មកទល់ពេលនេះ នៅតែមានការរន្ធត់ចិត្តជុំវិញមរណភាពរបស់លោក ម៉ៅ សាមឿន ហៅនាយវីតាមីនសេ ដែលបានទទួលមរណភាពកាលពីម៉ោង១២ និង១៥នាទី យប់រំលងអាធា្រតុចូលថ្ងៃទី៣០ មីនា ដោយម្នាក់ៗអះអាងថាលោកទទួលមរណភាពលឿនមិនគួរអោយជឿ ខណៈដែលកាលពីខែមុនលោកនៅរឹងមាំ និងនៅឡើងចុះទៅព្យាបាលនៅប្រទេសថៃបាននៅឡើយ។ អ្វីដែលកាន់តែរន្ធត់ចិត្តទៀតនោះ គឺសម្ដី៣ម៉ាត់ដែលលោកបានផ្ដាំមុនផុតដង្ហើមដល់អ្នកនាងប៉េងប៉ោង និងគ្រួសារ។
អ្នកនាង មឿន និមល ហៅ ប៉េងប៉ោង បានថ្លែងបញ្ជាក់ថា មុនពេលធ្វើទុក្ខដល់ថ្នាក់និយាយលែងបាន លោកវីតាមីនសេ បាននិយាយប្រាប់កូនចៅថា «ព្រះអង្គអ្ហើយខ្ញុំមិនទាន់ចង់ស្លាប់ទេ ខ្ញុំចង់នៅរស់តទៅទៀត ខ្ញុំចង់នៅមើលថែកូនចៅខ្ញុំបន្តទៀតទៀត សូមកុំអោយខ្ញុំស្លាប់អី» ដោយពាក្យសម្ដីប៉ុន្មានម៉ាត់របស់លោកនៅតែធ្វើអោយកូនចៅ និងភរិយារបស់លោកក្ដុកក្ដួល និងបង្ហូរទឹកភ្នែកមកទល់ពេលនេះ ជាពិសេសនៅពេលតែងតែជឿកូនចៅថាជំងឺរបស់លោកគឺជាគ្រាន់តែជាជំងឺដុំសាច់ដែលធ្វើទុក្ខមួយខ្យល់ក្នុងពេលប្រើថ្នាំបង្រួម ហើយបន្ទាប់ពីនោះនឹងជា។
អ្នកនាងបន្តថា លោកឪពុកខ្លួនមិនបានដឹងថាជំងឺដែលបានកើតឡើងជាមហារីកថ្លើមដល់ដំណាក់កាលចុងក្រោយទេ គឺដឹងថាត្រឹមជាដុំសាច់ និងជាជំងឺដែលព្យាបាលជាប៉ុណ្ណោះ ដើម្បីកុំអោយលោកកាន់តែបាក់ទឹកចិត្ត ប៉ុន្តែចុងក្រោយលោកនៅតែភ័យ និងបាក់ទឹកចិត្តក្នុងពេលថ្នាំបង្រួមដុំសាច់ធ្វើទុក្ខបណ្ដាលអោយលោកធ្លាក់ដល់សភាពទ្រុឌទ្រមដដែល។ អ្នកនាងថា ពេលលោកវីតាមីនសេ ធ្លាក់ដល់ដំណាក់កាលធ្ងន់ លោកកាន់តែស្រែកថាចង់រស់ និងសុំកុំអោយយមរាជមកផ្ដាច់យកជីវិតរបស់លោក។
យ៉ាងណាមិញ លោកនៅតែបានផ្ដែផ្ដាំពាក្យសម្ដីប៉ុន្មានម៉ាត់ចុងក្រោយ ដល់អ្នកនាងប៉េងប៉ោង និងកូនចៅ ដែលហាក់ដូចជាបានដឹងជាមុនថាខ្លួនត្រូវបាត់បង់ជីវិតក្នុងពេលដ៏ខ្លីដដែល។ ជាក់ស្ដែងលោកបានផ្ដែផ្ដាំដល់អ្នកនាងប៉េងប៉ោង៣ម៉ាត់ថា សុំកុំអោយអ្នកនាងបោះបង់ប្អូនៗ សុំកុំអោយអ្នកនាងបោះបង់សិល្បៈ និងសុំកុំអោយអ្នកនាងបែកបាក់ប្ដីប្រពន្ធ បើទោះជាអ្នកនាង និងស្វាមីមិនមានកូនទុកជាចំណងដៃ។
អ្នកនាងប៉េងប៉ោង និយាយថាសម្ដីបីម៉ាត់របស់លោកវីតាមីនសេ គឺលោកផ្ដោតជាងគេខ្លាចអ្នកនាង និងស្វាមីមានរឿងចម្រូងចម្រាស់បែកបាក់គ្នា ដោយសារតែអ្នកនាង និងស្វាមីរៀបការយូរឆ្នាំមកហើយ នៅតែមិនទាន់មានកូន ហើយអ្នកនាងក៏មានសុខភាពទន់ខ្សោយផងដែរ ដោយឧស្សាហ៍ឈឺមិនខុសពីគ្នានាពេលកន្លងមក។
អ្នកនាងថារន្ធត់ចិត្តណាស់ នៅពេលដែលឪពុកតែងតែបារម្ភចំពោះអ្នកនាង ដោយនៅតែបន្តនិយាយមិនឈប់ថាថ្ងៃក្រោយអ្នកនាងពឹងអី បើអត់កូនអត់ចៅបែបហ្នឹង អ៊ីចឹងហើយទើបលោកមិនត្រឹមតែផ្ដាំអ្នកនាងអោយចេះអត់ធ្មត់ប៉ុណ្ណោះទេ តែក៏បានផ្ដាំដល់ស្វាមីរបស់អ្នកនាងគឺលោក ឱម ពីណែល កុំអោយបោះបង់អ្នកនាងផងដែរ។
អ្នកនាងប៉េងប៉ោង បន្តថាសម្ដី៣ម៉ាត់ដែលលោកវីតាមីនសេ បារម្ភមុនទទួលមរណភាពគឺ ខ្លាចអ្នកនាងបាក់ទឹកចិត្តលែងប្រឡូកសិល្បៈ ខ្លាចអ្នកនាងបោះបង់ប្អូនៗពេលមានប្អូនណាម្នាក់ធ្វើខុស និងខ្លាចអ្នកនាង និងស្វាមី មានរឿងបែកគ្នាព្រោះតែរឿងអត់កូន ដូច្នេះហើយទើបអ្នកនាងនៅតែស្រក់ទឹកភ្នែក នៅពេលដឹងថាលោកឪពុកទទួលមរណភាពទាំងមិនទាន់អស់ចិត្ត ព្រោះតែលោកចង់នៅថែទាំកូនចៅអោយចប់ចុងចប់ដើមជាងនេះ។
អ្នកនាងថាខ្លួនបានសន្យារថាមិនអោយបំណង៣ចុងក្រោយរបស់ឪពុកខកបំណងនោះទេ ដោយអ្នកនាងបានសន្យារថាទោះជាមានរឿងអ្វីកើតឡើងក៏ដោយ ក៏អ្នកនាងនឹងដើរតួជំនួសលោកឪពុកមើលថែប្អូនៗអោយបានល្អ ទោះមានរឿងអ្វីកើតឡើងក៏ដោយក៏អ្នកនាងនៅតែបន្តសិល្បៈដរាបណាមានការគាំទ្រ ហើយអ្នកនាងក៏ប្រកាសថានឹងមិនអោយមានរឿងបែកបាក់ស្វាមីដែលជាក្ដីបារម្ភដ៏ធំរបស់លោកវីតាមីនសេមុនទទួលមរណភាពផងដែរ។
មកទល់ពេលនេះពិធីបុណ្យសពរបស់លោកនាយវីតាមីសេ ត្រូវបានធ្វើឡើងនៅគេហដ្ឋានផ្ទាល់ខ្លួនស្ថិតនៅលើផ្លូវ៥៩៨ ម្ដុំត្រឡោកបែកភ្នំពេញថ្មី ដោយគម្រោងតម្កល់រហូតដល់ថ្ងៃអាទិត្យទី១ មេសា វេលាម៉ោង៣រសៀលទើបហែរទៅវត្តមកុដបុរី ហៅវត្តតាំងក្រសាំងខាងក្រោយវត្តទឹកថ្លា ដើម្បីបូជានៅវេលាម៉ោង៨យប់៕