែកញ្ញា ក្រុមមេធាវីការពារក្តីលោក កឹម សុខា ចំនួន៦នាក់ បានដើរចេញពីបន្ទប់សវនាការនៃសាលាឧទ្ធរណ៍ ក្រោ​​យពីចូលរួមតតាំងជាមួយចៅក្រមរយៈពេលជិត២ម៉ោង ដើម្បី​ទាមទារឲ្យលើកពេលសវនាការ ដោយសំអាងថា អវត្តមានកូនក្តី​ ប៉ុន្តែ​ចៅក្រមមិនព្រម។​

ដោយមិនសុខចិត្ត សហមេធាវីការពារក្ដីឲ្យប្រធានគណបក្សសង្គ្រោះជាតិ បានប្ដឹងជំទាស់ទៅតុលាការកំពូល ដើម្បីប្រឆាំងនឹងដីកាសម្រេចរបស់សាលាឧទ្ធរណ៍ ដែលឲ្យបន្តឃុំខ្លួនលោក កឹម សុខា នៅពន្ធនាគារ ដូចសាលាដំបូងរាជធានីភ្នំពេញ។

ចំពោះ លោកមេធាវី សុក សំអឿន ពន្យល់ថា បើតាមច្បាប់អន្តរជាតិ ប្រសិនបើតុលាការបើក សវនាការ ចាំបាច់ត្រូវមានជនជាប់ចោទចូលរួម ហើយពាក់ព័ន្ធនឹងករណីនេះ លោកថា តុលាការគួរតែយកមកលោក កឹម សុខា មកចូលរួមសវនាការ ដើម្បីកុំឲ្យមានការលើកឡើងថា ពីរំលោភសិទ្ធិជនជាប់ចោទ។

លោកថា «តាមច្បាប់អន្តរជាតិ កាលណាបើកសវនាការ វាត្រូវមានមុខជនជាប់ចោទតាមកតិ កាសញ្ញាស្ដីពីសិទ្ធិពលរដ្ឋ នយោបាយ ហើយកតិកាសញ្ញាស្ដីពីសិទ្ធិ ពលរដ្ឋនៅក្នុង រដ្ឋធម្មនុញ្ញយើងទទួលស្គាល់ ប៉ុន្តែសិទ្ធិនឹងអត់មានចែងច្បាស់ នៅក្នុងក្រមនីតិវិធីព្រហ្មទណ្ឌទេ ប៉ុន្តែគ្រាន់តែយើងទទួលស្គាល់ខាងច្បាប់ អន្តរជាតិតាមរដ្ឋធម្មនុញ្ញ»។

លោក កឹម​ សុខា ត្រូវតុលាការបង្កាប់ឲ្យឃុំខ្លួនបណ្តោះអាសន្ន ទៅពន្ធនា​គា​​រ​​​ត្រ​​​ពាំ​​ងផ្លុង​ ទាំងមានអភ័យឯកសិទ្ធិសភា ដោយចោទថា «ក្បត់ជាតិ»។ ប៉ុន្តែ ​ស​ហគមន៍ជាតិ និងអន្តរជា​តិ បានហៅចំណាត់ការចាប់ និងឃុំ​ខ្លួន​​​​​​​នោះ​ថា ជា​ការគំរាមកំហែងផ្នែកនយោបាយ និងទាមទារឲ្យដោះ​លែងជាបន្ទាន់ ដោយថា ដើម្បីឲ្យ​ដំ​ណើ​​​រការ​បោះ​​​ឆ្នោ​​​តខាងមុខ ដំណើរការទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ