ក្រសួងសុខាភិបាលអំពាវនាវឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះការពុលចំណីអាហារ និងការចម្លងមេរោគក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ដោយស្នើឲ្យមានការរៀបចំម្ហូបអាហារ លាងសំអាត និងទុកដាក់អាហារឲ្យបានត្រឹមត្រូវ។
ក្នុងលិខិតមួយច្បាប់ចុះថ្ងៃទី៤ មេសា នេះនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាលលើកឡើងថា ការធ្វេសប្រហែលក្នុងការទទួលទានចំណីអាហារភាគច្រើនមានរោគសញ្ញាដូចជា ក្អួតចង្អោរ រាក រាកមួលជាដើម ដែលអាចបណ្តាលឲ្យឈឺ និងអាចមានគ្រោះថ្នាក់ដល់អាយុជិវិតផងដែរ។
ដើម្បីជៀសវាងគ្រោះថ្នាក់ទាំងនេះក្រសួងបានណែនាំដល់សាធារណជនឲ្យអនុវត្តន៍វិធានការអនាម័យដែលមានដូចជាការប្រើប្រាស់ទឹក និងម្ហូបអាហារស្អាត ចំអិនអាហារឲ្យបានឆ្អិនល្អ ទុកដាក់ឲ្យដាច់ដោយឡែកពីគ្នា មិនត្រូវរក្សាទុកអាហារច្រើនថ្ងៃនោះទេ ជាពិសេសហាមដាច់ខាតអាហារហួសការកំណត់ ត្រូវលាងដៃនឹងសាប៊ូទាំងមុន និងក្រោយពេលរៀបចំម្ហូបអាហារ និងចូលបង្គន់។
អ្នកនាំពាក្យក្រសួងសុខាភិបាលលោកវេជ្ជបណ្ឌិត លី សូវ៉ាន់ មានប្រសាសន៍ថា ការចេញសេចក្តីណែនាំនេះ គឺដើម្បីក្រើនរំលឹកដល់ប្រជាពលរដ្ឋពីការរក្សាអនាម័យក្នុងឱកាសនៃពីធីបុណ្យនេះ។ លោកថាជាទូទៅនៅពេលមានពិធីបុណ្យធំៗម្តងៗមិនថាចូលឆ្នាំខ្មែរ រៀបអាពាហ៍ពិពាហ៍ ឬបុណ្យទានទេ ករណីពុលអាហារនេះកើតឡើងជាញឹកញាប់ដែលពលរដ្ឋត្រូវមានការប្រុងប្រយ័ត្ន។
លោកថា៖ « ពីព្រោះយើងពិនិត្យឃើញហើយនៅពេលមានពិធីបុណ្យផ្សេងៗ ប្រជាជនយើងយកបាយសម្លរ នានាហ្នឹងយកទៅប្រគេនព្រះសង្ឃ ហើយនៅពេលដែលព្រះអង្គឆាន់ ឬបរិភោគមិនអស់ហ្នឹងគាត់តែងយកទៅទុក។ ហើយនៅពេលទុកហ្នឹងគាត់តែរក្សាសីតុណ្ហភាពមិនបានសមស្របអញ្ចឹងហើយបានជានាយកដ្ឋានសង្កត់ធ្ងន់ពីការរក្សាចំណីអាហារឲ្យបានសមស្របហ្នឹងបាទ។ ក្រៅពីនោះគឺអនាម័យអ្នកដែលរៀបចំអាហារដែលកាន់ហ្នឹងត្រូវតែលាងដៃឲ្យស្អាតមុននឹងលើកយកអាហារមកបរិភោគ » ។
ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មលោក ស ម៉ូរ៉ា គាំទ្រចំពោះសេចក្តីណែនាំក្រើនរំលឹករបស់រដ្ឋាភិបាលនេះ តែលោកថារដ្ឋាភិបាលគួរតែមានវិធានការពិនិត្យទៅលើផលិតផលដែលបាននាំចូលឲ្យបានខ្ពស់ព្រោះខណៈបុណ្យចូលឆ្នាំនឹងចូលមកដល់នេះ តម្រូវការទៅលើបន្លែផ្លែឈើ និងសាច់ក៏តម្រូវឲ្យមានការកើនឡើងផងដែរ។
លោកថា៖ « អាហារទំនិញអីហ្នឹងគឺយើងនាំចូលមកទេ! គឺនាំចូលមកពីវៀតណាម និងថៃ។ បើនៅក្នុងរាជធានីភ្នំពេញរបស់យើងហ្នឹងគឺមួយថ្ងៃៗដឹកចូលមករាប់តោន ដឹកពីវៀតណាមមក។ ទាល់តែមានការគ្រប់គ្រងហើយ ហើយការនាំចូលក្នុងអំឡុងពេលនេះហ្នឹងប្រាកដជាមានការកើនឡើងច្រើន។ ចឹងវាទាមទារឲ្យមានការគ្រប់គ្រងរឹតបន្តឹងពីរដ្ឋាភិបាលហ្នឹងឲ្យខ្លាំងក្លាថែមទៀត មិនចឹងទេវាអាចហូរចូលនូវទំនិញបន្លែផ្លែឈើអីដែលខូចគុណភាពដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពយើង » ។
របាយការណ៍ក្រសួងសុខាភិបាល ឲ្យដឹងថា ករណីពុលចំណីអាហារក្នុងឆ្នាំ២០១៧ កើតមានលើមនុស្ស៩៤៧នាក់ ក្នុងនោះមានមនុស្ស៤នាក់ បានស្លាប់ដោយសារពុលស្រា ដែលចំនួននេះ បានធ្លាក់ចុះជិត២០ភាគរយ បើធៀបទៅនិងឆ្នាំ២០១៦៕