អតីតមន្ត្រីសាលាក្ដីខ្មែរក្រហមត្រូវតែងតាំងជាអ្នកនាំពាក្យ គ.ជ.ប.

លោក ដឹម សុវណ្ណារុំ (ស្ដាំ) ប្រធាន​​ផ្នែក​កិច្ចការ​សាធារណៈ​នៃ​សាលាក្ដី​ខ្មែរ​ក្រហម ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​មួយ​ថ្ងៃ​មុន​ការ​ប្រកាស​សាល​ក្រម​សំណុំ​រឿង ០០១ ប្រឆាំង​នឹង​អតីត​មេ​គុក​ទួលស្លែង កាំង ហ្គេចអ៊ាវ ហៅ ឌុច។ រូបថត អ.វ.ត.ក.

អតីតមន្ត្រីសាលាក្ដីខ្មែរក្រហមម្នាក់ ត្រូវបានតែងតាំងជាអ្នកនាំពាក្យ​នៃ​គ​ណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅ​កាត់​ថា គ.ជ.ប. បន្ថែម​ជា​មួយនឹង​អ្នកនាំពាក្យបច្ចុប្បន្ន ​លោក ហង្ស ពុទ្ធា។

អតីតមន្ត្រីសាលាក្ដីខ្មែរក្រហមម្នាក់ ត្រូវបានតែងតាំងជាអ្នកនាំពាក្យ​នៃ​គ​ណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅ​កាត់​ថា គ.ជ.ប. បន្ថែម​ជា​មួយនឹង​អ្នកនាំពាក្យបច្ចុប្បន្ន ​លោក ហង្ស ពុទ្ធា។

ក្នុង​សេចក្ដី​សម្រេច​កាល​ពី​ថ្ងៃ​ទី​២២ ខែ​ធ្នូ ប្រធាន​ គ.ជ.ប. លោក ស៊ិក ប៊ុនហុក បាន​សម្រេច​តែង​តាំង​លោក ឌឹម សុវណ្ណារុំ ឲ្យ​ធ្វើ​ជា​អ្នក​នាំ​ពាក្យ​នៃ​ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត​មួយ​នេះ។

លោក ឌឹម សុវណ្ណារុំ គឺ​ជា​អតីត​ប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម ហើយ​ត្រូវ​បាន​ជ្រើស​រើស​ជា​សមាជិក គ.ជ.ប. ថ្មី រួម​ជាមួយ​សមាជិក​គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក នុត សុខុម បន្ទាប់​ពី​សមាជិក គ.ជ.ប. ៣​រូប​មក​ពី​កូតា​គណបក្ស​សង្គ្រោះ​ជាតិ បាន​សម្រេច​លា​លែង​ពី​តំណែង ក្រោយ​ការ​រំលាយ​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នេះ។

កាល​ពី​ឆ្នាំ​២០១៦ លោក ឌឹម សុវណ្ណារុំ ត្រូវ​បាន​រដ្ឋាភិបាល​តែង​តាំង​​ជា​អនុ​ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា ដែល​ជា​ស្ថាប័ន​សិទ្ធិ​មនុស្ស​របស់​រដ្ឋាភិបាល៕

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។