តុលាការសម្រេចឲ្យឃុំខ្លួនអតីតគណៈកម្មការបុណ្យលោក កែម ឡី

លោក មឿន តុលា, ព្រះតេជគុណ ប៊ុត ប៊ុនតិញ, និងលោក ប៉ា ងួនទៀង

ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញបានសម្រេចចោទប្រកាន់និងឃុំខ្លួនបណ្តោះអាសន្ន អតីតគណៈកម្មការបុណ្យលោក កែម ឡី ដោយចោទពីបទរំលោភទំនុកចិត្ត។​

ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញបានសម្រេចចោទប្រកាន់និងឃុំខ្លួនបណ្តោះអាសន្ន អតីតគណៈកម្មការបុណ្យលោក កែម ឡី ដោយចោទពីបទរំលោភទំនុកចិត្ត។​

តាមដីកាចេញដោយលោក គុជ គីមឡុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ​ ចុះថ្ងៃទី៤ខែមករា ហើយទើបផ្សព្វផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ បានសម្រេចចោទប្រកាន់ គណៈកម្មការបុណ្យលោក កែម ឡី ៣អង្គនិងរូបថា បានរំលោភលើទំនុកចិត្ត ហើយបញ្ជូនសំណុំរឿងនេះទៅកាន់ចៅក្រមស៊ើបសួរ។​

ក្នុងដីកាក៏បាន​ដាក់ឲ្យគណៈកម្មការបុណ្យស្ថិតនៅក្រោមការឃុំខ្លួ​នជាបណ្តោះអាសន្ន ដោយសំអាងហេតុផលថា ដើម្បីបង្ការ និងទប់ស្កាត់កុំឲ្យមានបទល្មើសកើតឡើងជាថ្មីទៀត។​

គណៈកម្មការបុណ្យសពលោក កែម ឡី ដែលទទួលរងការចោទប្រកាន់នោះរួមមាន លោក ប៉ា ងួនទៀង លោក មឿន តុលា និងព្រះតេជគុណ ប៊ុត ប៊ុនតិញ។​

បច្ចុប្បន្នព្រះតេជគុណ ប៊ុត ប៊ុនតិញ និង លោក ប៉ា ងួនទៀង កំពុងបំពេញការងារនៅក្រៅប្រទេស ចំណែកលោក មឿន តុលា នៅក្នុងប្រទេស តែមិនអាចទាក់ទងតាមទូរសព្ទបានទេ៕

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។