ចាប់​ខ្លួន​ជន​ជាតិចិន​ជិត​២០០​នាក់​ជាប់​សង្ស័យ​ជំរិត​ទារ​ប្រាក់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត

រូបភាពពីគេហទំព័រស្នងការ​នគរបាល​រាជ​ធានី​ភ្នំពេញ

ជនជាតិ​ចិន​ដល់​ទៅ​ជាង ២០០​​នាក់ ត្រូវ​បាន​សមត្ថកិច្ច​កម្ពុជា​ចាប់​ខ្លួន​កាល​ពី​ថ្ងៃម្សិល​មិញ​នេះ ជាប់​សង្ស័យ​ថា បាន​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ទូរគមនាគមន៍។ នេះ​បើ​ការ​ចុះ​ផ្សាយ​របស់​គេហ​ទំព័រ​នគរបាល​ជាតិ

ជនជាតិ​ចិន​ដល់​ទៅ​ជាង ២០០​​នាក់ ត្រូវ​បាន​សមត្ថកិច្ច​កម្ពុជា​ចាប់​ខ្លួន​កាល​ពី​ថ្ងៃម្សិល​មិញ​នេះ ជាប់​សង្ស័យ​ថា បាន​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ទូរគមនាគមន៍។ នេះ​បើ​ការ​ចុះ​ផ្សាយ​របស់​គេហ​ទំព័រ​នគរបាល​ជាតិ។

នាយការិយាល័យ​ស៊ើប​អង្កេត និង​អនុវត្ត​នីតិវិធី នៃ​ស្នងការ​នគរបាល​រាជ​ធានី​ភ្នំពេញ លោក​វរសេនីយ៍​ឯក ជា ចិត្រា ត្រូវ​បាន​ដក​ស្រង់​សម្ដីដោយ​គេហ​ទំព័រ​នគរបាល​ជាតិ ដែល​បាន​ប្រាប់​ថា ជន​ជាតិ​ចិន​ចំនួន ១៨៧​នាក់ ត្រូវ​បាន​នគរបាល​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​២២ ខែ​មេសា នៅ​រាជ​ធានី​ភ្នំពេញ ដោយ​ជាប់​សង្ស័យ​ជំរិត​ទារ​ប្រាក់​តាម​ប្រព័ន្ធ​អ៊ីនធើណិត។

មន្ត្រី​នគរបាល​រូប​នេះ បាន​ឲ្យ​ដឹង​បន្ថែម​ថា ជនជាតិ​ចិន​ចំនួន ៧១នាក់​ ត្រូ​វបាន​ចាប់​ខ្លួនក្នុងខណ្ឌ​ទួល​គោក ខណៈ​ដែល​ជន​ជាតិចិន ១១៦​នាក់​ទៀត ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​នៅ​ក្នុង​ខណ្ឌ​សែនសុខ ក្នុង​នោះ​ជន​ជាតិ​ចិនដល់​ទៅ ១២១​នាក់ ត្រូវ​បាន​សមត្ថកិច្ច​កម្ពុជា​រក​ឃើញ​ថា គ្មាន​លិខិត​ឆ្លង​ដែន​នោះ​ឡើយ។

អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​ លោក ខៀវ សុភ័គ មិន​ធ្វើ​អត្ថាធិប្បាយ​ទេ ​នៅ​ពេល​ទាក់ទងតាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ។

ចំណែកលោក​ កែម សារិន អ្នកនាំពាក្យអគ្គនាយកដ្ឋាន​អន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ​​ មានប្រសាសន៍ថា លោកពុំទាន់បានទទួលព័ត៌មានទាក់ទងនឹងករណីនេះនៅឡើយទេ។

កាលពីខែកញ្ញា ឆ្នាំ២០១៧ ជនជាតិចិនចំនួន៥០នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ដោយត្រូវបានសង្ស័យថា បានប្រព្រឹត្តឧក្រិដ្ឋកម្ម​ជំរិត​​ទារ​ប្រាក់​តាម​អ៊ីនធើណិត​នៅកម្ពុជា​។

លើសពីនេះទៅទៀត កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧ ជនជាតិចិនចំនួន ៦១នាក់ទៀត ត្រូវបានឃាត់ខ្លួន និងបណ្ដេញចេញពីកម្ពុជា ដោយសារពាក់ព័ន្ធនឹងករណីឆរបោក គំរាមកំហែង និង​ជម្រិតទារប្រាក់តាមអ៊ីនធើណែតផងដែរ៕

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។