ប្រទេសចំនួន​៥៥ទាមទារឲ្យលោកត្រាំសុំទោស«ចំពោះពាក្យសម្តីប្រមាថមើលងាយ»

លោក ដូណាល ត្រាំ ប្រធានាធិបតីរបស់អាមេរិក​

សហភាពអាហ្រ្វិកដែលមានរដ្ឋជាសមាជិកចំនួន​៥៥ បានទាមទារឲ្យប្រធានាធិបតីសហរដ្ឋអាមេរិក​ដូណាល ត្រាំ ចេញមុខសំទោសចំពោះករណីដែលពួកគេចោទថា លោកត្រាំបានប្រើពាក្យប្រមាថមើលងាយ និង រើសអើងជាតិសាសន៍។​

ក្រុមគណៈប្រតិភូនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនបានសម្តែងការភ្ញាក់ផ្អើល ខកចិត្ត និង ខឹងសម្បារ ហើយថ្លែងថា លោក ដូណាល ត្រាំមិនយល់ពីបណ្តាប្រទេសនៅអាហ្វ្រិក។​ នេះបើតាមសារព័ត៌មាន​BBC។​

លោកត្រាំ រងការចោទប្រកាន់នេះថា លោកបានថ្លែងនៅក្នុងកិច្ចប្រជុំស្តីពីជនអន្តោប្រវេសន៍កាលពីថ្ងៃព្រហស្បតិ៍ហើយ លោក​បាននិយាយអំពីប្រជាជននៅក្នុងប្រទេសដែលរងគ្រោះមហន្តរាយធម្មជាតិនិង​  ប្រទេសរាលដាលដោយសង្គ្រាម។ ពេលនោះលោកចោទជាសំនួរថា ហេតុអ្វីត្រូវឲ្យពលរដ្ឋនៅប្រទេសកង្វក់ទាំងនោះមកអាមេរិក? លោកស្នើឲ្យរៀបចំឲ្យពលរដ្ឋរងគ្រោះទាំងនោះស្វែងរកសិទ្ធិជ្រកកោណនៅក្នុងប្រទេសផ្សេងវិញ។​

ទោះយ៉ាងក្រោយផ្ទុះការចោទប្រកាន់និងមានការទាមទារឲ្យសុំទោស នៅថ្ងៃសុក្រគឺមួយថ្ងៃបន្ទាប់មក លោក ត្រាំ បានសរសេរសារលើTwitterរបស់លោកថា លោក​មិនបាននិយាយពីការប្រមាថមើលងាយដូចការចោទប្រកាន់នោះទេ។​

មន្ត្រីដែលគាំទ្រលោកត្រាំ ថ្លែងថា ប្រហែលជាសហភាពអាហ្វ្រិកមានការយល់ត្រឡំសារដែលប្រធានាធិបតីរូបនេះបានថ្លែង។ ប៉ុន្តែតំណាងរាស្ត្រមួយចំនួន​ដែលបានចូលរួមប្រជុំជាមួយលោកត្រាំថ្លែងថា លោកត្រាំពិតជាបានប្រើប្រាស់ពាក្យប្រមាថនោះមែន ហើយថា នេះមិនមែនជាការថ្លែងលើកទី១របស់ប្រធានាធិបតីរូបនេះនោះទេ។​

ក្រៅពីប្រតិកម្មនៅរដ្ឋធានីវ៉ាស៊ីនតោន ប្រទេសមួយចំនួន​របស់សហភាពអាហ្រ្វិកក៏បានកោះហៅមន្ត្រីទូតរបស់អាមេរិក​ប្រចាំប្រទេសរបស់ពួកគេដើម្បីឲ្យមានការបកស្រាយចំពោះការថ្លែងរបស់លោកត្រាំនេះ។​​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ