មន្ត្រីសាលារាជធានីភ្នំពេញ អះអាងថា អាជ្ញាធរកំពុងធ្វើការដោះស្រាយ ដោយថា ដើម្បីរក្សាទ្រង់ទ្រាយតូបដែលនៅសល់ពីកាអគ្គិភ័យឆាបឆេះកាលពីយប់ថ្ងៃទី១៥ ខែមីនាកន្លងមក ឲ្យនៅដដែល ទៅតាមការទាមទាររបស់ក្រុមអាជីវករ។
ក្រុមអាជីវករផ្សារច្បារអំពៅជិត ១០០នាក់ បានប្រមូលផ្ដុំគ្នានៅលើទីតាំងផ្សារដែលត្រូវភ្លើងឆេះ កាលពីថ្ងៃម្សិលមិញនេះ ដោយពួកគេបង្ហាញក្ដីបារម្ភជុំវិញការឈូសឆាយតូបរបស់ពួកគេ ដែលនៅសេសសល់បន្ទាប់ពីភ្លើងឆេះ។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី បានប្រាប់វីអូឌីនៅព្រឹកថ្ងៃនេះថា អាជ្ញាធរកំពុងធ្វើការដោះស្រាយឲ្យក្រុមអាជីវករ។
លោកប្រាប់ថា៖ «កុំឲ្យបងប្អូនអាជីវករព្រួយបារម្ភអី មានតែអាជ្ញាធរយើងចូលរួមសោកស្ដាយជាមួយឧប្បទ្ទហេតុអគ្គីភ័យនេះហើយ និងកំពុងតែគិតថា ធ្វើម៉េចជួយបងប្អូនរបស់យើងឲ្យអស់លទ្ធភាពហើយ។ ក្នុងហ្នឹង មានការលើកឡើងថា អាចនឹងពិចារណា យើងរៀបចំផ្សារហ្នឹង ហើយហ្នឹងយ៉ាងម៉េចចឹងទៅ ឬក៏រៀបចំជាទំហំចាស់អញ្ចឹង ហើយអាចឲ្យបងប្អូនរបស់យើង ធ្វើការសាងសង់ខ្លួនឯង ប៉ុន្តែ អាទាំងអស់ហ្នឹងវាមិនទាន់សម្រេចទេ ចាំមើលក្រុមការងារគិតគូរ ឬក៏សិក្សាឲ្យល្អិតល្អន់សិន»។
នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ មានប្រសាសន៍ថា ការបារម្ភរបស់ក្រុមអាជីវករផ្សារច្បារអំពៅ ដោយសារ ពួកគេធ្លាប់ឃើញមានករណីនេះ កើតឡើងកន្លងមក។ លោកស្នើទៅអាជ្ញាធរឲ្យធ្វើការដោះស្រាយទៅតាមសំណើរបស់ក្រុមអាជីវករ ដើម្បីកុំមានបញ្ហានៅថ្ងៃក្រោយ។
លោកថា៖ «អាជីវករមានបទពិសោធជូរចត់នៅខេត្តមួយចំនួន។ ឧទាហរណ៍ ពេលក្រោយភ្លើងឆេះផ្សារទៅ ស្រាប់តែមានការទៅ រៀបចំផ្សារទៅរៀបចំតូបអីថ្មីឲ្យប្រជាពលរដ្ឋ។ អញ្ចឹងទង្វើបែបនេះ វាកើតចេញនៅតូបតូច តូបធំជាងមុន ហើយតូបខាងក្នុង ខាងក្រៅអីជាដើម។ ខ្ញុំយល់ថា ទំនងជាអាជីវករនៅផ្សារច្បារអំពៅ គាត់បារម្ភអំពីរឿងនេះវាកើតឡើងមកលើរូបគាត់ ក្រោយ ពីរឿងភ្លើងឆេះផ្សារច្បារអំពៅហ្នឹង។ អញ្ចឹងខ្ញុំយល់ថា អាជ្ញាធរពេលនេះ មិនគួរធ្វើអី្វដែលលើសសំណូមពរដែលប្រជាពលរដ្ឋ ដែលជាអាជីវករចង់បានទេ»។
កាលពីថ្ងៃទី១៦ ខែមីនា កន្លងមក ក្រុមអាជីវករ អះអាងថា ពួកគាត់មិនឲ្យអាជ្ញាធរឈូសឆាយកម្ទេចតូបដែលឆេះ ដើម្បីសាង សង់ថ្មីនោះទេ គ្រាន់តែប្រក់ដំបូលឲ្យបានហើយ ដោយសល់ប៉ុន្មានទុកឲ្យពួកគេជាអ្នកជួសជុលដោយខ្លួនឯង ដើម្បីឆាប់បានលក់ដូរឡើងវិញ។
អគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា តូបលក់ដូរ ១៤៤៧ នៅក្នុងផ្សារច្បារអំពៅ ត្រូវបានភ្លើងឆាបឆេះ ក្នុងនោះតូបចំនួន ៦៤៦ បានខូចខាតទាំងស្រុង ចាប់តាំងពីយប់ថ្ងៃព្រហស្បតិ៍រហូតដល់ព្រឹកថ្ងៃសុក្រកន្លងមកនេះ៕