សមត្ថកិច្ចខេត្តព្រះវិហារកំពុងតាមចាប់ខ្លួនទាហានស័ក្កិមូយម្នាក់ដែលបានបាញ់ប្រហារទៅលើអ្នកដឹកឈើដែលបណ្តាលឲ្យរងរបួសធ្ងន់កាលពីចុងសប្តាហ៍មុន។
កាលពីថ្ងៃទី២៥ មីនា ម៉ោងប្រមាណជា៦ល្ងាច នៅឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មានហេតុការផ្ទុះអាវុធបាញ់រះចំនួន៥គ្រាប់ពីទាហានស័ក្កិមួយម្នាក់ទៅលើរថយន្តអ្នកដឹកឈើមួយគ្រឿង ដែលបណ្តាយឲ្យអ្នកដឹកឈើត្រូវរបួសចំកពីមុខធ្លាយទៅខាងក្រោយ របួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យ។
ស្នងការនគរបាលខេត្តព្រះវិហារលោកយិន ចំណាន បានឲ្យវីអូឌីដឹងនៅថ្ងៃនេះថារហូតមកដល់ពេលនេះសមត្ថកិច្ចមិនទាន់ចាប់ខ្លួនទាហានស័ក្កិមួយ នៃផ្នែកស៊ើបការយោធា លោក ផុម គីម បាននៅឡើយទេ ដោយកំពុងសហការជាមួយកងរាជអាវុធហត្ថ និងយោធាស្រាវជ្រាវតាមចាប់បន្តទៀត។ លោកបន្ថែមថា បច្ចុប្បន្នស្ថានភាពជនរងគ្រោះបានធូរខ្លះហើយ។
លោកថា៖ « បើសិនជាដឹងច្បាស់ថាទៅណាយើងប្រហែលជាចាប់បានហើយ។ គាត់គេចខ្លួនរបៀបថាអត់នៅក្នុងភូមិស្រុក អាចចូលព្រៃចូលអីអញ្ចឹង។ យើងបានទំនាក់ទំនងទៅខេត្តដែលនៅជិតខាងយើងហើយ(ដើម្បីតាមចាប់) » ។
ទោះជាយ៉ាងណាលោកមិនទាន់អាចបញ្ចាក់ពីមូលហេតុដែលបណ្តាលឲ្យមានការផ្ទុះអាវុធនោះនៅឡើយទេ។
មន្ត្រីសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តព្រះវិហារលោក ឡោ ចាន់ មានប្រសាសន៍ថាការប្រើប្រាស់អាវុធបាញ់ប្រហារដោយមន្ត្រីសមត្ថកិច្ចនេះជាការរំលោភសិទ្ធិមនុស្សដែលធ្ងន់ធ្ងរបំផុត ដែលចាំបាច់ត្រូវមានវិធានការឲ្យបានច្បាស់លាស់ ដើម្បីការពារឲ្យកុំមានករណីបែបនេះកើតឡើងបន្តទៀត។
លោកថា៖ « ទោះបីជាគាត់អ្នករកស៊ីឈើ អ្នកដឹកឈើ ឬមួយគាត់ជាអ្នកប្រព្រឹត្តិខុសច្បាប់ក៏ពិតមែនតែច្បាប់កម្ពុជាយើងមាន ដូច្នេះហើយ គួរណាតែចាត់វិធានការទៅតាមផ្លូវច្បាប់។ មិនគួរណាបាញ់ប្រហារគាត់ទេព្រោះគាត់គឺជាមនុស្សជិវិតមនុស្ស ចឹងហើយមិនអាចដូចជិវិតសត្វនោះឡើយ » ។
បើតាមសារព័ត៌មានភ្នំពេញប៉ុស្តិ បានឲ្យដឹងថា មូលហេតុបណ្តាលមកពីទាហានស័ក្កិមួយរូបនោះតាមឃាត់រថយន្តដែលបានដឹកឈើនោះហើយអ្នកបើកមិនព្រមឈប់តាមទើបមានការបាញ់ប្រហារនេះកើតឡើង៕