លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មួយរយៈពេលចុងក្រោយនេះ បានគំរាមម្តងហើយម្តងទៀតថា រចនាសម្ព័ន្ធនៃក្បាលម៉ាស៊ីនដឹកនាំរបស់គបក្សប្រឆាំង នឹងត្រូវរំលាយចោល បើទោះបីជាសំណុំរឿងនោះ នៅដៃតុលាការកំពូលក៏ដោយ។
ក្រៅពីសារគំរាម លោក ហ៊ុន សែន ក៏បានអំពាវនាវ ថាមន្ត្រីជាក្រុមប្រឹក្សាឃុំសង្កាត់ របស់បក្សប្រឆាំង ដែលបានសុំចុះចូលជាមួយគណបក្សកាន់អំណាច មុនតុលាការកំពូល ប្រកាសរំលាយនោះ ពួកគេត្រូវរក្សាតំណែងឲ្យនៅដដែល។
ការប្រកាសរបស់នាយករដ្ឋមន្ត្រីនេះ ទំនងជាសំដៅដល់ប្រសិទ្ធភាពនៃពាក្យបណ្តឹង របស់ក្រសួងមហាផ្ទៃ ដែលសុំរំលាយគណបក្សសង្គ្រោះជាតិ ដែលពាក្យប្តឹងនោះ ក្រសួងបានយោងទៅលើបទចោទលោក កឹម សុខា ថា «ក្បត់ជាតិ» និងមួយទៀត ទំនងជាសំដៅដល់ការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត៤ទៀត ដែលបើកផ្លូវឲ្យរឹបអូសអាសនៈ របស់គណបក្សប្រឆាំង ទាំងក្នុងសភានិងនៅឃុំសង្កាត់។
ប៉ុន្តែ សម្រាប់សហគមន៍អន្តរជាតិ ដែលប្រកាន់លទ្ធិប្រជាធិបតេយ្យ ដូចជា សហរដ្ឋអាមេរិក សហភាពអឺរុប អាលឺម៉ង់ បារាំង សហភាពអន្តរសភា IPU ដែលមានសមាជិក១៧៣ប្រទេស និងប្រទេសមួយចំនួនទៀត ហៅចំណាត់ការ របស់រដ្ឋាភិបាលនេះថា ជាការគំរាមកំហែងផ្នែកនយោបាយ ផ្ទុយទៅនឹងយន្តការប្រជាធិបតេយ្យ និងគំរាមពីវិធានការដាក់ទណ្ឌកម្មសេដ្ឋកិច្ចដល់កម្ពុជា ដោយថា បើមិនដោះលែងលោក កឹម សុខា ដើម្បីបើកផ្លូវឲ្យការបោះឆ្នោតខាងមុខ ប្រព្រឹត្តិទៅដោយសេរី និងយុត្តិធម៌នោះ។
បើគេពិនិត្យមើលពីសម្ពាធអន្តរជាតិ ដ៏ច្រើនមិនធ្លាប់មាននៅពេលនេះ និងអ្វីៗដែលបក្សកាន់អំណាច កំពុងមាននៅក្នុងដៃ ដូចជាច្បាប់រំលាយគណបក្ស ច្បាប់រឹបអូសអាសនៈក្នុងរដ្ឋសភា និងឃុំសង្កាត់ រួមទាំងពាក្យបណ្តឹងនៅតុលាការកំពូល ផងនោះ គេពិតជាត្រូវតាមដានស្ថានការណ៍នយោបាយនៅកម្ពុជាបន្តទៀតថា តើសម្ពាធនេះ អាចជំរុញឲ្យបក្សកាន់អំណាចវិលមករៀបចំទីលានប្រកួតការបោះឆ្នោតឆ្នាំ២០១៨ ដោយស្មើភាព ឬបក្សប្រឆាំង ត្រូវគេរំលាយមុនបោះឆ្នោតមកដល់ ដូចសារគំរាម។
បើគិតត្រឹមថ្ងៃទី៣០ខែតុលានេះ បើទោះបីគេមិនទាន់ដឹងថា តើរបត់នយោបាយ នៅកម្ពុជា នឹងបន្តដើរលើផ្លូវណាពិតប្រាកដក៏ដោយ ប៉ុន្តែគេសង្កេតឃើញ ក្រោយការគំរាម របស់លោក ហ៊ុន សែន តំណាងរាស្ត្រម្នាក់ និងក្រុមប្រឹក្សា ឃុំ សង្កាត់មួយចំនួន កំពុងចាកចេញពីគណបក្សប្រឆាំង មកចុះចូលជាមួយគណបក្សប្រជាជនកម្ពុជាជាបន្តបន្តាប់ តែខ្លះទៀតអះអាងថាខ្លួននៅតែមានជំនឿលើគណបក្សប្រឆាំដដែល។
ប៉ុន្តែ អ្វីដែលជាការកត់សម្គាល់ជាងនេះ គឺរដ្ឋាភិបាលបានប្រកាសពន្យាលពេលថ្ងៃបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ពីថ្ងៃទី១៤ខែមករា ទៅថ្ងៃទី២៥ខែកុម្ភៈឆ្នាំ២០១៨វិញ។ ចំនួននេះ បានបង្កើន៤០ថ្ងៃទៀត។
តើមានមូលហេតុអ្វី បានបក្សកាន់អំណាចពន្យាពេលបោះឆ្នោតព្រឹទ្ធសភានេះ?
អ្នកវិភាគនយោបាយ យល់ឃើញផ្សេងគ្នា ពីស្ថានការណ៍នយោបាយ ទៅកាន់ការបោះឆ្នោតឆ្នាំ២០១៨នៅពេលនេះខាងមុខ។
អ្នកវិភាគនយោបាយ លោក ឯម សុវណ្ណារ៉ា វិភាគថា ការព្យាពេលនេះ ហាក់បង្ហាញថា បក្សកាន់អំណាចកំពុងជំរុញយន្តការរំលាយគណបក្សប្រឆាំង ដោយមិនងាកក្រោយមើលសម្ពាធអន្តរជាតិឡើយ។
អ្នកវិភាគរូបនេះ វិភាគថា ការព្យាយាមរំលាយសមាជិក ក្រុមប្រឹក្សាឃុំសង្កាត់របស់បក្សប្រឆាំង ទាំងជាង៥ពាន់អាសនៈនេះ លោកថា បក្សកាន់អំណាច ទំនងជាដឹងមុនថា ឫសកែវថ្មីនេះ ជាគ្រោះថ្នាក់អំណាចរបស់ពួកគេ នៅឆ្នាំ២០១៨បាន ។
លោកថា៖ «ក្រុមប្រឹក្សាឃុំ សង្កាត់ វានៅច្រើន ជាង៥ពាន់អាសនៈ [៥០០០] នៅឃុំសង្កាត់ ហើយនៅគ្រប់តំបន់ទាំងអស់ ជាយន្តការមួយ ដែលគណបក្សសង្គ្រោះជាតិ អាចទៅឃោសនា អាចទៅបញ្ចៀបទស្សនៈនយោបាយរបស់ខ្លួន ដែលអាចទៅប្រជែងពីគណបក្សកាន់អំណាច កន្លែងនេះហើយដែលជាការបារម្ភ។មិនបារម្ភអីនៅក្នុងតំណែង អីនៅព្រឹទ្ធសភាប៉ុន្មានទេ»។
បើតាមលោក ឯម សុវណ្ណារ៉ា គណបក្សកាន់អំណាច អាចនឹងពិចារណាពីសម្ពាធអន្តរជាតិនេះ ក្រោយពីរំលាយបក្សប្រឆាំងបានជោគជ័យ ដើម្បីគេចចេញពីការដាក់ទណ្ឌកម្មពីសហគមន៍អន្តរជាតិ។
លោកថា៖ «លក្ខខណ្ឌមួយបើសិនជាមានសម្ពាធខ្លាំង គណបក្សកាន់អំណាចគេអាចបន្ថូបន្ថយបរិយាកាសនយោបាយខ្លះនៅពេលដែលរំលាយគណបក្សសង្គ្រោះជាតិហើយ វាអាចមានប្រៀប។ អញ្ចឹងគ្រាន់តែបន្ថូឲ្យសមាជិក ឬលើកលែងទោស ឲ្យអតីតគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី អីហ្នឹងចូលមកវិញទៅ វាធូស្បើយ ប៉ុន្តែរចនាសម្ព័ន្ធបក្ស នៅក្រុមប្រឹក្សាឃុំ សង្កាត់ ថ្នាក់ក្រោមជាតិ វារលាយអស់ អានេះខ្ញុំមើលឃើញថា ជាចរន្តមួយបន្តជំរុញចង់រំលាយគណបក្សសង្គ្រោះជាតិ នៅមានសន្ទុះខ្លាំង»។
សម្រាប់អ្នកឯកទេសវិទ្យាសាស្ត្រនយោបាយ និងអភិបាលកិច្ច លោក ចាន់ វិបុល វិភាគទាំងប្រយ័ត្នប្រយែងថា គេមិនអាចដឹងថា អ្វីជាការពិតនៃការពន្យាពេលបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភានេះទេ។
ប៉ុន្តែលោក ចាន់ វិបុល វិភាគថា បើផ្អែកលើចំនួនអ្នកគាំទ្របក្សប្រឆាំង សម្ពាធជាច្រើនពីសហគមន៍អន្តរជាតិនិងជំហរ របស់មេដឹកនាំបក្សប្រឆាំង ទាំងលោក សម រង្ស៊ី និងលោក កឹម សុខា លោកវិភាគថា ការចង់រំលាយបក្សសង្គ្រោះជាតិ ឲ្យបង្កើតគណបក្សថ្មី សម្រាប់ទៅប្រកួតនៅឆ្នាំ២០១៨ លោកថា ទំនងជាការលំបាកទៅរួច។
លោកថា៖ «បើយើងមើលជំហរ របស់គណបក្សសង្គ្រោះជាតិនៅពេលនេះ ខុសប្លែកពីជំហរ របស់គណបក្សហ្វ៊ុនស៊ិនប៉ិចពីអតីតកាល។ អញ្ចឹងជំហររបស់សង្គ្រោះជាតិនេះ ប្រសិនបើមានការប៉ុនប៉ងរំលំ ឬរំលាយមែន ប្រហែលជាពួកគាត់ មិនមានចេតនា ក្នុងការបង្កើតគណបក្សថ្មីទេ នេះបើយើងមើលចរន្តនយោបាយពេលនេះ»។
លោក ចាន់ វិបុល វិភាគទៀតថា បើអ្នកនយោបាយខ្មែរ ហ៊ានលេងស្នៀតនេះ លោកថា ក្រុមអ្នកនយោបាយនោះ នឹងមានឈ្មោះក្នុងប្រវត្តិសាស្ត្រថា នាំកម្ពុជាទៅរកគ្រោះមហន្តរាយដូចពីអតីកាល។
លោកថា៖ «ប្រសិនបើយើងមិនមានការផ្តល់តម្លៃ ឬទទួលស្គាល់នូវសមត្ថភាព ឬភាពស្របច្បាប់នៃការប្រកួតប្រជែងទេ អញ្ចឹងការកង្វះគុណធម៌នយោបាយនេះហើយ ដែលនាំឲ្យកម្ពុជាមានវិបត្តិរាប់សឹបឆ្នាំកន្លងមកនេះ»។
បើតាមអ្នកវិភាគ ដើម្បីជំរុញឲ្យកម្ពុជាឆ្ពោះទៅរកការរីកចម្រើន និងការអភិវឌ្ឍពិតប្រាកដ ពួកគេថា អ្នកនយោបាយខ្មែរ គួប្រើពេលវេលា ដើម្បីពិភាក្សាគ្នា ជំរុញយន្តការប្រជាធិបតេយ្យ ជាជាងពន្យាពេល ដើម្បីរកយុទ្ធសាស្ត្រ កម្ទេចដៃគូប្រកួត ដូចអ្នកនយោបាយពីអតីតកាល៕