ចាប់តាំងពីបានដំណើរការក្រុមបាល់ទាត់ដែលមានកីឡាករបង្ហាញខ្លួនសុទ្ធសឹងតែជាតារាសម្ដែងល្បីៗនៅក្នុងពិភពសិល្បៈ គេកត់សម្គាល់ក្រុមបាល់ទាត់មហាហង្សកាន់តែបង្ហាញឥទ្ធិពលខ្លាំងឡើងក្នុងការវេទិកាប្រកួតផ្សេង។ អ្វីដែលគេកត់សម្គាល់គឺក្រុមនេះត្រូវបានសហការលេងយ៉ាងសកម្មពីតារាសម្ដែងរូបសង្ហារៗ និងល្បីឈ្មោះរហូតដល់១៥រូប ហើយភាគច្រើនគឺមិនមែនជាតារាដែលបានសម្ដែងអោយផលិតកម្មមហាហង្សនោះទៅទៀត ដោយសារតែក្រុមមានគោលការណ៍ជ្រើសយកកីឡាករពេញសិទ្ធិដែលជាតារាសម្ដែង ដែលមានសមត្ថភាពខ្លាំងក្នុងការលេងបាល់ ទើបគេឃើញក្រុមនេះទទួលជោគជ័យស្ទើរតែគ្រប់ការប្រកួតមកទល់ពេលនេះ។
សរុបការប្រកួតគិតត្រឹមថ្ងៃទី១១ វិច្ឆិកា ក្រុមបាល់ទាត់តារាៗដែលមានឈ្មោះក្រុមមហាហង្សបង្ហាញខ្លួននៅលើទីលានប្រកួតជាមួយក្រុមបាល់ទាត់ផ្សេងៗបានចំនួន២៥លើកហើយ ដោយក្នុងចំណោមនោះគឺមានតែមួយលើកប៉ុណ្ណោះដែលទទួលបរាជ័យ ដែលនេះគឺជាលទ្ធផលចាប់តាំងពីក្រុមមួយនេះលេចឡើង។
កីឡាករពេញសិទ្ធិដែលលេងប្រចាំក្រុមនេះ ត្រូវគេឃើញថាមានវត្តមានរបស់ផលិតករ និងជាតារាសម្ដែងដែលបានកុងត្រាអោយផលិតកម្មមហាហង្សរបស់លោកអ៊ិន សុភិន តិចតួចប៉ុណ្ណោះ ប៉ុន្តែភាគច្រើនគឺជាតារាសម្ដែងដែលត្រូវគេដឹងថាបានជាប់កុងត្រាជាមួយផលិតកម្មផ្សេងៗហើយមិនអាចទទួលថតរឿងអោយមហាហង្សផង។
ក្រុមបាល់ទាត់មួយក្រុមត្រូវគេឃើញថាសុទ្ធសឹងតែជាតារាសម្ដែង និងក្រុមបច្ចេកទេសផលិតកុន ដោយមិនមានអ្នកមកពីខាងក្រៅសិល្បៈដូចក្រុមដែលបង្កើតឡើងដោយតារាផ្សេងៗនោះទេ ទើបធ្វើអោយក្រុមមហាហង្សទទួលបានការចាប់អារម្មណ៍ពីសំណាក់តារាសិល្បៈ និងមហាជន ស្របគ្នាដែលក្រុមមួយនេះគឺអោយតែបង្ហាញខ្លួនឡើងប្រកួតនៅលើទីលានក៏ទទួលបានជ័យជម្នះយ៉ាងលើសលប់ផង។
តារាសម្ដែងដែលសុទ្ធសឹងតែជាតួឯកនៅក្នុងពិភពសម្ដែងកាន់តែពួតដៃគ្នានៅក្នុងក្រុមនេះ ដោយក្រុមតារាទាំងនេះហាក់ផ្ដល់ពេលវេលាច្រើននៅក្នុងវិស័យបាល់ទាត់របស់ក្រុម មិនដូចពីការលើកឡើងថាតារាសិល្បៈមមាញឹកខ្លាំងកម្រចំណាយនឹងកិច្ចការកីឡារួមគ្នាបែបនេះនោះផង។
តារាសម្ដែងល្បីៗដែលត្រូវបានប្រកាសថាជាកីឡាករពេញសិទ្ធិរបស់ក្រុមរួមមាន លោក ភឹម តារាវិបុល លោកជា សុវណ្ណនរាហ៍ លោកហ៊ូ ប៉ូសេង លោកលឹម ជាឡាយ លោកអូន ឧស្សាហ៍ លោកហេង នរៈកក្កដា និងតារាសម្ដែងល្បីឈ្មោះជាច្រើនរូបទៀត។
តារាសម្ដែងទាំងនោះក៏សុទ្ធតែមានថ្វីជើងមិនធម្មតាដូចគ្នានឹងកីឡាករបាល់ទាត់អាជីពនោះផង ដោយសារតែនាពេលកន្លងមកគឺកីឡាករដែលម្នាក់ៗសុទ្ធតែបានឆ្លៀតពេលលេងបាល់ទាត់ដោយរៀងៗខ្លួន ហើយនៅពេលបង្ហាញខ្លួនក្នុងនាមជាតារា និងជាក្រុមអ្នកសិល្បៈបែបនេះ ក៏ធ្វើអោយក្រុមមហាហង្សក្លាយជាក្រុមល្បីក្នុងក្រសែភ្នែកអ្នកសិល្បៈ និងអ្នកគាំទ្របាល់ទាត់តែម្ដង។
លោក អ៊ិន សុភិន មេក្រុមបានអះអាងថាហេតុផលដែលលោកសម្រេចចិត្តបង្កើតក្រុមបាល់ទាត់មហាហង្ស គឺដោយសារតែលោកបានកត់សម្គាល់ថានៅក្នុងចំណោមតារាល្បីៗមានតារាដែលអាចលេងបាល់បានល្អច្រើននាក់គួរសម ហើយដោយសារតែចង់បង្រួបបង្រួមតារាៗ និងចង់ប្រមូលអ្នកមានថ្វីជើងនៅក្នុងវិស័យបាល់ទាត់ផង ទើបសម្រេចចំណាយលុយ និងពេលវេលាធ្វើការបង្កើតក្រុមបាល់ទាត់នេះឡើយ។
អ៊ីចឹងហើយទើបលោកក្នុងនាមជាអ្នកចាត់ការក្រុម បានទាក់ទងដោយផ្ទាល់ដើម្បីស្នើសុំអោយតារាៗដែលមានថ្វីជើងមកធ្វើជាកីឡាករប្រចាំក្រុម បើទោះជាពួកគេសុទ្ធតែមិនអាចទទួលការងារថតរឿងរបស់ផលិតកម្មមហាហង្សបាន។ លោកអះអាងថាកីឡាករពេញសិទ្ធភាគច្រើនមិនមែនជាតារារបស់មហាហង្សនោះទេ ប៉ុន្តែតារាៗទាំំងនោះសុទ្ធតែបានស្ម័គ្រចិត្តចូលរួម ទើបធ្វើអោយក្រុមរបស់លោកមានតារាល្បីៗរហូតដល់១៥រូបដែលក្លាយជាក្រុមបាល់ទាត់ដែលមានតារាសិល្បៈចូលលេងជាក្រុម ហើយត្រូវបានលោកចាត់ទុកថាជាក្រុមបាល់ទាត់របស់តារាសិល្បៈសុទ្ធសាធ ដែលមិនដូចក្រុមផ្សេងដែលគ្រាន់តែមានមេក្រុមជាតារា ប៉ុន្តែសម្រាប់ក្រុមអ្នកលេងពិតប្រាកដបែរជាកីឡាករអាជីព និងជាអ្នកមិនមែនជាតារាសិល្បៈ។
លោកចង់ធ្វើអោយតារាសិល្បៈ ដែលមានថ្វីជើងក្នុងការលេងបាល់ អាចចងក្រងគ្នាដោយមិនប្រកាន់ក្រុម និងផលិតកម្ម ដើម្បីលើកកម្ពស់វិស័យបាល់ទាត់ផង និងដើម្បីជាមុខមាត់របស់តារាសិល្បៈ។ មកទល់ពេលនេះលោកថាក្រុមតារាៗដែលមានឈ្មោះថាក្រុមមហាហង្ស ប្រកួតជាមួយក្រុមអាជីព និងមិនអាជីពបានចំនួន២៥លើកហើយ ដោយក្នុងចំណោម២៥លើកគឺធ្លាប់ចាញ់តែម្ដង ក្រៅពីនោះសុទ្ធតែស្មើ និងឈ្នះ។
ជាក់ស្ដែងកាលពីការប្រកួតលើកចុងក្រោយថ្ងៃទី១១ វិច្ឆិកា ក្រុមមួយនេះបានលត់ក្រុមពាណិជ្ជករថៃរហូតដល់៧–០ ដែលជាលទ្ធផលធ្វើអោយមានការភ្ញាក់ផ្អើលសម្រាប់ក្រុមនេះផង។ លោកបានទាំងចាត់ទុកថាកីឡាករដែលជាតាសម្ដែងល្បីៗមួយចំនួន គឺជាខ្សែប្រយុទ្ធឆ្នើម និងជាខ្សែការពារយ៉ាងល្អដែលមិនខុសពីកីឡាករអាជីពនោះផង។
លោកប្រកាសស្វែងរកគ្រូបង្វឹកមកជួយក្រុមដើម្បីអោយក្រុមមហាហង្សដែលចម្រុះដោយតារាសម្ដែងល្បីៗកាន់តែមានថ្វីជើងនៅលើទីលាន ព្រោះតែលោកនឹងមានគម្រោងបើកការប្រកួតជាមួយក្រុមបាល់ទាត់ផ្សេងៗកាន់តែច្រើនជាងមុន ដើម្បីធ្វើអោយក្រុមកាន់តែសកម្ម និងលេចធ្លោរ។
លោកប្រកាសចំណាយលើក្រុមមួយនេះក្នុងមួយឆ្នាំៗរាប់ពានដុល្លារ ដើម្បីទ្រទ្រង់ក្រុម ដោយលោកប្រកាសថាមិនមែនគ្រាន់តែរៀបចំក្រុមដើម្បីលេងកំដរ ហើយក៏បែកខ្ញែកឡើយ។ លោកប្រកាសថាក្រុមបាល់ទាត់មហាហង្សនឹងពង្រឹងជំហរអោយក្លាយជាក្រុមអាជីពមួយ តែលោកនឹងរក្សាគោលការណ៍មិនយកអ្នកពីខាងក្រៅអោយចូលលេងជំនួសតារាសម្ដែង និងក្រុមផលិតកុននោះទេ ដោយសារតែលោកចង់អោយក្រុមមួយនេះមានឈ្មោះថាជាក្រុមរបស់អ្នកសិល្បៈមួយរយភាគរយ ហើយនឹងចំណាយថវិកាទ្រទ្រង់ទាំងការហ្វឹកហាត់ និងរៀបចំការប្រកួតធ្វើអោយតារាសិល្បៈ ដែលជាកីឡាករពេញសិទ្ធិ និងបម្រុងកាន់តែមានទឹកចិត្តចង់ជួយក្រុម។
លោកមិនខ្លាចក្រុមនេះបាត់បង់រូបរាងទៅវិញក្រោយការប្រកាសឡើងជាផ្លូវការនោះទេ ដោយសារតែលោកបញ្ជាក់ថាបើទោះជាតារាក្នុងក្រុមមួយចំនួនក៏នឹងមានតារាជាច្រើនផ្សេងទៀតលេងជំនួសក្នុងនាមជាតារាសិល្បៈនោះដែរ ដ្បិតលោកបានគៀរគរតារាសម្ដែងល្បីៗជាច្រើនអោយត្រៀមបម្រុងនៅពេលតារាល្បីៗពេញសិទ្ធិអវត្តមាន៕