សភា​កម្ពុជា​ថា​​ ទណ្ឌកម្ម​ពី​សភា​អាមេរិក​ធ្វើ​ឲ្យ​ប្រជា​ធិបតេយ្យ​​ដើរ​ថយ​ក្រោយ

សភា​ទាំង​ពីរ​ថ្នាក់​​របស់​កម្ពុជា ​បាន​ប្រតិកម្ម​ទៅ​នឹង​ព្រឹទ្ធសភា​អាមេរិ​ក ​ដែល​ដាក់​ទណ្ឌកម្ម​កម្ពុជា​ជុំ​វិញ​​បញ្ហា​នយោបាយ និង​សិទ្ធិ​មនុស្ស​ បន្ទាប់​ពីចំណាត់​ការ​ថ្មីៗ​នេះ​របស់​រដ្ឋាភិបាល​ទៅ​លើ​បក្ស​ប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​មួយ​ចំនួន។

មួយ​ថ្ងៃ​ក្រោយ​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​តុលាការ​កំពូល​សម្រេច​រំលាយ​ចោល​នោះ ព្រឹទ្ធសភាអាមេរិក បាន​ចេញសេចក្ដីសម្រេចមួយកាល​ពី​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា​​កន្លង​មក​ ដោយ​បាន​ថ្កោល​ទោស​រដ្ឋាភិបាល​កម្ពុជា​ថា ​បាន​​រុកគួន​នយោបាយ និង​សិទ្ធិ​មនុស្ស​។

ក្រុម​សមាជិក​ព្រឹទ្ធ​សភា​អាមេរិក ក៏​​ទាម​ទារ​ទៅ​រដ្ឋា​ភិ​បាល​​​លោក ​ហ៊ុន សែន ឲ្យ​បញ្ឈប់​ការ​បំភ័យលើ​​បក្សប្រឆាំង និងបើក​លំហរ​​ប្រជា​ធិប​តេយ្យ​ឡើង​វិញ។​ ជា​វិធានការ​តប​ទៅ​នឹង​រដ្ឋាភិបាល​កម្ពុជា ព្រឹទ្ធ​សភា​អាមេរិក​ បាន​សម្រេច​​ដាក់​បញ្ជូល​មន្ដ្រីកម្ពុជា ដែល​ត្រូវ​បាន​ចោទ​ថា ជាប់ពាក់​ព័ន្ធ​ការ​រំលោភ​សិទ្ធិ​មនុស្ស ទៅក្នុងបញ្ជី​ដែលគេឈប់ទាក់ទង ឬធ្វើពាណិជ្ជកម្មជាមួយ។

ក្នុង​សេចក្តី​ថ្លែង​ការណ៍រួម​ចុះ​ថ្ងៃ​ទី​២៤ វិច្ឆិកា​ដែល​វី​អូ​ឌី​ទើប​ទទួល​បាន ទាំង​ព្រឹទ្ធ​សភា និង​រដ្ឋ​សភា​​កម្ពុជា​ បាន​សម្តែងការ​សោក​ស្តាយ​ចំពោះ​ទណ្ឌកម្ម​ដែល​សហរដ្ឋ​អាមេរិកដាក់​នេះ​មក​លើ​កម្ពុជា ហើយ​ហៅ​ការ​សេចក្ដី​សម្រេច​នោះ​ថា ​ជា​សេចក្ដី​សម្រេច​ដោយ​គ្មាន​ការ​ពិចារណា​លើ​ទិដ្ឋ​ភាព​ច្បាប់ និង​សង្គម​កម្ពុជា។ ស្ថាប័ន​នីតិ​ប្បញ្ញត្តិ​ទាំង​ពីរ​នេះ ថែម​ទាំង​ចោទ​ព្រឹទ្ធ​សភា​អាមេរិក​ថា ​បាន​ធ្វើ​ឲ្យ​លទ្ធិ​ប្រជា​ធិបតេយ្យ​សេរីពហុបក្ស​ និង​នីតិ​រដ្ឋ​​នៅ​កម្ពុជា ដើរ​ថយ​ក្រោយ​ទៅ​វិញ។

ព្រឹទ្ធ​សភា និង​រដ្ឋ​សភា បាន​រៀបរាប់​ក្នុង​សេចក្តីថ្លែង​ការណ៍​នោះ​​ថា៖ «​ករណីរ​បស់​ឯក​ឧត្តម​ កឹម សុខា មេដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែលត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​សន្ទិដ្ឋិភាព ដែល​ជា​ប់​ពាក់​ព័ន្ធ​នឹង​អំពើ​ឃុប​ឃិត​ជាមួយ​បរទេស​ ធ្វើ​វិទ្ធង្សនាចង់​ផ្តួល​រំលំ​រាជ​រដ្ឋាភិបាល​ស្របច្បាប់​កម្ពុជា គឺ​មក​ពី​គាត់​ត្រូវ​ទទួល​បាន​ការ​ចោទ​ប្រកាន់​នៃ​មាត្រា​៤៤៣ នៃ​ក្រម​ព្រហ្ម​ទណ្ឌ​របស់កម្ពុជា។ បញ្ហានេះ​ក៏​មិន​ខុសពី​ករណីរបស់​លោក Paul Manafort និងសហការី​របស់​គាត់​នៅ​សហរដ្ឋ​អាមេរិក​ដែរ»។

ចំពោះ​ការ​បិទ​កាសែត​ឯក​រាជ្យមួយ​ចំនួន​នៅ​កម្ពុជារួម​មាន​ RFA VOA និង​ Cambodia Daily ជា​ដើម ​សភា​កម្ពុជា​បញ្ជាក់​ថា ជា​ការ​អនុវត្ត​ច្បាប់​របស់​កម្ពុជា មិន​មែនដោយ​សារ​សកម្ម​ភាព​សារព័ត៌មាន​របស់​ពួកគេ​នោះ​ទេ​។

រដ្ឋាភិបាល​កម្ពុជា ត្រូវ​បាន​សហគមន៍​អន្តរជាតិ​ថ្កោល​ទោស​ និង​ព្រមាន​ដាក់​ទណ្ឌកម្ម​ជា​បន្ត​បន្ទាប់ ក្រោយ​ពី​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា​ និង​ការ​បន្ត​ឃុំ​ខ្លួន​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា។

សហរដ្ឋ​អាមេរិក ចក្រ​ភព​អង់គ្លេស និង​សហភាព​អឺរ៉ុប បាន​ចាត់​ទុក​ថា វិធានការ​ថ្មីៗ​របស់​រដ្ឋាភិបាល​កម្ពុជា​ទៅ​បក្ស​ប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​មួយ​ចំនួន​ថា កំពុង​ដើរ​ឃ្លាត​ឆ្ងាយ​ពី​គន្លង​ប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស ប៉ុន្តែ ប្រទេស​ចិន​កុម្មុយនីស្ត​បាន​គាំ​ទ្រ​ចំណាត់​ការ​របស់​កម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ