រដ្ឋាភិបាលថាការនាំទំនិញទៅចិនកើន​ឡើ​ង ​៤២% ខណៈចិន​នាំចូលវិញ​កើនឡើង ៨៩%

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (ប្រភពហ្វេសប៊ុក)

រដ្ឋាភិបាលបានបង្ហាញរបាយការណ៍ថា ការនាំចេញស្បែកជើង និងសំលៀកបំពាក់ទៅចិន កើនឡើងជាង៤២ភាគរយ ហើយចិន​នាំចូលប្រទេសកម្ពុជាវិញកើនឡើង​៨៩ភាគរយ ។​

រដ្ឋាភិបាលបានបង្ហាញរបាយការណ៍ថា ការនាំចេញស្បែកជើង និងសំលៀកបំពាក់ទៅចិន កើនឡើងជាង៤២ភាគរយ ហើយចិន​នាំចូលប្រទេសកម្ពុជាវិញកើនឡើង​៨៩ភាគរយ ។​

របាយការណ៍លើកឡើងថា រយៈពេល១១ខែឆ្នាំ២០១៧ ការនាំចេញផលិតផលសំលៀកបំពាក់ និងស្បែកជើង ទៅប្រទេសកុម្មុយនីស្ដចិន មានទំហំទឹកប្រាក់ប្រមាណ ២០៧លានដុល្លារអាមេរិក ពោលគឺកើនឡើង៤២,៧៥ភាគរយ ។ នេះដោយយោងតាមរបាយការណ៍​​ក្រសួងពាណិជ្ជកម្ម ដែលត្រូវបាន​ចុះផ្សាយបន្ដដោយទីភ្នាក់ងារសារព័ត៌មានជាតិកម្ពុជា AKP កាលពីថ្ងៃអង្គារម្សិលមិញ។

បើតាមរបាយការណ៍ រយៈពេល១១ខែឆ្នាំ២០១៧ កម្ពុជាក៏បាននាំចូលសម្ភារកាត់ដេរ និងវត្ថុធាតុដើមផលិតស្បែកជើង ពីប្រទេសចិន មានទំហំទឹកប្រាក់ជិត២ពាន់៨រយលានដុល្លារ (២ ៧៨៧លានដុល្លារ) ​ដែលកើនឡើងប្រមាណ៨៩ភាគរយ ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៦។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ស៊ាង ថៃ ឲ្យ VOD ដឹងថា រដ្ឋាភិបាលកម្ពុជា​ បាន និងកំពុងពង្រីកទីផ្សារនាំចេញរបស់ខ្លួន ឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន ស្របពេលប្រទេសលោកសេរីមួយចំនួន ព្រមានដាក់ទណ្ឌកម្ម ជុំវិញស្ថានការណ៍នយោបាយ ដែលថា កំពុងមានភាពតានតឹង។

លោកថា៖ «ធម្មតា អាហ្នឹង យើងចងសន្ទូចផង រាយមោងផង ដាក់បង្កៃផងគ្រប់តែមុខ កម្ពុជាយើង​បើកជំហរទាំងអស់ ដូច្នេះ យើងធ្វើឲ្យបានច្រើន ទីផ្សារ ដូច្នេះ នេះជាការល្អ សម្រាប់កម្ពុជា»

កម្ពុជាចាត់ទុកប្រទេសចិន ជាដៃគូពាណិជ្ជកម្ម និងគោលដៅទីផ្សារនាំចេញដ៏ធំ ស្របពេលប្រទេសទាំងពីរ គ្រោងជំរុញទំហំពាណិជ្ជកម្ម និងការវិនិយោគបន្ថែមទៀត។ ប៉ុន្ដែ ផលិតផលសំលៀកបំពាក់ និងស្បែកជើងភាគច្រើន ត្រូវបាននាំទៅលក់នៅទីផ្សារអន្ដរជាតិ ដូចជា សហភាពអឺរ៉ុប សហរដ្ឋអាមេរិក និងប្រទេសផ្សេងទៀត។

បើតាមរបាយការណ៍សរុប គិតត្រឹមឆ្នាំ២០១៧​ កម្ពុជាបាននាំចេញផលិតផលទៅលក់នៅទីផ្សារអឺរ៉ុប តាមរយៈប្រព័ន្ធអនុគ្រោះពន្ធ គិតជាទឹកប្រាក់ប្រមាណជាង៦ពាន់លានដុល្លារ។ ប៉ុន្ដែ រដ្ឋាភិបាលមិនបានបញ្ជាក់ទំហំនាំចេញទៅកាន់ទីផ្សារអឺរ៉ុប នៅឆ្នាំ២០១៧ ថាតើមានប៉ុន្មាន និងនាំទៅអាមេរិក មានប៉ុន្មាននោះទេ។

អ្នក​​​ស្រាវ​ជ្រាវ​​ផ្នែកវិស័យ​ហិរញ្ញវត្ថុ​កម្ពុជា លោក យ៉ង់ ប៉ាក់ យល់ថា បើអឺរ៉ុបព្យួរប្រព័ន្ធអនុគ្រោះពន្ធមែននោះ កម្ពុជានឹងខាតបង់ប្រយោជន៍ពីទីផ្សារដ៏ធំមួយនេះ និងពិបាកប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់។ លោកថា បញ្ហាសេដ្ឋកិច្ចមិនចោទជាបញ្ហាធំដុំនោះទេ ប៉ុន្ដែ អ្វីដែលលោកព្រួយបារម្ភ គឺការថ្លឹងថ្លែងទំនាក់ទំនងរវាងកម្ពុជានិងដៃគូពាណិជ្ជកម្មផ្សេងទៀត។

លោកថា៖ «និយាយឲ្យចំទៅ យើងបាត់បង់ទីផ្សារ រដ្ឋាភិបាលគិតគូហើយ មុនរឿងហ្នឹងកើតឡើង យើងបាត់បង់ការបញ្ជាទិញ អញ្ចឹង វាប៉ះពាល់ដល់ទីផ្សារ តម្លៃយើងត្រូវថ្លៃ យើងត្រូវប្រកួតប្រជែងក្នុងតំបន់ វាបាត់បង់ការប្រកួតប្រជែង អញ្ចឹង វាមិនសូវមានបញ្ហាទេ តែអ្វីដែលខ្ញុំព្រួយបារម្ភ គឺរឿងស្ថានភាពនយោបាយ រឿងសេដ្ឋកិច្ច​ មិនជាប៉ះពាល់ខ្លាំងប៉ុន្មានទេ»

រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានទទួលរងការថ្កោលទោស បន្ទាប់ពីតុលាការកំពូល បានរំលាយអតីតគណបក្សសង្គ្រោះជាតិ ដែលមានអ្នកគាំទ្រជិតពាក់កណ្ដាលប្រទេស កាលពីខែវិច្ឆិកាឆ្នាំមុន។ ជុំវិញស្ថានការណ៍នយោបាយបែបនេះ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានព្រមានដាក់ទណ្ឌកម្ម ផ្នែកការទូត និងសើរើប្រព័ន្ធអនុគ្រោះ ដោយថា កម្ពុជា បានដើរចេញពីគន្លងប្រជាធិបតេយ្យ និងរំលោភសិទ្ធិពលរដ្ឋធ្ងន់ធ្ងរ។

អ្នកវិភាគនយោបាយលោកបណ្ឌិត មាស នី យល់ថា ទំនាក់ទំនងពាណិជ្ជកម្មជាមួយមហាអំណាចចិន ជារឿងមួយ។ ប៉ុន្ដែ លោកថា កម្ពុជា នឹងពិបាកទ្រទ្រង់សេដ្ឋកិច្ចរបស់ខ្លួន បើសិនផ្ដាច់ទំនាក់ទំនងជាមួយប្រទេសលោកសេរីទាំងនោះ។

លោកថា៖ «ខ្មែរយើងសូម្បីតែវិស័យកាត់ដេរមួយ យើងរកចំណូលពន្ធបានចង់៦ ទៅ៧០០លានដុល្លារនោះក្នុងមួយឆ្នាំ អញ្ចឹងបើសិនណា ជាមានភាពរអាក់រអួល ក្នុងនាំចេញ ឬគេដាក់ទណ្ឌកម្ម គេមិនទិញយ៉ាងម៉េចនោះ អាហ្នឹងយើងត្រូវខាតហើយ មួយឆ្នាំជិត១ពាន់លានដុល្លារ ហើយដើម្បីសង្គ្រោះវិបត្តិថវិកាហ្នឹង ឲ្យអាចរស់ទៅបាន គឺមានតែបង្កើនការហូតពន្ធនៅក្នុងស្រុក បើសិនមានហូតពន្ធក្នុងស្រុកច្រើន នោះនាំឲ្យមានអារម្មណ៍មិនល្អពីពលរដ្ឋ»

ក្រោយការព្រមានដាក់ទណ្ឌកម្មពីសហភាពអឺរ៉ុប និងអាមេរិក ជុំវិញករណីរំលាយអតីតបក្សសង្គ្រោះជាតិ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានប្រកាសថា រដ្ឋាភិបាលរបស់លោក នឹងឈប់រស់ពឹងផ្អែកខ្យល់អុកស៊ីសែនពីអ្នកដទៃ ហើយថា នឹងរៀនរស់ជាមួយប្រទេសមហាអំណាចផ្សេងទៀត ដូចជា ចិន រុស្ស៊ី និងជប៉ុនជាដើម៕

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។